Friday, March 21, 2025
Homeសង្គម និងជីវិតលែងក្រពើភ្នំ ១០ក្បាល នៅឧទ្យានជាតិវីរៈជ័យ

លែងក្រពើភ្នំ ១០ក្បាល នៅឧទ្យានជាតិវីរៈជ័យ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគ្នាស្តារវត្តមានក្រពើភ្នំ ពូជសុទ្ធឡើងវិញ នៅតំបន់ឧទ្យានជាតិវីរៈជ័យ តាមរយៈការ លែងក្រពើភ្នំពូជសុទ្ធ ចំនួន១០ក្បាល ជាលើកដំបូង កាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រពើភ្នំពូជសុទ្ធ ចំនួន១០ក្បាល ដែលបានលែងនេះ ជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីមនុស្ស ក្នុងឧទ្យានជាតិវីរៈជ័យ នៃកម្ពុជា បន្ទាប់ពីក្រពើប្រភេទនេះ បានបាត់វត្តមានពីឧទ្យានជាតិនេះ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ភាគីពាក់ព័ន្ធបានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្រប ហើយបានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុត សម្រាប់ប្រភេទក្រពើភ្នំ នៅឧទ្យានជាតិវីរៈជ័យ។ ជាមួយនឹងការលែងនេះ ក៏បានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រាសំឡេង ដើម្បីតាមដាន ការផ្លាស់ទីនិងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់ទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្សនិងស្តារវត្តមានក្រពើភ្នំ ។

លោក Pablo Sinovas នាយកប្រចាំប្រទេស នៃអង្គការសត្វព្រៃនិងរុក្ខជាតិ លើកឡើងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ អង្គការសត្វព្រៃ រួមទាំងសហគមន៍មូលដ្ឋានផងដែរ បាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងណាការពារនិងអភិរក្ស ក្នុងការស្តារក្រពើប្រភេទនេះ កុំឱ្យផុតពូជពីក្នុង ធម្មជាតិ ជាមួយនឹងលទ្ធផលវិជ្ជមាន និងសន្ទុះនៃការអភិរក្ស និងកិច្ចសហការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោកបន្តថា ជាទូទៅ ក្រពើភ្នំ ត្រូវការពេលជាង១០ឆ្នាំ ទម្រាំធំពេញវ័យ ហើយក្រពើភ្នំ ដែលបានលែងជាលើក ដំបូង ដោយកម្មវិធីបង្កាត់ពូជក្រពើភ្នំសុទ្ធ បាននិងកំពុងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅក្នុងធម្មជាតិ ដែលជួយជំរុញឱ្យមានការកើនឡើងនូវចំនួនក្រពើប្រភេទនេះនៅក្នុងធម្មជាតិ។

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រសួង បានសហការលែងសត្វក្រពើភ្នំពូជសុទ្ធ ចំនួន១២លើក ទៅក្នុងព្រៃធម្មជាតិ នៃតំបន់ជួរភ្នំក្រវាញ។ ក្រសួង បន្តលើកទឹកចិត្តនិងត្រៀមខ្លួនជានិច្ចក្នុងការសហការ ជាមួយអង្គការអង្គការសត្វព្រៃ ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជា ឱ្យបានគង់វង្ស ។

ចំណែកលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រពើភ្នំ ជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែសង្កេតឃើញប្រភេទនេះ មានវត្តមានច្រើនជាងគេនៅកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់ទាំងអស់គ្នា។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ក្រពើភ្នំពូជសុទ្ធ ជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្ម ជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាព នៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃកម្ពុជា និងមានសំបុកពងកូនក្រពើភ្នំ ចំនួន៦០ក្បាល ត្រូវបានរកឃើញក្នុងតំបន់ជួរភ្នំក្រវាញ ផងដែរ។ ដោយឡែកតាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យ ដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវត្តមានក្រពើប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹងទទួលបានជោគជ័យ៕

RELATED ARTICLES