ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញ បានចេញប្រតិបត្តិការបង្ក្រាបរថយន្តខ្នាតយក្ស ១គ្រឿង ដែលដឹកជញ្ជូនផល-អនុផលព្រៃឈើ ទ្រង់ទ្រាយធំ ចេញពីក្នុងតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចរង្វង់មូលក្រូច ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលស្រុកភ្នំក្រវាញ និងអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ ដោយអនុវត្តតាមបទបញ្ជារបស់លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តដែលបានដឹកឈើចេញពីតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ខាងលើនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3168 សណ្តោងស៊ឺមីរ៉ឺម៉កប្រភេទយីឌុប ភ្លៅ៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-3926 ដែលមានផ្ទុកផល-អនុផលព្រៃឈើ ចំនួន ៨២,៨០ម៉ែត្រគូប។

ប្រភពបន្ថែមថា ការបង្ក្រាបរថយន្តនេះ គឺដោយសារតែការផ្ទុកផល-អនុផលព្រៃឈើ (អុសចម្រុះ) លើសចំនួន និងលើសពេលវេលា ហើយរថយន្តនេះ ត្រូវបានគេបង្ហើបប្រាប់ថា អាចជារបស់ឈ្មួញម្នាក់ ឈ្មោះសៅ ម៉ាច ជាអ្នកប្រមូលផល-អនុផលព្រៃឈើ ស្ថិតក្នុងតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់៕
