ភ្នំពេញ ៖ លោកប៊ុន រស្មី ហៅប៊ុន ផាក (Bun Park) គ្រូជោគជ័យល្បីឈ្មោះរឿងដណ្តើមសង្សារគេ ដែលបាន ឡើងថា «កម្ចាត់ក្មេងទំនើង និងចោរប្លន់អស់ ទើបមានសន្តិភាព» និងត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ប្រកាសអញ្ជើញឱ្យចូលខ្លួនមកពន្យល់ពាក្យ “សន្តិភាព” កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នោះ ពេលនេះ បានប្រកាសព្រមចូលខ្លួនទៅបំភ្លឺតាមការអញ្ជើញរបស់របស់លោកស្នងការ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកប៊ុន រស្មី ហៅប៊ុន ផាក បានបង្ហោះលិខិតកោះហៅ ១សន្លឹក របស់លោកស្នងការរង ទទួលផែនការងារសន្តិសុខ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “ខ្ញុំបាទ ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានី នៅព្រឹកថ្ងៃទី២១ ខែ មីនា ខាងមុខនេះ។ ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃ១៥ ខែមីនា កន្លងទៅ…”។

លោកប៊ុន ផាក បានបន្តថា “ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេស ឈ្មោះ Chris ដែលត្រូវបានចោរឆក់កាបូប នៅព្រឹកថ្ងៃ១៥ ខែមីនា។ ភ្លាមៗនោះ ខ្ញុំក៏បានបញ្ចេញមតិទៅលើបណ្តាញសង្គមថា ៖ “កម្ចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព”។ ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យសន្តិភាព គឺសំដៅទៅលើភាពសុខសាន្តរបស់ប្រទេសជាតិ ប្រទេសគ្មានសង្គ្រាម ប្រជាជនរស់នៅដោយស្ងប់សុខ គ្មានភាពវឹកវរ គ្មានការព្រួយបារម្ភ មានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្តែងយើងឃើញថា ប្រទេសយើងមានសន្តិភាពពេញលេញហើយ តែបញ្ហាក្មេងទំនើង និងចោរលួច ចោរប្លន់ នៅតែកើតមានជាហូរហែ ជារឿងធម្មតា ប្រទេសណាក៏មានដូចគ្នាដែរ ហើយយើងក៏ឃើញពីសកម្មភាពដ៏សស្រាក់សស្រាំរបស់សមត្ថកិច្ច ក្នុងការបោសសម្អាតមេរោគសង្គមទាំងនោះដែរ…”។

គ្រូជោគជ័យ ប៊ុន ផាក បានបន្ថែមថា “ក្នុងនាមជាពលរដ្ឋម្នាក់ រស់នៅក្រោមម្លប់សន្តិភាព យើងក៏ចង់ឃើញប្រទេសយើងមានភាពសុខសាន្ត រស់នៅគ្មានការព្រួយបារម្ភ និងទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ ក្នុងន័យនេះ ខ្ញុំមិនមានចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មានមិនពិត ឬធ្វើការវាយប្រហារទៅកាន់ស្ថាប័ន្ធសាធារណៈណាមួយឡើយ វាគ្រាន់តែជាការចូលរួមចំណែកឈឺឆ្អាលរឿងអសន្តិសុខក្នុងសង្គម ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខនិងសន្តិភាព ជូនប្រជាពលរដ្ឋក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ…”។
គួររំលឹកថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានប្រកាសអញ្ជើញ លោកប៊ុន រស្មី ហៅប៊ុន ឱ្យចូលមកពន្យល់ពាក្យ “សន្តិភាព” បន្ទាប់ពីគ្រូជោគជ័យរូបនេះ បានលោកឡើងថា «កម្ចាត់ក្មេងទំនើង និងចោរប្លន់អស់ ទើបមានសន្តិភាព»។

លោកឧត្តមសេនីយ៍ឯក ស្នងការ ជួន ណារិន្ទ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកថា “ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យជំនាញខាងផែនសន្តិសុខ អញ្ជើញប្អូនម្ចាស់ផេក “Bun Park” ចូលមកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីជួយពន្យល់អំពីពាក្យថា សន្តិភាព…”៕