Tuesday, March 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../កុដិលោក អស់បច្ច័យជិត២លាន ស្រូវ៣០បាវ

ភ្លើងឆេះ…/កុដិលោក អស់បច្ច័យជិត២លាន ស្រូវ៣០បាវ

ខេត្តកំពង់ឆ្នាំង ៖ កុដិព្រះសង្ឃ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ បង្កឱ្យខូចខាតបច្ច័យ ជិត២លានរៀល រួមនិងស្រូវ ៣០បាវ ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបរិវេណវត្តព្រះវិហារហ្លួង ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

កុដិដែលរងការឆាបឆេះ ជាប្រភេទសំណង់ឈើប្រក់ស័ង្កសី ថ្មក្រោម មាន ទំហំ៩ម៉ែត្រ គុណនឹង ១២ម៉ែត្រ។តាមប្រភពព័ត៌មានពីគណៈកម្មការវត្ត បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលព្រះសង្ឃក្នុងវត្ត កំពុងរៀនធម៌នៅខាងក្រោម ស្រាប់តែសំឡេងទុស្សេខ្សែភ្លើង នៅខាងលើ រួចកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាង សន្ធោសន្ធៅតែម្តង បង្កឱ្យភ្ញាក់ផ្អើលទាំងព្រះសង្ឃ និងបរិស័ទចំណុះជើងវត្ត នាំគ្នាជួយពន្លត់ភ្លាមៗ តែទប់ទល់មិនឈ្នះ ដោយភ្លើងឆេះលឿន ទើបប្រញាប់រាការណ៍ទៅសមត្ថកិច្ច ដើម្បីទាក់ទងហៅកម្លាំងជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿងរបស់អធិការដ្ឋានស្រុក ចុះជួយបាញ់ទឹកពន្លត់ភ្លើង និងការពារឆេះរាល។

តាមការបញ្ជាក់ពីគណៈកម្មការវត្ត ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យខូចខាតរួមមាន ឆេះកុដិ ១ខ្នង បច្ច័យ ចំនួន១លាន ៦សែនរៀល ស្រូវ ៣០បាវ រួមនិងសម្ភារៈមួយចំនួនទៀត៕

RELATED ARTICLES