ខេត្តក្រចេះ ៖ រថយន្ត ១គ្រឿង ដឹកសម្ភារៈវង់ល្ខោនបាសាក់ និងសមាជិកជិត ៣០នាក់ បើកចុះកំពង់ចម្លង ស្រាប់តែដាច់ហ្វ្រាំង បណ្តាលឱ្យក្រឡាប់ ធ្វើឱ្យសមាជិកវង់ល្ខោន ចំនួន១៨នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចកំពង់ ចម្លងឫស្សីចារ ស្ថិតក្នុង ឃុំថ្មគ្រែ ស្រុកចិត្របុរី។

លោកប៊ុន នឿន អធិការនគរបាលស្រុកចិត្របុរី បានឱ្យដឹងថា សមាជិកវង់ល្ខោន មានគ្នាសរុបចំនួន២៦នាក់ ហើយហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងដោយសាររថយន្តក្រុមល្ខោនបានដាច់ហ្វ្រាំង និងបង្កឱ្យមនុស្សចំនួន១៨ បានរងរបួស ក្នុងនោះមាន៣នាក់ បានរងរបួសធ្ងន់ និងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

លោកអធិការ បានបន្តថា ក្នុងករណីខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពី លោកវ៉ា ថន អភិបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ រួមជាមួយលោកងី ប៊ុនឡែន ប្រធានមន្ទីរ សុខាភិបាលខេត្ត បានចុះជួយនិងចាត់ចែងបញ្ចូនអ្នករបួស ទៅសម្រាកព្យាបាល និងដោះស្រាយលើកដាក់សម្ភារនានាបានទាន់ពេល។

ក្រោយពេលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះនិងបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះសួរសុខទុក្ខ ដល់ជនរងគ្រោះដល់មន្ទីរពេទ្យបង្អែកនៅរសៀលថ្ងែទី១៦ ខែមីនា ឆ្នាំ២០២៥ ផងដែរ៕