Monday, March 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរស្រី លួចលុយក្នុងផ្សារ ជិត៤ពាន់ដុល្លារ

ចោរស្រី លួចលុយក្នុងផ្សារ ជិត៤ពាន់ដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាអ្នលក់ដូរអនឡាញម្នាក់ បានដើរចូលផ្សារ បំណងរកទិញខោអាវ ស្រាប់តែទៅដល់ ឃើញមានជនបរទេសម្នាក់ កំពុងឈរទិញអីវ៉ាន់ ដោយដោះកាបូបដាក់លើធ្នើរ ក៏បែកគំនិតលួចយកប្រាក់ពីក្នុងកាបូបជន​រងគ្រោះ បានជិត៤ពាន់ដុល្លារ រួចគេចខ្លួនបាត់ លុះ១០ថ្ងៃក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចតូបលក់សម្លៀក បំពាក់១កន្លែង ក្នុងផ្សារទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចម្ការមន។ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យនាំយកមកសាកសួរ។

ជនរងគ្រោះ មានឈ្មោះ EYERUSALEM REGASS  អាយុ៤២ឆ្នាំ ជនជាតិអេត្យូពី (ETHIOPIAN) មុខរបរជាទីប្រឹក្សាអភិវឌ្ឍន៍ធុរកិច្ច និងវិស័យសំខាន់ (BUSINESS DEVE LOPMANT AND PRIME SEETOR ADVISOR) មានលំនៅ ប្រទេសអេព្យូពី។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអុល ច័ន្ទណារី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរអនឡាញ មានលំនៅ ផ្ទះលេខ៥៥អី៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 1HS-6294។

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នគរបាលនាយកដ្ឋានទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការនៅផ្សារទួលទំពូង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលលួចលុយក្នុងកាបូបជនបរទេសចំនួន ៣៧០០ដុល្លារ ខណៈជនរងគ្រោះកំពុងទិញសម្លៀកបំពាក់នៅក្នុងផ្សារ។

ប្រភពដដែល បន្តថា ក្រោយឃាត់ខ្លួន នគរបាលទេសចរណ៍ បាននាំជនសង្ស័យ មកចង្អុលកន្លែងដែលធ្វើ​សកម្មភាព ដោយមានសហការជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការផ្សារ និងបង្ហាញមុខឱ្យអាជីវករលក់ដូរបានឃើញផងដែរ។

ការឃាត់ខ្លួនជនសង្ស័យលួចលុយជនបរទេសនេះ បានធ្វើឡើងតាមបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ហើយដឹកនាំចាប់ដោយឧត្តមសេនីយ៍ត្រី កើត ចាន់និត អនុប្រធាន នាយកដ្ឋាន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះកើតឡើង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដោយមុនពេលកើតហេតុ ជនសង្ស័យបានដើរចូលទៅក្នុងផ្សារទួលទំពូង ក្នុងគោលបំណងទិញម្លៀកបំពាក់ លុះពេលដើរដល់តូបលេខ១១០១ ឃើញជនរងគ្រោះកំពុងឈរទិញសម្លៀកបំពាក់។ បន្ទាប់មក ជនរងគ្រោះ បានដោះកាបូបស្ពាយដែលបានដាក់លុយទុកលើធ្នើរតាំងសម្លៀកបំពាក់ ស្រាប់តែភ្លាមនោះ ជន​សង្ស័យបានធ្វើសកម្មភាពលួចយកកាបូបជនរងគ្រោះ រួចគេចខ្លួនតែម្តង។ ក្រោយមកទើបភ្ញៀវបរទេស បានដឹងថា លុយរបស់គាត់បានបាត់ពីកាបូបស្ពាយ។

ក្រោយកើតមានករណីនេះកើតឡើង មន្ត្រីនគរបាលទេសចរណ៍ ដែលមានគោលដៅប្រចាំការនៅផ្សារ បានសហការជាមួយគណៈកម្មការផ្សារ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីព្យាយាមរត់គេចបានរយៈពេល១០ថ្ងៃ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES