ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញមុខជនសង្ស័យ ចំនួន ៦នាក់ ជាសាធារណៈ មុននឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម។

ប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្មនេះ បានធ្វើ ឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅជិតផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៦នាក់ ដែលអាយុចន្លោះពី១៥ឆ្នាំ ដល់៣៩ឆ្នាំ និងចាប់យកវត្ថុតាង រួមមាន ម៉ូតូ ចំនួន៦គ្រឿង (ផលនៃអំពើចោរកម្ម)។ ទូរស័ព្ទ ចំនួន៦គ្រឿង (iPhone, Infinix, Nokia, Vivo)។ នាឡិកាដៃ ១គ្រឿង។ សោកែច្នៃ១។ ស្លាកលេខម៉ូតូ ១បន្ទះ។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្ត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមច្បាប់៕