Thursday, March 13, 2025
Homeសេដ្ឋកិច្ចជាតិរដ្ឋមន្ត្រីបរិស្ថាន ខកចិត្តមន្ត្រីជំនាញធ្វើការយឺត រឿងរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង

រដ្ឋមន្ត្រីបរិស្ថាន ខកចិត្តមន្ត្រីជំនាញធ្វើការយឺត រឿងរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង

ភ្នំពេញ ៖ លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការខកចិត្ត ក្រោយរកឃើញថា ក្រុម ហ៊ុនមួយបង្ហូរសំណល់រាវកខ្វក់ចូលប្រភពទឹក ហើយក្រុមការងារក្រសួង បានយកសំណាកទឹក មកវិភាគនៅក្រសួង ប៉ុន្តែមន្ត្រីជំនាញ បែរជាធ្វើការងារយឺត ជិត១សប្តាហ៍ ទើបចេញលទ្ធផល ស្របពេលដែលរោងចក្រដែលបំពុលទឹកនោះ កែប្រែស្ថានការណ៍ទាន់ពេល បំបាត់ភ័ស្តុតាងនៅទីតាំងជាក់ស្តែង។

លោកអ៊ាង សុផល្លែត លើកឡើងបែបនេះ ក្នុងពេលបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគម្រោងស្តីពីសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីបរិស្ថាន ប្រាប់មន្ត្រីក្រសួងបរិស្ថាន ត្រូវដឹងខ្លួនថា ខ្លួនមានតួនាទីធ្វើការដើម្បីបម្រើ ការពារសុខ ភាពពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា មិនមែនធ្វើការដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន រហូតបណ្តាលឱ្យពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

លោកអ៊ាង សុផល្លែត បានថ្លែងថា “កាលពី២សប្តាហ៍មុន ចាប់បានរោងចក្រមួយដែលបំពុលទឹក អ្វីដែលជាការខកចិត្តរបស់ខ្ញុំ គឺចាប់បានហើយ ប៉ុន្តែឡាបូធ្វើតេស្តទឹកហ្នឹង ចង់១អាទិត្យមិនទាន់ចេញ (លទ្ធផលនៃការបំពុល) មិនដឹងហេតុអ្វី? ទម្រាំចេញលទ្ធផលមក ទឹកហ្នឹងស្អាតអស់ហើយ ថ្លាអស់ហើយ មិនបាច់ទៅចាប់គេទេ។ មើលឡើងវិញៗ អ្នកឯងធ្វើការគឺបម្រើប្រជាជន ១៧លាននាក់ មិនមែនអ្នកឯងធ្វើការដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងនោះទេ គិតសាដើមឡើងវិញជាបន្ទាន់! បើបងប្អូនយើងប្រើទឹកហ្នឹងទៅ ពុលគាត់ ឈឺគាត់ អាយុជីវិតគាត់ លោកឯងអង្គុយធ្វើការនៅក្នុងការិយាល័យ លោកឯងមិនដឹងទេ ប៉ុន្តែឪពុកម្តាយគេ ទឹកភ្នែកប៉ុនណា ឈឺចាប់ប៉ុនណា?…”។

ក្រោយចប់ពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតមកទល់បច្ចុប្បន្ននេះ ក្រសួងរកឃើញថា ក្រុមហ៊ុនជាង១០០ បានបំពុលបរិស្ថាន ដោយក្នុងនោះក្រសួង បានណែនាំឱ្យរៀបចំអាងប្រព្រឹត្តិកម្ម សម្រាប់ក្រុមហ៊ុនដែលបំពុលតិចតួច និងពិន័យ ក្រុមហ៊ុន និងឈានដល់បិទទ្វារក្រុមហ៊ុនដែលបំពុលធ្ងន់ រហូតដល់បណ្តាលឱ្យជីវៈចម្រុះងាប់ និងប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ចាត់ទុកថា នៅក្នុងនីតិកាលទី៧ ក្រសួងបរិស្ថាន ចាត់វិធានការលើក្រុមហ៊ុនដែលបំពុលទឹក បានទាន់ពេលវេលាល្អ។

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ  រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានមិនឱ្យមន្ត្រីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យកតួនាទីការងារនេះ ទៅយកលុយពីក្រុមហ៊ុននានាឡើយ។ លោកក៏អះអាងថា ក្នុងឆ្នាំទី១ នៃនីតិ កាលទី៧ នៃរដ្ឋសភា លោកព្រមានបណ្តេញមន្ត្រីដែល ប្រព្រឹត្តកំហុស ចំនួន៥ដង ចេញពីក្របខ័ណ្ឌក្រសួង ប៉ុន្តែចូលដល់ឆ្នាំទី២ លោកនឹងបណ្តេញចេញរាល់មន្ត្រីណាដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់លើសពី៣ដង ចេញពីក្របខ័ណ្ឌក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត ក៏បានក្រើនរំលឹកមន្ត្រីនៃក្រសួងបរិស្ថានថា “កុំដើម្បីតែលុយបន្តិចបន្តួច បានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួន ដែលលួចបង្ហូរកាកសំណំល់រាវចូលក្នុងប្រភពទឹក បំពុលទឹក បំពុលបរិស្ថាន សុខចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ ពីការបំពុលប្រភពទឹក រហូតប៉ះពាល់ដល់អាយុជីវិត…”៕

RELATED ARTICLES