Wednesday, March 19, 2025
Homeព័ត៌មានជាតិលទ្ធផលស្ទង់មតិ ៧៨,៥៦% ពេញចិត្តការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

លទ្ធផលស្ទង់មតិ ៧៨,៥៦% ពេញចិត្តការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានកិត្តិយសសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានអះអាងថា តាមលទ្ធផលការស្ទង់មតិក្រៅផ្លូវការ របស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា បានបង្ហាញថា ក្នុងចំណោមពលរដ្ឋ ចំនួន១០០០នាក់ មាន ៧៨,៥៦% ពេញចិត្តការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា) ជានាយករដ្ឋមន្រ្តីកម្ពុជា និង៨៤,២៦%  លើកឡើងថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) កំពុងដើរលើផ្លូវខុសធ្ងន់ ។ ចំណែកលោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ ក៏បានបង្ហាញការយល់ស្របចំពោះលទ្ធផលស្ទង់មតិរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា ហើយលោកមើលឃើញថា លោកសម រង្ស៊ី កំពុងធ្វើនយោបាយបែបឆ្កែកន្ទុយខ្វៀន យកគំនុំបុគ្គល សងសឹកពីឪដល់កូន ឬធ្វើវិច្ឆេទកម្មនយោបាយ បំផ្លាញប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជា ។

លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ថា “លទ្ធផលស្ទង់មតិក្រៅផ្លូវការ សមាគមជ័យលាភីបញ្ញាជនកម្ពុជា ៖ ក្នុងចំណោមពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ១០០០នាក់ ទូទាំងប្រទេស មាន ៧៨,៥៦%  ពេញចិត្តការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនោះ ៨៤,២៦%  ថាលោក សម រង្ស៊ី កំពុងដើរលើផ្លូវខុសធ្ងន់ធ្ងរ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា ការដែលលទ្ធផលស្ទង់មតិក្រៅផ្លូវការ បង្ហាញថា ការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត ដើរលើផ្លូវត្រូវ ឬពលរដ្ឋពេញចិត្តការដឹកនាំរបស់នាយករដ្ឋមន្រ្តីបន្តវេន នៃគណបក្សកាន់អំណាច រូបនេះ គឺផ្ដោតសំខាន់ទៅលើវិស័យជាច្រើន ដែលមើលឃើញថា សម្ដេចនាយករដ្ឋមន្រ្តី មានភាពចាស់ទុំក្នុងការដោះស្រាយ ។ រីឯការដែលថា លោកសម រង្ស៊ី កំពុងដើរលើផ្លូវខុស គឺផ្ដោតទៅលើភាពអវិជ្ជមានជាច្រើន ជាពិសេសពាក់ព័ន្ធនឹងការជ្រើសរើសផ្លូវផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយអ្វីសំខាន់ មជ្ឈដ្ឋានមហាជន នៃការស្ទង់មតិទាំងនោះ មើលឃើញថា អ្នកនយោបាយចាស់វស្សារូបនេះ មិនអាចក្លាយជានិមិត្តរូបនៃបក្សប្រឆាំងបានទេ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំសូមជម្រាបជូនបន្តិចថា ចំពោះលទ្ធផលនៃការស្ទង់មតិរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលជាការស្ទង់មតិក្រៅផ្លូវការមួយ ចង់ដឹង មានបញ្ជីសំណួរចំនួនពីរ ដែលសំខាន់ ៖ ទី១- តើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែដើរលើផ្លូវត្រូវ ឬផ្លូវខុស? ទី២- តើនយោបាយរបស់លោកសម រង្ស៊ី កំពុងតែដើរលើផ្លូវត្រូវ ឬផ្លូវខុស? គឺសម្រាប់មហាជនទូទៅគ្រប់លំដាប់ថ្នាក់ មានកិច្ចសម្ភាសន៍ ។ អ៊ីចឹងជាលទ្ធផល ឃើញថា ប្រជាជនក្នុងចំណោម ១ពាន់នាក់នោះ មាន ៧៨,៥៦% យល់ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នេះ ដើរលើផ្លូវត្រូវ ។ ចំពោះវិស័យ មិនផ្ដោតសំខាន់តែវិស័យសាសនាមួយទេ ប៉ុន្តែនៅមានវិស័យច្រើនទៀតរបស់សង្គម ដែលលេចធ្លោ ហើយប្រជាពលរដ្ឋសម្ដែងការគាំទ្រ ទី១ គឺបញ្ហាអធិបតេយ្យជាតិ ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដូចជាបញ្ហាជាមួយវៀតណាម បញ្ហាជាមួយថៃ ប្រាសាទតាមាន់ធំ អីនេះ រឿងបញ្ហាកោះគុត អីផ្សេងៗ គឺរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នេះ គឺមានភាពចាស់ទុំនៅក្នុងការសម្រេចចិត្ត ដើម្បីឲ្យប្រទេសជាតិយើង អាចរក្សាបាននូវសន្តិភាពមួយពិតប្រាកដ ហើយបញ្ហាវិស័យកសាងហេដ្ឋរចនាសម្ព័ន្ធរូបវន្តនេះ គឺក៏មានការគាំទ្រច្រើនដែរ លេចធ្លោ ហើយចំពោះវិស័យសាសនា យើងឃើញថា ការពង្រឹងសីលធម៌សង្គមនៅក្នុងរដ្ឋបាលរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នេះ គឺកំពុងតែធ្វើបានល្អ ដោយសារពួកបំពុលសង្គម ដែលយកសាសនាមកប្រើ ឬមួយក៏ពួកបំពុលសង្គម ដោយធ្វើកិច្ចការងារផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍បុគ្គល ធ្វើឲ្យប៉ះពាល់សង្គមនេះ គឺក្នុងរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នេះ គឺមានការពង្រឹងសីលធម៌មួយ ដែលប្រជាជនអាចទទួលយកបាន ប៉ុន្តែលោកសំណូមពរថា ឲ្យពង្រឹងថែមទៀត ពីព្រោះសង្គមរៀបរយ ទើបប្រទេសជាតិយើង ដំណើរការទៅបានល្អ អានេះចំណុចទី១“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយចំណុចទី២ លោកមិនទាន់កំណត់ថា ជានាយករដ្ឋមន្រ្តីខ្លាំងនៅឡើយទេ ទស្សនៈអ្នកដែលបានសម្ភាសន៍ហ្នឹង គឺលោកជានាយករដ្ឋមន្រ្តីមួយ ដែលចាប់ផ្ដើមស៊ប់ មានន័យថា គាត់ដើរតួនាទីលើផ្លូវត្រូវ ជានាយករដ្ឋមន្រ្តីពេញលេញ ប៉ុន្តែមិនទាន់ខ្លាំងនៅៗឡើយទេ ព្រោះយើងដឹងស្រាប់ហើយថា នាយករដ្ឋមន្រ្តីខ្លាំង នៅក្នុងប្រទេសកម្ពុជាយើង គឺសម្ដេចតេជោ ហ៊ុន សែន ។ អ៊ីចឹងសម្ដេចធិបតី ត្រូវការរៀនថែមទៀត ហើយលោកកំពុងតែឈរនៅលើតួនាទីទទួលខុសត្រូវធំមួយ សម្រាប់ប្រទេសជាតិ ។ ដូច្នេះលោកមានឱកាសនៅក្នុងការកសាងនូវស្នាដៃជាច្រើនថែមទៀត ដើម្បីប្រជាជន ហើយក្លាយជានាយករដ្ឋមន្រ្តីខ្លាំងនោះ ទុកឲ្យប្រជាជន អ្នកវាយតម្លៃទៅតាមសន្លឹកឆ្នោត នាពេលខាងមុខ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ហើយចំណុចទី៣ ទាក់ទងជាមួយនឹងថា តើនយោបាយលោកសម រង្ស៊ី កំពុងតែដើរលើផ្លូវត្រូវឬខុសនោះ គឺប្រជាជនភាគច្រើន មានរហូតដល់ ៨៤,២៦% ថាលោកសម រង្ស៊ី កំពុងតែដើរនៅលើផ្លូវខុស ។ ផ្លូវខុសដែលគាត់ចង់ផ្ដោតសំខាន់ ដែលគាត់លើកឡើងភាគច្រើននោះ គឺទី១ លោកសម រង្ស៊ី ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ មិនជ្រើសរើសផ្លូវបោះឆ្នោត បែរជាជ្រើសរើសផ្លូវផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយផ្ដួលរំលំដោយប្រដាប់អាវុធ តាមរូបភាពបដិវត្តន៍ពណ៌អីផ្សេងៗនោះ គឺជានយោបាយហិង្សានោះ ទៅជាលោកសម រង្ស៊ី ជ្រើសរើសផ្លូវនោះវិញ ។ អ៊ីចឹងប្រជាជនដែលឆ្លងកាត់ពិសោធន៍តាំងពីសម័យលន់ នល់ រហូតដល់បច្ចុប្បន្ននេះ មានបទពិសោធន៍គ្រប់គ្រាន់ហើយ រឿងផ្ដួលរំលំរដ្ឋាភិបាលនេះ គឺជូរចត់ណាស់ ។ អ៊ីចឹងប្រជាជនមិនគាំទ្រទេ ហើយអ្នកខ្លះស្ទើរតែភ្លេចឈ្មោះសម រង្ស៊ី ទៅទៀត“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្ថែមទៀតថា “ហើយមួយទៀត ទាក់ទងជាមួយយោបល់របស់ប្រជាជន គឺលោកសម រង្ស៊ី ត្រូវធ្វើជានិមិត្តរូបសម្រាប់គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិ រៀនរួបរួមគ្នា ។ ប៉ុន្តែពលរដ្ឋដែលទទួលបាននូវការសម្ភាសន៍ហ្នឹង គឺភាគច្រើន គាត់ថាគាត់មើលមិនឃើញលោកសម រង្ស៊ី ជានិមិត្តរូបនៃការរួបរួមរបស់អ្នកប្រជាធិបតេយ្យទេ ពីព្រោះអ្នកប្រជាធិបតេយ្យ បែកខ្ញែកគ្នាច្រើនណាស់ហើយ សម រង្ស៊ី មិនអាចធ្វើបានទេ ។ ជារួម សម្រាប់ចំណុចទី៤ ចំពោះលទ្ធផលនៃការស្ទង់មតិនេះ គ្រាន់តែដើម្បីឆ្លុះបញ្ចាំងអំពីដំណើរការសង្គមរបស់យើងនេះ ថាយើងកំពុងដើរលើផ្លូវមួយត្រឹមត្រូវដែរឬយ៉ាងណា? អ៊ីចឹងជាលទ្ធផល យើងឃើញថា ប្រជាជនភាគច្រើន គាំទ្រដំណើរការរាជរដ្ឋាភិបាល ដឹកនាំប្រទេសជាតិនេះទៅមុខទៀត រហូតដល់ចប់អាណត្តិ រហូតដល់មានការរៀបចំបោះឆ្នោតជាថ្មីបន្តទៀត គឺប្រជាជនពេញចិត្តនឹងការបោះឆ្នោត ហើយមិនជ្រើសរើសផ្លូវធ្វើបដិវត្តន៍ពណ៌ ឬមួយក៏បាតុកម្មផ្ដួលរំលំរដ្ឋាភិបាលអីនោះ គឺប្រជាជនមិនគាំទ្រទេ គឺចង់បានដំណើរការជាតិមួយ ដែលផ្លាស់ប្ដូរមេដឹកនាំ តាមរយៈការបោះឆ្នោត“។

ស្របនឹងការស្ទង់មតិរបស់សមាគមជ័យលាភីបញ្ញាជនកម្ពុជា ខាងលើនេះ លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា ការដែលពលរដ្ឋពេញចិត្តការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត បង្ហាញថា ប្រជាពលរដ្ឋមានការពេញចិត្តពេញថ្លើមចំពោះការផ្ទេរអំណាចនាយករដ្ឋមន្រ្តី ពីសម្ដេចហ៊ុន សែន មកសម្ដេចហ៊ុន ម៉ាណែត នេះ ពិតជាត្រឹមត្រូវ លើគន្លងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ចំពោះបុគ្គលសម រង្ស៊ី ដែលជាត្រកូលសងសឹកពីឪ ដល់កូន ធ្វើនយោបាយមិនបានបម្រើផលប្រយោជន៍សម្រាប់ជាតិ ជាពុម្ពម៉ូដែលគំរូដូចសម្ដេចហ៊ុន សែន នោះទេ គឺកំពុងតែធ្វើនយោបាយដើរផ្លូវខុសយ៉ាងធ្ងន់ ឬធ្វើនយោបាយបែបឆ្កែកន្ទុយខ្វៀន ដែលបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ នាំឲ្យប្រជាពលរដ្ឋកំពុងតែដើរលើផ្លូវខុសលើគន្លងប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា ។

លោកគុជ លី បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងការស្ទង់មតិក្នុងចំណោមប្រជាពលរដ្ឋ ១០០០នាក់ ក្នុងនោះយើងឃើញថា ៧៨,៥៦% ពេញចិត្តសម្ដេចហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេសកម្ពុជា សម្រាប់ខ្ញុំៗយល់ឃើញថា វាជាពិតជាការត្រឹមត្រូវ ។ ក្រោយពីការបោះឆ្នោតឆ្នាំ២០២៣ ឃើញថា លទ្ធផលនៃការបោះឆ្នោត មាន ៨៤,២៦% ។ អ៊ីចឹងមានន័យថា ប្រជាពលរដ្ឋមានការពេញចិត្តពេញថ្លើមចំពោះការផ្ទេរអំណាចនាយករដ្ឋមន្រ្តី ពីសម្ដេចតេជោ ហ៊ុន សែន មកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នេះ ពិតជាត្រឹមត្រូវក្នុងកាលៈទេសៈដែលសម្ដេចតេជោ ហ៊ុន សែន ជាអ្នកសង្រ្គោះ ហើយក៏ជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា ក្នុងការធ្វើពុម្ពគំរូមួយ សម្រាប់ប្រទេសកម្ពុជា ដែលមិនធ្លាប់មាន ។ អ្វីដែលខ្ញុំចង់និយាយពុម្ពគំរូ មានន័យថា ប្រទេសកម្ពុជា កម្រមានការផ្ទេរនាយករដ្ឋមន្រ្តី ដោយសន្តិវិធី ដូចឆ្នាំ២០២៣នោះទេ ។ អ៊ីចឹងក្រោយពី ៥០០ឆ្នាំមក យើងឃើញថា ការវិវត្តនិងការផ្លាស់ប្ដូររបបនៅក្នុងប្រទេសកម្ពុជា ក្រោយពីសម័យអង្គរ យើងឃើញថា វិវត្តន៍ផ្លាស់ប្ដូរមេដឹកនាំតាមសម័យកាលច្រើនតែកើតមានសង្រ្គាម ។ បើយើងនិយាយអំពីឆ្នាំ១៩៥៣ មក យើងធ្វើការផ្លាស់ប្ដូរអំណាចពីអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ត សីហនុ យើងឃើញថា សម័យលន់ នល់ កើតឡើងដោយសាររដ្ឋប្រហារ បន្ទាប់មកទៀត គឺសម័យខ្មែរក្រហម ១៩៧៥ សាធារណរដ្ឋ រហូតដល់សម័យឆ្នាំ៩៣ ក្រោយពីកិច្ចព្រមទីក្រុងប៉ារីស យើងឃើញថា ការផ្លាស់ប្ដូរអំណាច ក៏នៅតែមានការប្រែប្រួលដដែល ។ អ៊ីចឹងសរុបមកវិញ យើងឃើញថា ប្រជាពលរដ្ឋ មានការគាំទ្រនិងពេញចិត្តក្នុងការដឹកនាំរបស់សម្ដេចមហាវរធិបតី នេះ វាពិតជាត្រឹមត្រូវលើគន្លងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ចំពោះបុគ្គលសម រង្ស៊ី ខ្ញុំយល់ឃើញថា បុគ្គលសម រង្ស៊ី គឺជាត្រកូលអភិជនមួយ គឺជាត្រកូលសងសឹក តាំងពីសម័យសម្ដេចតា គឺឪរបស់គាត់ គឺសម សារី ។ អ៊ីចឹងហើយ ត្រកូលឈាមលោហិតអភិជនមួយនេះ ធ្វើនយោបាយមិនបានបម្រើផលប្រយោជន៍សម្រាប់ជាតិ ជាពុម្ពម៉ូដែលគំរូដូចសម្ដេចហ៊ុន សែន នោះទេ កំពុងតែធ្វើនយោបាយដើរផ្លូវខុសយ៉ាងធ្ងន់ធ្ងរ គឺលើគន្លងឈាមពូជអភិជន តាមរបៀបឪ គឺកាន់តែជ្រៅទៅៗ គឺធ្វើនយោបាយឆ្កែកន្ទុយខ្វៀន ។ ឆ្កែកន្ទុយខ្វៀន កន្លែងនេះ គឺចង់សំដៅថា ការនយោបាយឪហើយនិងកូន បានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ នាំឲ្យប្រជាពលរដ្ឋកំពុងតែដើរលើផ្លូវខុស​ លើគន្លងប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា ។ យើងគិតមើល! ព្រឹត្តិការណ៍ថ្មីៗនៅលើពិភពលោក ឲ្យតែមានដឹកនាំ ឬក៏ចលនាមួយណាកើតឡើងនៅលើពិភពលោក គឺសម រង្ស៊ី ច្រើនតែតោងព្រឹត្តិការណ៍ គឺជាអ្នកនយោបាយស៊ីពែ ដើម្បីទាមទារឲ្យប្រជាពលរដ្ឋងើបបះបោរទម្លាក់សម្ដេចហ៊ុន សែន តែម្ដង ។ យើងឃើញថា ចាប់ពីឆ្នាំ២០១០-២០១១-២០១២ បដិវត្តអារ៉ាប់ គេហៅថា អារ៉ាប់ស្រ្ពីង នៅប្រទេសឥណ្ឌូនេស៊ី យើងឃើញថា លោកសម រង្ស៊ី បុគ្គលនេះ ច្រើនតែធ្វើចលនាដើម្បីបះបោរនូវបដិវត្តន៍ ។ អ៊ីចឹងយើងឃើញថា ថ្មីៗនេះ គឺនៅប្រទេសបង់ក្លាដែស នៅលីប៊ី អាហ្នឹងគឺអតីតកាល គឺហ្គាដាហ្វ៊ី គឺប្រៀបធៀប ហើយឥឡូវថ្មីៗនេះ យើងឃើញថា ពាក់ព័ន្ធនឹង ICC ប្រទេសហ្វីលីពីន គឺឌូតឺរតេ គឺគាត់បានយកព្រឹត្តិការណ៍នេះ ទៅប្រៀបធៀបជាមួយនឹងប្រទេសអ្នកដទៃ ដើម្បីឲ្យមានការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា» ។

លោកគុជ លី បន្តថា «យើងឃើញថា នយោបាយរបស់គាត់ គឺជានយោបាយកំពុងតែដើរប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកនយោបាយ ក្នុងនាមជាអ្នកបង្ហាញផ្លូវសម្រាប់អ្នកបន្តវេន វាអត់បានបង្ហាញវិញ វាក្លាយទៅជាអ្នកនយោបាយធ្វើវិច្ឆេទកម្មនយោបាយក្នុងប្រទេសកម្ពុជា ។ វិច្ឆេទកម្មនយោបាយនៅក្នុងនេះ គឺមានន័យថា គំនិតទុច្ចរិត យកប្រជាពលរដ្ឋខ្លួនឯងធ្វើអាជីវកម្មនយោបាយ ដើម្បីតែបម្រើមហិច្ឆតាក្នុងគោលដៅបំផ្លាញសុខសន្តិភាព ដែលប្រទេសកម្ពុជា កំពុងមាន ជាពិសេសគំនុំផ្ទាល់ខ្លួន គឺធ្វើនយោបាយច្រណែនឈ្នានីសជាមួយនឹងគ្រួសារសម្ដេចតេជោ ហ៊ុន សែន តែម្ដង ។ អ៊ីចឹងសរុបមកវិញ ខ្ញុំយល់ឃើញថា ទង្វើអសីលធម៌ និងគឺជាទង្វើអសនិទានរបស់បុគ្គលសម រង្ស៊ី នេះ គឺជាអ្នកនយោបាយមួយកំពុងតែដើរទាល់ច្រកដល់ជញ្ជាំង រហូតដល់គ្មានផ្លូវងាកក្រោយ ហើយធ្វើនយោបាយកាន់តែកប់ជ្រៅឡើងៗ មិនអាចកែប្រែខ្លួនបាន ជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្ត គឺជាអ្នកនយោបាយដែលបំផ្លាញជាតិសាសន៍ខ្លួនឯង គឺជានយោបាយមួយបន្តពូជ គំនិតសងសឹកនិយម ជ្រុលនិយម មានស៊ី អត់សែន មានស៊ី អត់សែន គឺមកដល់កាលៈទេសៈពេលវេលាហ្នឹងឯង» ។

លោកគុជ លី បន្តទៀតថា «អ៊ីចឹងសរុបមកវិញ ខ្ញុំយល់ឃើញថា ក្នុងនាមជាអ្នកនយោបាយបន្តវេន ជាអ្នកនយោបាយជំនាន់ក្រោយ ខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែរ ឬក៏អ្នកធ្វើនយោបាយទាំងអស់ សូមងាកមករកសន្តិភាព ងាកមកការគាំទ្ររាជរដ្ឋាភិបាលអាណត្តិថ្មី ឆ្នាំ២០២៣ នេះ គឺជានាយករដ្ឋមន្រ្តីដែលពោរពេញទៅដោយសក្ដានុពល មូលធនមនុស្ស ក្នុងការដឹកនាំប្រទេស តាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ យើងលើកទឹកចិត្តរាជរដ្ឋាភិបាល ក្នុងការឲ្យមានកំណើនសេដ្ឋកិច្ចឆ្នាំ២០៣០ កម្រិតមធ្យម ហើយនិង២០៥០ គឺកម្រិតខ្ពស់ ។ អ៊ីចឹងបើយើងយោងទៅតាមរបាយការណ៍អង្គការពិភពលោក យើងឃើញថា ឆ្នាំ២០២៩ ប្រទេសកម្ពុជា នឹងផុតពី LDC ។ អ៊ីចឹងយើងឃើញថា នេះគឺជាចរន្តមួយថ្មី ដើម្បីឲ្យកម្ពុជា រួចផុតពីបន្ទាត់ប្រទេសក្រីក្រ ហើយធ្វើឲ្យប្រទេសកម្ពុជា បើកមុខមាត់ថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។ អ៊ីចឹងត្រលប់មកវិញ យើងឃើញថា ការដឹកនាំធ្វើឲ្យប្រទេសកម្ពុជា ផុតពីបន្ទាត់ក្រីក្រ គេហៅ LDC ។ អ៊ីចឹងនយោបាយកាន់តែធ្វើឲ្យប្រជាប្រិយភាព ឬក៏បុគ្គលសម រង្ស៊ី ហ្នឹងក្លាយទៅជានយោបាយអាចម៍មាន់កសិកម្ម ជាមិនខាន នៅថ្ងៃអនាគត នៅពេលដែលប្រទេសកម្ពុជា នឹងរីកលូតលាស់ធំធាត់ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត“ ៕ កុលបុត្រ

RELATED ARTICLES