ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ មានសតិមិនប្រក្រតី បានមានផ្ទៃពោះ និងដេកនៅតែម្នាក់ឯង ក្នុងអគារចាស់ ១ កន្លែង លុះក្រោយមកបានសម្រាលកូនដោយខ្លួនឯង និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ប្រាប់អាជ្ញាធរ ចុះជួយអន្តរាគមន៍ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីស្ត្រីសម្រាលកូនដោយខ្លួនឯងនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចអគារចាស់ទុកចោល មួយកន្លែង ជិតស្ពានអាងក្រពើ ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីខាងលើនេះ គឺជាជនមានស្មារតីវិបល្លាស (មានសតិមិនប្រក្រតី) បានដើរចេញពីផ្ទះ ដោយគ្មានគោលដៅ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប រយៈពេលជាង ១០ឆ្នាំមកហើយ ដោ យកន្លងមកធ្លាប់មានសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ ជាច្រើនលើកដែរ តែគាត់នៅតែលួចដើរចេញពីផ្ទះ ដោ យគ្មានគោលដៅ។ ដោយឡែក ចំពោះការសម្រាលកូនលើកនេះ គឺជាលើកទី៤ហើយ ដោយកូនទី១ ក្រោមការជួយសម្របសម្រួលពីក្រុមការងារចម្រុះ ត្រូវបានសាច់ញាតិទទួលយកទារកទៅចិញ្ចឹម ចំណែកកូន ទី២និងទី៣ ក៏ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះ និងបានបញ្ជូនទារកឱ្យទៅរស់នៅក្នុងមណ្ឌលមេត្តាករុណា ដើម្បីមើលថែទាំ។ ស្រាប់តែនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ស្ត្រីខាងលើ បានសម្រាលកូនទី៤ ម្នាក់ទៀត ពោលគឺបានសម្រាលដោយខ្លួនឯងតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាមនុស្សវិបល្លាសស្មារតី បានសម្រាលកូនដោយខ្លួនឯង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញ ចុះពិនិត្យជាក់ស្តែង និងបានជួយសង្គ្រោះ នាំយកស្ត្រីខាងលើទៅពិនិត្យនិងតាមដានសុខភាពនៅមន្ទីរបង្អែកខេត្ត។ ចំណែកទារក បញ្ជូនទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យកុមារអង្គរ និងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមើលថែទាំទារក។

ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជាម្តាយខាងលើ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅរកសេវាថែទាំ និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលថែទាំនិងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ខេត្តកណ្តាល រយៈពេលវែង។ ចំណែកទារក ត្រូវបានមន្ទីរសង្គមកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើកំណត់ហេតុទុកដាក់កុមារខាងលើបណ្តោះអាសន្ន នៅអង្គការមេត្តាករុណា រង់ចាំម្តាយបានជាសះស្បើយ មកទទួលកូនទៅរស់នៅជាមួយវិញ។

សូមជម្រាបថា ការរៀបចំនាំយកទារកឱ្យទៅរស់នៅជាមួយសាច់ញាតិ និងមណ្ឌលមេត្តាករុណា គឺដើម្បីរក្សាសុវត្ថិភាពជូនទារក ដោយសារស្ត្រីរូបនេះ មានស្មារតីវិបល្លាស មិនអាចថែទាំទារកបាន ហើយមានពេលខ្លះ គាត់មានអារម្មណ៍ខឹងសម្បា តែងតែបោកប្រាស់វត្ថុផ្សេងៗ រួមទាំងកូនដែលនៅក្នុងដៃរបស់ខ្លួន ៕

