ខេត្តស្ទឹងត្រែង ៖ ជ័រអាភៀន រាប់សិបគីឡូក្រាម ព្រមទាំងជនបរទេសដែលជាសង្ស័យ ចំនួន៨នាក់ មាន៣សញ្ជាតិ ត្រូវបានកងកម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន សហការបង្ក្រាបការដឹកជញ្ជូនឆ្លងដែនពីប្រទេសជិតខាង ចូលមកកម្ពុជា។

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែង ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបើកការស្រាវជ្រាវស៊ើបអង្កេត ឈានទៅបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន (ឆ្លងដែនពីឡាវ មកកម្ពុជា) ដែលជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ រួមមានជនជាតិថៃ ៥នាក់ (ស្រី១) និងបុរសជនជាតិឡាវ ម្នាក់។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ Witsanu Saiboot ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ១០ មករា ១៩៧០ កាន់លិខិតឆ្លងដែនលេខ AC6068149 ទីកន្លែងកំណើត ខេត្តសូរិន្ទ ប្រទេសថៃ។ ទី២-ឈ្មោះ Somsak Saethao ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ២៩ កក្កដា ២០០០ កាន់លិខិតឆ្លងដែនលេខ AC5501388 ទីកន្លែងកំណើត ខេត្តឈៀងរ៉ៃ ប្រទេសថៃ។ ទី៣-ឈ្មោះ Tong Thor ភេទប្រុស ជនជាតិឡាវ ថ្ងៃខែឆ្នាំកំណើត ២០ មិថុនា ១៩៩៥ កាន់លិខិតឆ្លងដែនលេខ P1859764 ទី កន្លែងកំណើត ខេត្តបកែវ ប្រទេសឡាវ។ ទី៤-ឈ្មោះ Chaloemkun Wonghiranye ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ០១ វិច្ឆិកា ១៩៥២ កាន់លិខិតឆ្លងដែនលេខ AC6996618 ទីកន្លែងកំណើត ខេត្តឈៀងរ៉ៃ ប្រទេសថៃ។ ទី៥-ឈ្មោះ Nichakan Kueaoangkun ភេទស្រី ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ២០ កុម្ភៈ ១៩៩៣ កាន់លិខិតឆ្លងដែនលេខ AC7136620 ទីកន្លែងកំណើត ខេត្តទាក ប្រទេសថៃ។ ទី៦-ឈ្មោះ Thanawat Wonghiranya ភេទប្រុស ជនជាតិថៃ ថ្ងៃខែឆ្នាំកំណើត ០១ មករា ១៩៨២ កាន់លិខិតឆ្លងដែនលេខ AC4129955 ទីកន្លែងកំណើត ខេត្តឈៀងរ៉ាយ ប្រទេសថៃ។
ចំពោះវត្ថុតាងចាប់យក រួមមាន រថយន្ត ចំនួន២គ្រឿង គ្រឿងញៀន ចំនួន៥បាវ (មិនទាន់ថ្លឹង) និងទូរស័ព្ទ ចំនួន៦គ្រឿង។

ប្រភពដដែល បន្តថា ដោយផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត នៅវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅភូមិសាស្ត្រខេត្តព្រះសីហនុ ចំណុចការ៉ាស់សាំង Sokimex ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងជំនាញឈានទៅបង្ក្រាបជាក់ស្តែងតាមនីតិវិធី ក៏បានឃាត់ខ្លួនជន សង្ស័យ បុរសជនជាតិចិន ចំនួន២នាក់ បន្ថែមទៀត ព្រមទាំងវត្ថុតាងរថយន្ត ចំនួន០២គ្រឿង ។
បន្ទាប់ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដឹកជញ្ជូនជួញដូរគ្រឿងញៀន (ឆ្លងដែនពីឡាវ មកកម្ពុជា) កម្លាំងជំនាញសហការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៨នាក់ មាន៣សញ្ជាតិ ក្នុងនោះ (ជនជាតិថៃ ៥នាក់ ឡាវ១ និងចិន ២នាក់)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការខាងលើ បានបង្ហើបថា នេះជាលើកទី១ ហើយ ដែលកម្លាំងជំនាញបង្ក្រាបបាននូវជ័រអាភៀន។
ប្រភពដដែលថា ជ័រអាភៀននោះ ក្នុងមួយគីឡូក្រាម ប្រសិនបើក្រុមឧក្រិដ្ឋជន យកទៅផលិតជាគ្រឿងញៀនសំយោគ ដូចជា (គ្រឿងញៀន ដែលគេនិយមហៅថា យ៉ាម៉ា ម៉ាទឹកកក យ៉ាម៉ាគ្រាប់ ឬថ្នាំញៀនផ្សេងទៀត) គឺអាចផលិតបានចន្លោះពី ៤ទៅ៥គីឡូក្រាមឯណោះ។

ជនសង្ស័យទាំង៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕