ខេត្តកំពង់ស្ពឺ ៖ រថយន្តក្រុង ប្រភេទ៤៥កៅអី ១គ្រឿង ដឹកភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ មកលេងនៅលើភ្នំគិរីរម្យ លុះពេលចុះត្រឡប់ទៅវិញ ដល់ត្រង់ចំណុចចំណោតខ្លាំង ដាច់ហ្វ្រាំង ក្រឡាប់ បណ្តាលឱ្យអ្នកដំណើរ ២០នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានអាជ្ញាធរ សហការជាមួយសមត្ថកិច្ចចុះអន្តរាគមន៍ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវចំ ណោតក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ គឺបណ្តាលឱ្យមនុស្ស ១០នាក់ បានរង របួសធ្ងន់ និង១០នាក់ រងរបួសស្រាល។ ក្រោយកើតហេតុ រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានដឹកអ្នករបួសធ្ងន់ ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។

ប្រភពដដែល បន្តថា ជនរងគ្រោះ គឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុម នៅលើភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវីរៈប៊ុនថាំ ដែលទើបស្ថាបនារួចរាល់ថ្មី ក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ ក្រឡាប់ធ្លាក់រថយន្ត ដោយសារដាច់ហ្វ្រាំង ពេលចុះចំ ណោតខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុង ទៅដឹកពលរដ្ឋទាំងអស់ ខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់អ្នកបើកបរទាំងឡាយ ដែលមានបំណងចង់មកលេងនៅលើភ្នំគិរីរម្យ សូមពិនិត្យបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពចៀសវាងជួបឧបទ្ទវហេតុផ្សេងៗ៕




