Friday, March 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមហ៊ុនកាស៊ីណូ ព្រមបើកប្រាក់ខែ៥០ភាគរយ ឱ្យបុគ្គលិក

ក្រុមហ៊ុនកាស៊ីណូ ព្រមបើកប្រាក់ខែ៥០ភាគរយ ឱ្យបុគ្គលិក

ខេត្តព្រះសីហនុ ៖ បុគ្គលិកប្រុសស្រី ជាង៦០នាក់ បានទាមទារបើកប្រាក់ខែពីកាស៊ីណូអន្តរជាតិ ស៊ីងហាវ ដែលបានផ្អាកដំណើរការ ហើយបានពន្យារពេលបើកលុយជាច្រើនលើកច្រើនសា លុះពេលបុគ្គលិកហៅអ្នកសារ ព័ត៌មានមកសម្ភាសន៍ និងប្តឹងទៅមន្ទីរការងារ ទើបមានដំណោះស្រាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។

តំណាងបុគ្គលិកកាស៊ីណូអន្តរជាតិ ស៊ីងហាវ ម្នាក់ បានបញ្ជាក់នៅមុខកាស៊ីណូអន្តរជាតិ ស៊ីងហាវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០ កែងផ្លូវ៧មករា សង្កាត់លេខ៤ ក្រុងព្រះសីហនុ ថា ក្រោយពួកគាត់បានផ្តល់ព័ត៌ មានជូនអ្នកសារព័ត៌មាន ចុះមកសម្ភាសន៍ និងបន្ទាប់ពីប្តឹងទៅមន្ទីរការងារខេត្តព្រះសីហនុ ទើបខាងក្រុមហ៊ុនកាស៊ីណូអន្តរជាតិ ស៊ីងហាវ បានដោះស្រាយជូនពួគគាត់ ដោយបានបើកប្រាក់ខែឱ្យពួកគាត់ ៥០ភាគរយ។

ជុំវិញបញ្ហាខាងលើនេះ ក្រោយមានការផ្សព្វផ្សាយ និងបណ្តឹង លោកយ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្ត បានចាត់ឱ្យមន្ត្រីចុះមកសួរនាំ និងសម្របសម្រួលជូនបុគ្គលិកកាស៊ីណូខាងលើ។

យោងតាមរបាយការណ៍មន្ទីរការងារខេត្តព្រះសីហនុ បានឱ្យដឹងថា កម្មករនិយោជិត សរុប២០០នាក់ (ស្រី១៥០នាក់) មានបរទេស១៨នាក់ (ស្រី៤នាក់)។ ក្រុមអធិការកិច្ចការងារ បានចុះដល់ទីតាំងកាស៊ីណូភ្លាមៗ ក្រោយទទួលបានរឿងនេះ ក្រោយពីមានការសម្រុះសម្រួលពីក្រុម អធិការកិច្ចការងារ ជាលទ្ធផល គូភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុន បានសះជា និងឯកភាពគ្នាដូចខាងក្រោម ៖

-ភាគីតំណាងក្រុមហ៊ុន លោក Lin Quan បានឯកភាពបើកប្រាក់ឈ្នួលផ្នែកហ្គេម ផ្នែករៀបបៀ និងផ្នែកគិតលុយ ចំនួន៥០ភាគរយ ស្មើនឹង ២០ ១៣១,៥៩ដុល្លារ ជូនកម្មករនិយោជិតដែលពាក់ព័ន្ធ សរុប៨៦នាក់ (ស្រី៦៨នាក់)។

-ចំពោះប្រាក់ឈ្នួលដែលមិនទាន់បើក ចំនួន៥០ភាគរយទៀត ក្រុមហ៊ុននឹងបើកជូននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៦ព្រលប់ នៅក្រុមហ៊ុនផ្ទាល់។

ដោយឡែកកម្មករនិយោជិតផ្នែកផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការតវ៉ា បានឯកភាពគ្នាបើកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ៕

RELATED ARTICLES