ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានមកធ្វើជាកូនជាងម៉ាស៊ីនត្រជាក់ បាន៧ថ្ងៃ បែកគំនិតលួចម៉ូតូរបស់មេជាង ទៅបាត់ ជិត១អាទិត្យ តែក្រោយមកបានទាក់ទងឆាតជាមួយប្អូនស្រីម្ចាស់ម៉ូតូ ទើបម្ចាស់ម៉ូតូប្រាប់ឱ្យប្អូនស្រីប្រើល្បិចអន្ទងហៅណាត់ជួបនៅម្តុំអ៊ីអន២ រួចប្តឹងសមត្ថកិច្ចចាប់វាយខ្នោះទាំងយប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅម្តុំអ៊ីអន២ ខណ្ឌសែនសុខ។
សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ម៉ូតូ មានឈ្មោះ ហេន សេងហុង អាយុ២៥ មុខរជាមេជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យ មានឈ្មោះស៊ឹម ជាម៉េង អាយុ១៩ឆ្នាំ មុខរបរជាកូនជាងម៉ាស៊ីនត្រជាក់ ទើបតែមកធ្វើការជាមួយបាន ៧ថ្ងៃ និងមានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ឡើងស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IL-1566។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ខណៈដែលខ្លួនទុកកូនសោនៅលើតុ ក្នុងផ្ទះជួល ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជនសង្ស័យដែល ត្រូវជាកូនជាងរបស់ខ្លួន ឃើញឱកាសល្អ ក៏ប្រមូលយកខោអាវ រួចយកសោម៉ូតូ ជិះរត់គេចខ្លួនទៅបាត់ស្រមោលតែម្តង សូម្បីទាក់ទងតាមទូរស័ព្ទ ក៏មិនចូលដែរ។
បន្ទាប់មកជនរងគ្រោះជាម្ចាស់ម៉ូតូ បានទៅដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ៣ភ្លាមៗ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកជនសង្ស័យ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចសង្កាត់ចោមចៅ៣ បានស្រាវជ្រាវជាបន្តបន្ទាប់ រហូតបានដំណឹងថា ជនសង្ស័យមានទំនាក់ទំនងគ្នាជាមួយប្អូនស្រីរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏រៀបចំផែន ការឱ្យប្អូនស្រី ទាក់ទងតាមទូរស័ព្ទ លួងលោមអន្ទងហៅជនសង្ស័យរូបនោះ ដោយណាត់មកជួបនៅត្រង់ចំណុចម្តុំអ៊ីអន២ នៅវេលាម៉ោងកើតហេតុខាងលើ រួចប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមទាំងម៉ូតូ មកប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយម៉ូតូទៅស៊ីគ្រឿង និងចាយវាយអស់ហើយ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍សង្កាត់ចោមចៅ៣ ប្រគល់ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការខណ្ឌនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់ដើមវិញ តាមការស្នើសុំ៕