ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ខេត្តសៀមរាប បានទទួលរងនូវឧបទ្ទេវហេតុគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ និងរន្ទះបាញ់ នៅស្ទើរគ្រប់ក្រុង-ស្រុកទូទាំងខេត្តសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប្រមាណជិត ២០០គ្រួសារ និងបណ្តាលឱ្យបាក់ដើមឈើ ជាច្រើនកន្លែង ក្នុងនោះក៏បានសង្កត់មនុស្ស ឱ្យរងរបួសផងដែរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានប៉ះពាល់ដល់មូលដ្ឋានក្រុង-ស្រុក ចំនួន១០ ក្នុងនោះរួមមាន ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកជីក្រែង ក្រុងរុនតាឯក ស្រុកអង្គរជុំ ស្រុកស្វាយលើ ស្រុកអង្គធំ ស្រុកបន្ទាយស្រី និងស្រុកសូត្រនិគម។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប គិតត្រឹមម៉ោង៩យប់ បានបញ្ជាក់ថា ឧបទ្ទេវហេតុខ្យល់កន្ត្រាក់នេះ បានបង្កឱ្យប៉ះពាល់និងខូចខាត រួមមាន ទី១-ប្រជាពលរដ្ឋប៉ះពាល់ ចំនួន១៧៨គ្រួសារ។ ទី២-ខូចខាតផ្ទះសម្បែង (រលំផ្ទះ ទ្រេត) សរុបចំនួន ១១ខ្នង។ ទី៣-ប៉ះពាល់ផ្ទះសម្បែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន១៦០ខ្នង។ ទី៤-ប៉ះពាល់ដំបូលព្រះវិហារ ចំនួន១ខ្នង។ ទី៥-ប៉ះពាល់អគាររដ្ឋបាល ចំនួន២ខ្នង។ ទី៦-ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈ ចំនួន២ខ្នង។ ទី៧-ប៉ះពាល់រោងតូបលក់ដូរ ចំនួន៦កន្លែង។ ទី៨-រលំបាក់ដើមឈើ ចំនួន៧១ដើម។ ទី៩-បណ្តាលឱ្យរបួស ៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ រលំ-បាក់មែកឈើលើដងផ្លូវផងដែរ។

ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញការសោកស្តាយយ៉ាងពន់ពេកចំ ពោះបាតុភូតខ្យល់កន្ត្រាក់ បក់បោកចូលដល់ក្រុងនិងស្រុកមួយចំនួន។ លោកបញ្ជាក់ថា រដ្ឋបាលខេត្ត សហការជាមួយកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងចុះពិនិត្យជួយឱ្យអស់លទ្ធភាព។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់ ទាន់ពេលវេលា និងសូមអរគុណដល់ស្នងការដ្ឋាន កម្លាំងទាំងអស់ដែលបានជួយសម្អាត រក្សាស្ថានភាពផ្លូវឱ្យល្អដូចដើម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទាំងអស់៕
