Friday, March 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ល្បែ.../ងយកលុយ ប៉ូលិសរកមុខអ្នកចោទ

ចាប់ល្បែ…/ងយកលុយ ប៉ូលិសរកមុខអ្នកចោទ

ខេត្តបាត់ដំបង ៖ ក្រោយពីមានបុរសម្នាក់ បានបង្ហោះវីដេអូតាមបណ្តាញសង្គម រិះគន់និងចោទប្រកាន់ទៅលើសមត្ថកិច្ចស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានចុះបង្ក្រាបបទល្មើស ល្បែងស៊ីសង (ជល់មាន់) ដោយលើក ឡើងថា “ប៉ូលិសចាប់ល្បែងជល់មាន់ ចាប់យកម៉ូតូ ដើម្បីឱ្យគេទៅលោះយកលុយ” រួចមក សមត្ថកិច្ចជំនាញស្រុកបាណន់ បានចេញមកបដិសេធ និងច្រានចោលចំពោះការលើកឡើងខាងលើទាំងស្រុង ដោយបញ្ជាក់ថា ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីអស់ហើយ ពុំដូចការចោទប្រកាន់នោះទេ។  ជាមួយនេះ សមត្ថកិច្ចក៏កំពុងតាមរកមុខបុរសខាងលើ ដើម្បីមកសាកសួរបំភ្លឺផងដែរ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់អធិការដ្ឋាននគរបាលស្រុកបាណន់ បានបញ្ជាក់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា  កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ពិនិត្យឃើញគណនីហ្វេសប៊ុកឈ្មោះ «ស៊មអ្នកលេងចិត្តជា ស៊មអ្នកលេងចិត្តជា» ដែលបានបង្ហោះវីដេអូនិយាយថា “នគរបាលឱ្យគេលេងល្បែងភ្នាល់មាន់ជល់ចាប់ ដើម្បីយកម៉ូតូនិងលោះយកលុយ នៅស្រុកបាណន់…”។

អធិការដ្ឋាននគរបាលស្រុកបាណន់ សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះពាក្យសំដីដែលនិយាយប្រាសចាកនូវការពិត គ្មានមូលដ្ឋានត្រឹមត្រូវ បង្កឱ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម។

សូមជម្រាបសាធារណជន បានជ្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង៥០នាទី កម្លាំងនគរបាលស្រុកបាណន់ បានចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់) នៅចំណុចទួលធ្នង់ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងនាំខ្លួនបាន មនុស្ស ចំនួន៦នាក់ រួមនិងវត្ថុតាងមួយចំនួនផង និងបានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់រួចរាល់ហើយ ពុំមែនដូចអ្វីដែលម្ចាស់គណនីហ្វេសប៊ុកខាងលើលើកឡើងនោះឡើយ ។

សមត្ថកិច្ចស្នើឱ្យម្ចាស់គណនីខាងលើ កែតម្រូវឡើងវិញជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិត បង្កឱ្យមានការភាន់ច្រឡំពីមហាជនទូទៅ ហើយសមត្ថកិច្ចកំពុងស្វែងរកម្ចាស់គណនីខាងលើ ដើម្បីធ្វើការសាកសួរ និងបំភ្លឺចំពោះការចោទប្រកាន់នេះ។

សូមជម្រាបជូនថា គ្រប់បញ្ហាទាំងអស់ទាក់ទងនឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានស្រុក សមត្ថកិច្ចនគរបាលមិនព្រងើយកន្តើយ ឬមិនយកចិត្តទុកដាក់នោះឡើយ សមត្ថកិច្ចតែងតែទទួលយកនូវមតិយោបល់ ដើម្បីពិនិត្យនិងមានវិធានការទាន់ពេលវេលា៕

RELATED ARTICLES