Friday, March 21, 2025
Homeសង្គម និងជីវិតព្រះគ្រូធម្មកថិកល្បី ជួន កក្កដា បួស២៧ឆ្នាំ អស់បុណ្យជាព្រះសង្ឃ

ព្រះគ្រូធម្មកថិកល្បី ជួន កក្កដា បួស២៧ឆ្នាំ អស់បុណ្យជាព្រះសង្ឃ

ភ្នំពេញ ៖ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ និងជាព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ  បានសម្រេចលាចាកសិក្ខាបទ (សឹក) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមូលហេតុព្រះអង្គ បញ្ជាក់ថា ដោយសារអស់បុណ្យជាព្រះសង្ឃ បន្ទាប់ពីព្រះអង្គបានបួសជាព្រះសង្ឃ តាំងពីអាយុ ១៣ឆ្នាំ ហើយបានស្ថិតនៅក្នុងភេទជាព្រះសង្ឃ អស់កាល២៧ឆ្នាំ។

មុនពេលសឹក នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ព្រះធម្មវិជ្ជា ជួន កក្កដា បានបង្ហោះវីដេអូ ជូនដំណឹងពីការ លាចាកសិក្ខាបទរបស់ព្រះអង្គ ដោយបានបញ្ជាក់ថា មូលហេតុដែលព្រះអង្គសម្រេចលាចាកសិក្ខាបទ គឺដោយសារអស់បុណ្យជាព្រះសង្ឃ ហើយក៏មិនមែនជាការតក់ក្រហល់ពេកដែរ គ្រាន់តែព្រះអង្គមិនបានជូនដំណឹងជាសាធារណៈជាមុនប៉ុណ្ណោះ។

ព្រះធម្មវិជ្ជា ជួន កក្កដា មានថេរដីកាថា “អាត្មាភាព សូមចម្រើនពរ ចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ដោយសេចក្តីរាប់អាននៅក្នុងព្រះធម៌! នៅថ្ងៃនេះ ខ្ញុំព្រះករុណា អាត្មាភាព បានថតវីដេអូនេះ គឺជាវីដេអូចុងក្រោយ នៃការតាំងនូវភេទជាបុព្វជិត ខ្ញុំព្រះកុរណា អាត្មាភាព នឹងលាចាកសិក្ខាបទ នៅថ្ងៃនេះ គឺប្រមាណជាម៉ោង ៨-៩ព្រឹកនេះឯង ដូច្នេះដំណឹងនេះ ក៏ចាត់ ទុកជាការប្រគេននិងជូនដំណឹងដល់ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ នៅក្នុងពុទ្ធសាសនមណ្ឌល និងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់ ដែលជាញាតិមិត្តព្រះធម៌ ជាពុទ្ធបរិស័ទ នៅក្នុងព្រះពុទ្ធសាសនា យើងនេះ ដែលធ្លាប់តែបានស្តាប់និងគាំទ្រចំពោះខ្ញុំករុណា អាត្មាភាព ក៏ដូចជាធ្លាប់ស្គាល់ខ្ញុំករុណា អាត្មាភាព តាំងតែពីការ សម្តែងព្រះធម៌ទេសនា ទាំងការដែលទំនុកបម្រុងចិញ្ចឹមព្រះសង្ឃ នៅក្នុងវត្តប្រាសាទនាងខ្មៅ កន្លងមក។ ពេលវេលាសម្រាប់សត្វលោក គឺមិនទៀង មិនឋិតថេរ មិនជាក់លាក់ មិនប្រាកដ ដូច្នេះជីវិតជាបព្វជិតរបស់ខ្ញុំព្រះករុណា អាត្មាភាព ក៏មានកាលវេលាមិនទៀង មិនឋិតឋេរ មិនប្រាកដដូចគ្នា ហើយមានបួស គឺប្រាកដជាមានសឹក។ ខ្ញុំករុណា អាត្មាភាព បានសាងផ្នួស តាំងពីអាយុ១៣ឆ្នាំ ចូលក្នុងព្រះពុទ្ធសាសនា បច្ចុប្បន្ននេះ គឺអាយុ ៤០ឆ្នាំគត់ហើយ ជីវិតព្រះផ្នួស មានរយៈពេល២៧ ចូល២៨ឆ្នាំនេះ ខ្ញុំករុណា អាត្មាភាព ពិតជាអរព្រះគុណដ៏ក្រៃលែងចំពោះព្រះរតនត្រៃទាំងឡាយ៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេសគឺព្រះពុទ្ធសាសនា ដែលមានគុណមហាធំធេង សម្រាប់ខ្ញុំករុណា អាត្មាភាព បានចូលមកជ្រកកោន រស់រានមានជីវិត មានឱកាសបានរៀនសូត្រសិក្សា មានឱកាសបានឧបត្ថម្ភ ទំនុកបម្រុង ផ្ចុងផ្តើមចំពោះព្រះសង្ឃនៅក្នុងពុទ្ធសាសនមណ្ឌល ជាពិសេសគឺនៅក្នុងវត្តប្រាសាទនាងខ្មៅនេះ អស់រយៈពេល ១៣ឆ្នាំកន្លងទៅនេះ…”។

ព្រះធម្មវិជ្ជា ជួន កក្កដា បន្តថា “អ្វីដែលខ្ញុំករុណា អាត្មាភាព បានកំណត់ពេលវេលាដើម្បីលាចាកសិក្ខាបទ គឺមិនមែនជាការតក់ក្រហល់ពេកទេ ហើយក៏មិនមែនជាការប្រញាប់ពេកដែរ ក៏ប៉ុន្តែខ្ញុំករុណា អាត្មាភាព ព្យាយាមមិនប្រគេននិងជូនដំណឹងជាមុន ព្រោះដឹងថា ញោមញាតិទាំងអស់គាំទ្រ ស្រលាញ់ចូលចិត្ត ហើយនិងជ្រះថ្លាជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ដូច្នេះនៅពេលដែលលាចាកសិក្ខាបទ គឺនឹងជូនដំណឹងតែម្តង នៅពេលដែលញោមបានទស្សនា បានឃើញវីដេអូនេះ មានន័យថា ខ្ញុំករុណា អាត្មាភាព នឹងទៅជាគ្រហស្ថ ក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយក៏សូមអធ្យស្រ័យ អភ័យអត់ទោសចំពោះសម្តេច ជាអង្គម្ចាស់គ្រប់ព្រះអង្គ ព្រះកុរណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់ និងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ក្រែងលោខ្ញុំករុណា អាត្មាភាព មានកាយ វិការណាមួយ ពាក្យសម្តីណាមួយ ក្នុងការពោលសម្តែងព្រះធម៌ ក៏ដូចជាការបង្ហាត់បង្ហាញផ្សេងៗ មានការឆ្គាំ ឆ្គង ដោយមិនគាប់ព្រះទ័យសម្តេច ជាអង្គម្ចាស់គ្រប់ព្រះអង្គ និងព្រះកុរណាជាម្ចាស់គ្រប់ព្រះអង្គ មិនផ្គាប់ដោយទឹកចិត្តរបស់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេស ខ្ញុំករុណា អាត្មាភាព សូមមេត្តាអធ្យស្រ័យ អភ័យ ទោស ដោយក្តីអនុគ្រោះ ដោយមិនមានចេតនាណាដើម្បីធ្វើឱ្យមានការប៉ះពាល់ដល់ការស្តាប់របស់ញាតិញោម នូវពាក្យសម្តីមិនល្អ និងការពោលសម្តែងធម៌នោះទេ…”។

ព្រះធម្មវិជ្ជា ជួន កក្កដា មានថេរដីកាបន្តថា “អ្វីដែលខ្ញុំករុណា អាត្មាភាព បានសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តមួយចំពោះខ្លួនខ្ញុំករុណា អាត្មាភាពផ្ទាល់តែម្តង គឺអស់បុណ្យជាព្រះសង្ឃតែម្តង គឺសម្រេចចិត្តចាកចេញទៅជាឧបាសកមួយរូប ក្នុងព្រះពុទ្ធសាសនា។ ម៉្យាងទៀត ក៏សូមអរព្រះគុណនិងអរគុណដល់ពុទ្ធបរស័ទទាំងអស់ ដែលបានស្រលាញ់គាំទ្រ ចូលចិត្ត ហើយបានទំនុកបម្រុងចិញ្ចឹមព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ អស់រយៈកាល ១៣ឆ្នាំនេះ គឺពិតជាមានគុណមហាធំធេងពិតមែន ដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះទឹកព្រះទ័យ ទឹកចិត្តរបស់សម្តេច ក៏ដូចជាព្រះសង្ឃគ្រប់អង្គ និងពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភទំនុកបម្រុងទាំងព្រះសង្ឃ ការបណ្តុះបណ្តាលធនធាននៅទីនេះ ទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាសំណង់នៅក្នុងទីអារាមវត្ត ទាំងការកសាងនូវសាលារៀន ដើម្បីជូនដល់រដ្ឋ ជាមួយខ្ញុំករុណា អាត្មាភាព កន្លងមក គឺជាពិតជាទឹកព្រះទ័យ ទឹកចិត្តដ៏មហាធំធេង ដើម្បីជួយឧបត្ថម្ភក្នុងការធ្វើ ក្នុងការបង្ហាត់បង្ហាញនៅក្នុងការទំនុកបម្រុងព្រះសង្ឃ នៅក្នុងកាលកន្លងមក រយៈពេល១៣ឆ្នាំនេះ បើគិតពីមនុស្ស ព្រះសង្ឃដែលមកគង់នៅទីនេះ ទាំងគង់សិក្សារៀនសូត្រ ទាំងស្នាក់នៅ ទាំងចេញទៅវិញ ឡើងទៅថ្នាក់ខ្ពស់ទៀត គឺ១៣ ឆ្នាំនេះ ទទួលបាន ៤៦៧៧អង្គស្រេចហើយ។ ប៉ុន្តែតួនាទីនិងភារកិច្ចនេះ ក៏មិនចប់ត្រឹមនេះដែរ មិនចប់ត្រឹមខ្ញុំករុណា អាត្មាភាពលាចាកសិក្ខាបទទេ គឺតួនាទីភារកិច្ចនេះ នឹងនៅព្រះអង្គ ភិន វុទ្ធី ដែលជាព្រះចៅអធិការ ហើយខ្ញុំករុណា អាត្មាភាព ជាគ្រហស្ថ ក៏ប៉ុន្តែនៅចូលរួមសហការដើម្បីធ្វើកិច្ចការនេះបន្ត គ្រាន់តែខ្ញុំករុណា អាត្មាភាព ប្រែក្លាយពីឧត្តមភេទ ទៅជាហីនភេទ នៅក្នុងភេទជាគ្រហស្ថ។ ដូច្នេះសូមការយោគយល់ ការអធ្យាស្រ័យ អភ័យ អត់ទោសពីសំណាក់សម្តេចជាអង្គម្ចាស់គ្រប់ព្រះអង្គ ពីសំណាក់ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ និងពីសំណាក់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក ពុទ្ធបរិស័ទ ញោមញាតិទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាទទួលស្គាល់ខ្ញុំករុណា អាត្មាភាព ជាឧបាសកមួយរូបនៅក្នុងព្រះពុទ្ធសាសនា ហើយសូមថាទទួលរាប់អានដោយក្តីអនុគ្រោះ ពីខ្ញុំករុណាអាត្មាភាពផង។ អ៊ីចឹងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំករុណា អាត្មាភាព នឹងជាឧបាសក លែងទ្រទ្រង់នូវសំពត់ត្រៃចីវរតទៅទៀតហើយ ញាតិញោមអាចមិនជ្រះថ្លាជាមួយខ្ញុំករុណា អាត្មាភាព ដូចជាព្រះសង្ឃ មិនអើពើ មិនខ្វល់បាន ប៉ុន្តែសូមញាតិញោមកុំលះបង់នូវព្រះសង្ឃនិងកូនសិស្សដែលមាននៅក្នុងវត្តប្រាសាទនាងខ្មៅអី!…”៕

RELATED ARTICLES