ខេត្តប៉ៃលិន ៖ ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មាន ទឹកមានក្លិនស្អុយ ហូរពីផ្នែកខាងលើ ចូលក្នុងអូរ បណ្តាលឱ្យងាប់ត្រី និងប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋច្រើនគ្រួសាររួចមក ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការ ជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងប្រជា ពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរកឃើញមានករណីត្រីងាប់ ក្នុងអូរ នៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ក្រុមការងារបានចុះត្រួតពិនិត្យ និងបានរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានបញ្ចោញសំណល់រាវ មិនត្រឹមត្រូវតាមច្បាប់ ហើយសំណល់រាវរបស់រោងចក្រ ត្រូវបានរកឃើញ មានសភាពល្អក់ មានក្លិនជូរផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិ ក្បាលឡាន មានក្លិនជូរផ្អូមខ្លាំង នៅក្បែរនោះងាប់។

ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ផ្ទាល់ខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ មានចំនួន ៤៧គ្រួសារ។ ជាមួយគ្នានេះ ក្រុមការងារបានត្រួតពិនិត្យឃើញថា ក្រុមហ៊ុន ត្រូវបានបើកដំណើរការផលិតកម្មកែច្នៃដំណាប់ស្វាយ បានរយៈពេល ១៥ថ្ងៃ ហើយ អាងប្រព្រឹត្តិកម្មរបស់រោងចក្រ មិនបានដំណើរការនោះឡើយ។

សូមបញ្ជាក់ថា ក្រុមការងារជំនាញបរិស្ថាន បានចុះពិនិត្យលើ ៤ទីតាំង នៅជុំវិញរោងចក្រ នៃទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត និង១ទីតាំង នៅក្នុងរោងចក្រផ្ទាល់តែម្តង។
ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្តែងរបស់ក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ក្រុមការងារបានធ្វើការណែនាំ និងអនុវត្តច្បាប់ដូចខាងក្រោម ៖

-តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចូលទៅប្រភពទឹកសាធារណៈ ដោយមិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម ត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។
-ត្រូវរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មចំណល់រាវឱ្យបានត្រឹមត្រូវ។
-ត្រូវរៀបចំរបាយការណ៍វាយតម្លៃផងប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ។

-រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ចៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមការងារ ក៏បានចុះយកសំណាកទឹក មកពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីចាត់ការនីតិវិធីច្បាប់បន្ត។

ដោយឡែក ក្រុមហ៊ុនបានបញ្ចេញសំណល់រាវ ល្មើសនឹងច្បាប់ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ បានកំណត់នៅក្នុងមាត្រា២៨០ មាត្រា២៨៤ បានកំណត់ការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈ និងត្រងចំណុចការត្រួតពិនិត្យការបំពុលទឹក ពីប្រភពជាក់លាក់ ៖ មាត្រា២៨៦ មាត្រា២៨៧ ដែលបានកំណត់អំពីការស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ របស់ប្រភពបំពុលជាក់ លាក់ ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់ប្រភពបំពុលទាំងនោះ៕




