ភ្នំពេញ ៖ នារីម្នាក់ បានជិះម៉ូតូដួល រួចជ្រុះទូរស័ព្ទដៃ ដោយមិនដឹងខ្លួន ក៏ត្រូវបានស្ត្រីជារើសអេតចាយម្នាក់ រើសបាន ស្រាប់តែមានសន្តិសុខម្នាក់ ដណ្តើមយកទៅបាត់ ដោយហុចលុយឱ្យស្ត្រីរើសអេតចាយ ចំនួន១៦០០០រៀល។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចកែងផ្ទះលក់ម្ជូរវត្តភ្នំ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីស្ត្រីរើសអេតចាយ បានសារភាពថា មុនពេលកើតហេតុ គាត់បានឃើញទូរស័ព្ទ ១គ្រឿង ប្រភេទ iPhone ជ្រុះនៅក្បែរម៉ូតូ ១គ្រឿង។ ភ្លាមៗនោះ មានសន្តិសុខម្នាក់ ដែលឈរយាមក្បែរនោះ បានបង្គាប់ឱ្យគាត់រើសទូរស័ព្ទនោះមក ដើម្បីលក់ចែកគ្នា ហើយគាត់ក៏ទៅ រើសទូរស័ព្ទនោះ ដើរទៅម្ខាងផ្លូវជាមួយសន្តិសុខ ស្រាប់តែត្រូវសន្តិសុខនោះដណ្តើមយកទូរស័ព្ទនោះ ហើយឱ្យលុយគាត់ចំនួន ១៦០០០រៀល ដើម្បីជាថ្នូរ រួចក៏គេចទៅបាត់។

បន្ទាប់ពីកើតហេតុ ស្ត្រីរើសអេយចាយខាងលើ ត្រូវគេបានគេចោទថាយកទូរស័ព្ទនោះ ពេលអ្នកព័ត៌មានទៅដល់ ទើបដឹងថា សន្តិសុខទៅវិញទេ ជាអ្នកផ្តើមគំនិត រួចគេចខ្លួនបាត់។

ដោយឡែក យោងតាមរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បានឈប់ម៉ូតូនៅមុខផ្ទះ ១កន្លែង ស្រាប់តែដួលម៉ូតូ បណ្តាលឱ្យទូរស័ព្ទស្មាតហ្វូនរបស់នាង ជ្រុះចេញពីឃ្លុបម៉ូតូ ដោយមិនដឹងខ្លួន។ ភ្លាមៗនោះ នាងបានលើកម៉ូតូឡើង រួចដើរចូលទៅក្នុងបាត់។ មួយសន្ទុះធំ ទើប ដឹងថាបាត់ទូរស័ព្ទ ក៏នាំគ្នាដើរស្វែងរក ស្រាប់តែមានគេប្រាប់ថា ទូរស័ព្ទនោះត្រូវបានស្ត្រីអ្នករើសអេតចាយម្នាក់ រើសបាន ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ទោះជាយ៉ាងណា ស្ត្រីរើសអេតចាយ បានសារភាពថា ខ្លួនពិតជាបានទទួលលុយ ១៦០០០រៀល ពីសន្តិសុខនោះមែន ខណៈសន្តិសុខដឹងខ្លួនមុន ក៏បានគេចចេញពីទីតាំងកើតហេតុ មុនពេលម្ចាស់ទូរស័ព្ទតាមរក។
ក្រោយពេលកើតហេតុ នារីរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ ដោយរង់ចាំសន្តិសុខខាងលើ យកទូស័ព្ទនោះមកប្រគល់ជូនខ្លួនវិញ មុនខ្លួនទៅដាក់ពាក្យបណ្តឹង៕