
ភ្នំពេញ ៖ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ បានលើកឡើងថា ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលុបចោលការផ្ដល់ជំនួយថវិកា ដល់ដំណើរការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) រួចមក ក្រុមប្រឆាំងខ្មែរប្ដូរសញ្ជាតិ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ចប់គ្រប់យ៉ាងតែម្តង ។ ជាពិសេសនៅក្នុងអាណត្តិដឹកនាំរបស់លោកត្រាំ នេះ ឲ្យរាសីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ធ្លាក់ចុះត្រដែតតែម្ដង ព្រោះមិនអាចស្វែងរកការគាំទ្រនិងការផ្ដល់ជំនួយពីអាមេរិក បានទៀតទេ ។
លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា “VOA និង RFA ត្រាំ ផ្តាច់ជំនួយ ហើយបញ្ឈប់បុគ្គលិកទៀត ក្រុមស្នេហាជាតិផ្តាច់មុខ ចប់គ្រប់យ៉ាង ជាពិសេសក្រុមប្រឆាំងប្តូរសញ្ជាតិ“ ។
លោករស់ សារ៉ុម បានសរសេរបន្ថែម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា “ឆ្ងល់ពេលកម្ពុជា បិទ VOA និង RFA ចោទកម្ពុជា ផ្តាច់ការ ចុះពេលអាមេរិក បិតាប្រជាធិបតេយ្យ បិទ VOA និង RFA ម៉េចពួកប្រជាធិបតេយ្យផ្តាច់មុខ ខ្ចីដង្ហើមគេដក ស្ងាត់ឈឹង? តាំងខ្លួនស្ថាប័នផ្សព្វផ្សាយឯករាជ្យ អាមេរិក ឈប់ជួយលុយ ដំណើរការកើតអត់? អាណត្តិលោកត្រាំ លោក សម រង្ស៊ី រាសីចុះត្រដែត“ ។
លោក រស់ សារ៉ុម បានសរសេរបន្ថែម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា “ប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំជួបលក្ខណៈឯកជន គុយទាវជាមួយសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងតំណាងរាស្រ្តថៃ មកពីគណបក្សភឿថៃ នៅសណ្ឋាគារមួយ តាមដងទន្លេប៉ាតាយ៉ា ក្រោយតំណាងរាស្រ្តថៃ ៤នាក់ទៀត ចេញអស់ ខ្ញុំឆ្លៀតសុំសួរគាត់ ២សំណួរ ទី១ តើប្រព័ន្ធផ្សព្វផ្សាយអាមេរិក ឆ្លុះបញ្ចាំងពីគោលនយោបាយរដ្ឋាភិបាលអាមេរិក ទេ? ទី២ តើអាមេរិក មានគោលនយោបាយជួយបក្សប្រឆាំង ផ្តួលបក្សកាន់អំណាចរដ្ឋមួយ ដែលអាមេរិក មិនពេញចិត្តទេ? ចម្លើយគាត់ ធ្វើឱ្យខ្ញុំភ្លឺភ្នែក មើលបានរាប់ពាន់យោជន៍។ ចម្លើយទី១ អត់ទេ ហើយចម្លើយទី២ អាមេរិក ធ្វើកិច្ចការជាមួយរដ្ឋាភិបាលបរទេស ច្រើនជាងជាមួយបក្សជំទាស់។ ក្នុងរដ្ឋការលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មុខមាត់អាមេរិក ពិតជាស័ក្តិសមតួនាទីជាមហាអំណាចផុតលេខ យ៉ាងពិតប្រាកដ។ សម្តេចតេជោ ពិតជាអ្នកប្រាជ្ញ នាំសុភមង្គលជូនរាស្រ្តខ្មែរ មិនដែលមាន ៥០០ឆ្នាំចុងក្រោយ ប្រវត្តិសាស្រ្តខ្មែរ ។ ចំណែក សម រង្ស៊ី ជាមេដឹកនាំបដិវត្តន៍ក្លែងក្លាយ ១០០% ។ ជយោ! សន្តិភាព“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ការដែលលោកហៅក្រុមប្រឆាំងនៅក្រៅប្រទេស ជាក្រុមប្រឆាំងដូរសញ្ជាតិ ដោយសារគោលដៅរបស់ក្រុមនេះ គឺចង់បានសញ្ជាតិបរទេស មិនមែនចង់បានការផ្លាស់ប្ដូរនៅក្នុងស្រុកខ្មែរទេ គឺជាការប្រឆាំង ដើម្បីបំពេញនូវផលប្រយោជន៍ផ្ទាល់ខ្លួន ។ រីឯការដែលថា នៅក្នុងរដ្ឋបាលដូណាល់ ត្រាំ រយៈពេល៥ឆ្នាំ ទៅមុខនេះ រាសីលោកសម រង្ស៊ី ធ្លាក់ចុះ គឺមានទិដ្ឋភាពនយោបាយ៣ ៖ ទី១-គណបក្សកម្លាំងជាតិ ដែលបម្រើនយោបាយរបស់សម រង្ស៊ី ប្រឈមនឹងការរំលាយចោល ដោយសាររកប្រធានពេញសិទ្ធិមិនទាន់ឃើញ និងទី២- គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានដើរឆ្ងាយគំនិតរបស់លោកសម រង្ស៊ី ទៅហើយ ។ ទី៣-អ្វីដែលសំខាន់ជាងនេះ បើលោកសម រង្ស៊ី មេបដិវត្តន៍ពិតប្រាកដ មិនមែនរត់ចោលស្រុកនោះ ហើយធ្វើឲ្យអ្នកដើរតាមខ្លួន រងគ្រោះនោះទេ ។ ដូច្នេះអាចបង្ហាញឲ្យឃើញច្បាស់ថា លោកសម រង្ស៊ី ជាមេបដិវត្តន៍ក្លែងក្លាយមួយរយភាគរយ ដែលមិនអាចប្រៀបជាមួយសម្ដេចហ៊ុន សែន ដែលជាអ្នកប្រាជ្ញ នាំសុភមង្គលជូនខ្មែរយើងគ្រប់គ្នាបាន ។
លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ចំណុចទី១ ខ្ញុំសូមបញ្ជាក់បន្ថែមថា ក្រុមប្រឆាំងដូរសញ្ជាតិ ប្រឆាំងចង់បានសញ្ជាតិបរទេសនោះ គោលដៅគឺចង់បានសញ្ជាតិបរទេស មិនមែនចង់បានការផ្លាស់ប្ដូរអីមួយនៅក្នុងស្រុកខ្មែរទេ គឺជាការប្រឆាំងដើម្បីបំពេញនូវផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ អ៊ីចឹងនៅក្នុងសករាជរបស់លោកដូណាល់ ត្រាំ ដែលផ្ដាច់ជំនួយនេះ គឺសម រង្ស៊ី ចប់គ្រប់យ៉ាង និងបក្ខពួកនោះ គឺចប់គ្រប់យ៉ាង ។ ចប់ទី១ ប្រព័ន្ធផ្សព្វផ្សាយដែលជួយបំពងសំឡេងហ្នឹង គឺដាច់ផ្ងារហើយ គឺមិនមានជំនួយសម្រាប់ប្រតិបត្តិការតទៀតទេ បើទោះបីជាខ្ញុំមើលឃើញកន្លងទៅថា វីអូអេ នៅប្រតិបត្តិការដែរ តែនៅក្នុងកម្រិតមួយស្រាល ។ មានន័យថា បុគ្គលិកនៅតិច ហើយប្រព័ន្ធព័ត៌មាន ក៏វាមិនទូលំទូលាយដែរ អាហ្នឹងទី១ ។ ទី២ ការជួយពីសហគមន៍អឺរ៉ុប ក៏វាមិនអាចទៅរួចដែរ អាហ្នឹងចប់គ្រប់យ៉ាងផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលជួយក្រុមប្រឆាំងដូរសញ្ជាតិហ្នឹង គឺអស់ផ្លូវដើរ ហើយក្នុងរយៈពេល ៥ឆ្នាំទៅមុខ នៃរដ្ឋបាលរបស់លោកដូណាល់ ត្រាំ លោកសម រង្ស៊ី គឺឆាចោលហើយ ។ អ៊ីចឹងបើខ្ញុំប្រៀបធៀបអាយុរបស់លោកសម រង្ស៊ី ៧៦ហើយ អ៊ីចឹង ៥ឆ្នាំទៀត វាចូល៨១-៨២ អ៊ីចឹងសម រង្ស៊ី រកអ្នកបន្តវេនមិនទាន់បានទេ ។ អ៊ីចឹងសម្រាប់លោកសម រង្ស៊ី ចប់គ្រប់យ៉ាងនេះ ចប់ទាំងការគាំទ្ររបស់រដ្ឋាភិបាលអាមេរិក មកលើគណបក្សប្រឆាំង នៅក្នុងស្រុកខ្មែរ ចប់ទាំងការគាំទ្រលោកសម រង្ស៊ី ឆ្ពោះនយោបាយទៅមុខហ្នឹង គឺឆាចោលហើយ ៥ឆ្នាំហ្នឹង“ ។
លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “សម្រាប់ចំណុចទី២ អាណត្តិដូណាល់ ត្រាំ លោកសម រង្ស៊ី រាសីចុះត្រដែត ។ ចុះត្រដែត ខ្ញុំមើលឃើញនេះ ទី១ នៅពេលដែលសម រង្ស៊ី ជាភ្ញៀវសុំគេជួបនោះ ក្រោយពីជួបហើយ គេផ្ដាច់ជំនួយវិទ្យុអាសេរី ដែលជាដៃជើងរបស់សម រង្ស៊ី ចោល ហើយវីអូអេ ក៏អ៊ីចឹង ខេមបូឌា ដេលី ក៏អ៊ីចឹង ហើយរួមទាំងអ្នកនយោបាយសិទ្ធិជ្រកកោននៅអាមេរិក ស្អីៗហ្នឹង កំពុងតែល្ហេមល្ហាម ធ្វើការតាមកន្លែងមួយៗ ដើម្បីរស់ខ្លួនឯងហើយ ពីព្រោះបន្ទុកចំណាយនៅអាមេរិក ហ្នឹងគឺវាធ្ងន់ធ្ងរណាស់ ។ ចុះត្រដែតមួយទៀតនោះ គឺគណបក្សកម្លាំងជាតិ ដែលជាគណបក្សមួយដែលបម្រើនយោបាយរបស់សម រង្ស៊ី ដែរនោះ ឃើញថាគណបក្សមួយនេះ រកប្រធានពេញសិទ្ធិមិនទាន់ឃើញទេ វានៅក្នុងកម្រិតហានិភ័យមួយ ដែលគណបក្សនេះ ប្រឈមនឹងការរំលាយចោល ដោយសាររកប្រធានថ្មីមិនទាន់បាន ពីព្រោះតាមលក្ខន្តិកៈរបស់គណបក្ស ប្រធានបាត់បង់មុន ១៨ខែនេះ គឺវាអាចប្រឈមរឿងច្រើនណាស់ ។ អ៊ីចឹងប្រធានស្ដីទី ក៏វាគ្មានឥទ្ធិពលអីដែរ ហើយលោករ៉ុង ឈុន នោះ ក៏វាគ្មានឥទ្ធិពលអីដើម្បីទៅនាំមុខនយោបាយ មានកម្លាំងប្រៀបនយោបាយ ២០២៧-២០២៨ ទេ ទៅមិនរួចទេ ហើយមួយទៀត គណបក្សសម រង្ស៊ី ក្រោយមក ជាគណបក្សភ្លើងទៀន ក៏ជាគណបក្សមួយ ដែលដើរឆ្ងាយគំនិតរបស់សម រង្ស៊ី ទៅហើយ ។ អ៊ីចឹងសម រង្ស៊ី ចាប់អីក៏ផុង ចាប់អីក៏ផុងដែរ អ៊ីចឹងដំណើរនយោបាយរបស់លោកសម រង្ស៊ី នេះ គឺចុះត្រដែត រកកន្លែងងើបមិនឃើញទេ“ ។
លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយមួយវិញទៀត ទាក់ទងនឹងចំណុចទី៣ យើងទទួលស្គាល់ទាំងអស់គ្នា ថាប្រទេសជាតិយើង ក្រោយសម័យអង្គរ គឺយើងជួបនូវរឿងរ៉ាវច្រើនណាស់ ការបែកបាក់ផ្ទៃក្នុង សង្រ្គាម វេទនាសព្វបែបយ៉ាងទាំងអស់ ហើយចូលដល់សករាជថ្មី ជំនាន់សម្ដេចតេជោ នេះ យើងឃើញកម្ពុជា ស្គាល់នូវសករាជមួយរុងរឿង ប្រទេសជាតិ រីកចម្រើន ប្រជាជនមានអាហារហូបចុកគ្រប់គ្រាន់ ហើយសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ហើយដំណើរការជាតិចេះតែមុខកាន់តែរឹងមាំបន្តិចម្ដងៗទៅ ។ នេះគឺជាស្នាដៃធំរបស់សម្ដេចហ៊ុន សែន ។ អ៊ីចឹងលោកគឺជាអ្នកប្រាជ្ញមួយ ដែលមានបញ្ញាស្មារតីខ្ពស់ណាស់ដល់ខ្មែរយើង នាំសុភមង្គលជូនខ្មែរយើងគ្រប់គ្នា ។ ចំណែកលោកសម រង្ស៊ី វិញ ជាមេដឹកនាំបដិវត្តន៍ក្លែងក្លាយ មួយរយភាគរយនោះ គឺខ្ញុំមើលឃើញថា អ្នកដែលដើរតាមសម រង្ស៊ី គឺរីងរៃ អ្នកដែលទៅតាមសម រង្ស៊ី គឺគ្មានអនាគត ហើយអ្នកដើរតាមសម រង្ស៊ី អស់តម្លៃប្រើប្រាស់ គឺទាត់ចោល ហើយបោកថ្មីបន្តទៀត» ។
លោក រស់ សារ៉ុម បន្តទៀតថា «អ៊ីចឹងសម រង្ស៊ី មិនមែនជាមេបដិវត្តន៍ពិតប្រាកដទេ បើជាមេបដិវត្តន៍ពិតប្រាកដ មិនមែនរត់ចោលស្រុកអ៊ីចឹងទេ គឺតស៊ូនៅក្នុងស្រុក ធ្វើកិច្ចការងារសព្វបែបយ៉ាងទាំងអស់នៅក្នុងស្រុក ។ វាមិនដែលម៉ែអាណាដឹកនាំបដិវត្តន៍ ៣០ឆ្នាំ គ្មានការប្រែប្រួលសោះអ៊ីចេះទេ ។ អ៊ីចឹងមានន័យថា ជាមេបដិវត្តន៍ក្លែងក្លាយហើយ ដោយសារអី? សម រង្ស៊ី វីឡាក៏មាននៅ ទ្រព្យសម្បត្តិក៏មាន ស្អីក៏មាន ប៉ុន្តែកូនចៅសម រង្ស៊ី ល្ហាម ជាប់គុកគ្រប់ទិសទី ហើយមួយសេន ក៏សម រង្ស៊ី មិនឲ្យផង ហើយលិខិតរំលែកទុក្ខ ក៏គ្មានដែរ តែអស់តម្លៃប្រើប្រាស់ លាបពណ៌ ចោទគ្នា ។ អ៊ីចឹងមានន័យថា សម រង្ស៊ី នេះ មិនមែនជាមេដឹកនាំគំរូមួយ ដែលគេយកគំរូតាមទេ ជាមេដឹកនាំមួយ ដែលបំផ្លាញជាតិច្រើនជាងជួយជាតិ ។ អ៊ីចឹងហើយបានខ្ញុំថា អ្នកដែលដើរតាមសម រង្ស៊ី បដិវត្តន៍ដែលសម រង្ស៊ី ដឹកនាំនេះ គឺមានតែផ្លូវបរាជ័យទេ គ្មានផ្លូវជោគជ័យទេ ដោយសារអី? សម រង្ស៊ី មិនមែនជាមេដឹកនាំពិតប្រាកដទេ ប៉ុន្តែជាមេបដិវត្តន៍ក្លែងក្លាយ មួយរយភាគរយ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ ដូចខាងលើនេះ បានធ្វើឡើងក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានចេញបញ្ជាឱ្យក្រុមអ្នកសារព័ត៌មាន និងបុគ្គលិកផ្សេងទៀត សរុបរាប់ពាន់នាក់ នៃវិទ្យុល្បីៗ ដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិក រួមមាន វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុអឺរ៉ុបសេរី (RFE) ឱ្យចាកចេញពីការិយាល័យរបស់ពួកគេជាបន្ទាន់ ពោលគឺឱ្យពួកគេលាឈប់ពីការងារភ្លាមៗតែម្ដង ។
នៅពេលបានឃើញការសម្រេចរបស់លោកត្រាំ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ក៏បានចំអកឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលមុននេះធ្លាប់បានវាយប្រហារលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ថាជាជនផ្តាច់ការ ប្រជាភិថុតិ តែឥឡូវនេះបានរត់ទៅឱបជើងលោកត្រាំ នៅអាមេរិក។ ប៉ុន្តែបក្សកាន់អំណាច យល់ថា លោកដូណាល់ ត្រាំ អត់មើលមុខទណ្ឌិតសម រង្ស៊ី ទេ គឺលោកត្រាំ មិនរាប់អានតែម្តង ពីព្រោះមនុស្សនេះ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ បើអាមេរិក គាំទ្រ វានាំឲ្យខូចឈ្មោះ មុខមាត់អាមេរិក ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ថា “ដោយអស់ផ្លូវ រត់ពីប្រទេសមួយ ទៅប្រទេសមួយ គឺមានតែចង់រត់ទៅរកពឹងអំណាចរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែទោះបីថា ទណ្ឌិតហ្នឹងមេឧទ្ទាមក្រៅច្បាប់ ខ្មែរនៅក្រៅប្រទេស រត់ទៅពឹងពាក់សហរដ្ឋអាមេរិក ហ្នឹង វាបានត្រឹមតែសមាជិកព្រឹទ្ធសភា ម្នាក់ពីរនាក់ និងតំណាងរាស្រ្តម្នាក់ពីរនាក់តែប៉ុណ្ណោះ ។ ចំណែកលោកដូណាល់ ត្រាំ អត់មានមើលមុខទណ្ឌិតសម រង្ស៊ី ហ្នឹងទេ ពីព្រោះម្នាក់ហ្នឹង មិនមែនជាអ្នកប្រជាធិបតេយ្យទេ តែលោកត្រាំ មិនរាប់អានហើយ ដោយសារមនុស្សហ្នឹង ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ហើយបើអាមេរិក គាំទ្រពួកហ្នឹងទៅ វានាំឲ្យខូចឈ្មោះមុខមាត់អាមេរិក ទៅទៀត ។ អ៊ីចឹងទេ ការដែលទណ្ឌិរូបនេះមានមុខចេញមកនិយាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា យ៉ាងណាក្ដី ក៏ប៉ុន្តែមិនមែនជាគោលការណ៍របស់លោកត្រាំ ទេ ជាគោលការណ៍របស់អាមេខ្លោងដែលគ្រប់គ្រងវិទ្យុអាស៊ីសេរីហ្នឹង ដែលមាននិន្នាការនយោបាយទៅរកក្រុមឧទ្ទាមក្រៅច្បាប់ ដោយសង្ឃឹមថា នៅពេលណាមួយដែលក្រុមឧទ្ទាមក្រៅច្បាប់ បានកាន់អំណាចនោះ ពួកគេនឹងបានធ្វើជាឧត្ដមមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល អាហ្នឹងវាជាគំនិត ។ ក៏ប៉ុន្តែការដែលរង់ចាំរបស់គេ រង់ចាំហើយរង់ចាំទៀត រង់ចាំរហូតទៅដល់វិទ្យុអាស៊ីសេរី ត្រូវក្ស័យជីវិតតែម្ដង ។ អាហ្នឹងហើយ គឺថាប្រជាជន ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិអាមេរិក ហ្នឹងបានវាយតម្លៃរួចហើយថា នយោបាយដែលក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ដែលអាចឈានជើងទៅសហរដ្ឋអាមេរិក ឬមួយក៏មានមុខនៅក្នុងវេទិកាវិទ្យុអាស៊ីសេរីនេះ មិនមែនជានយោបាយរបស់រដ្ឋាភិបាលអាមេរិក ទេ ក៏ប៉ុន្តែធាតុពិត គឺគ្រាន់តែជាការគប់គិតជាមួយនឹងអាតួដែលដឹកនាំវិទ្យុអាស៊ីសេរីហ្នឹងឯង…“ ។
ចំណែកសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រ កោតសរសើរ និងអរគុណចំពោះចំណាត់ការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានសម្រេចឈប់ផ្តល់ថវិកាទ្រទ្រង់បណ្តាញផ្សព្វផ្សាយអាមេរិក មានដូចជាវិទ្យុអាស៊ីសេរី ជាដើម ដោយសម្ដេច ចាត់ទុកចំណាត់ការនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខណៈកន្លងទៅ សម្តេច សង្កេតឃើញថា ចរិតមារយាទ និងសម្ដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួន នៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត ហើយគ្មានគុណធម៌និងសីលធម៌។
សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា “យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហាន ចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិក ជាមុន ។ នេះជាការរួមចំណែកដ៏ធំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា“ ។
សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរបន្តថា “ដូចខ្ញុំបានជម្រាបអង្គប្រជុំអាស៊ាន-អាមេរិក ចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីន ឆ្នាំ២០១៧ ថាការមិនទុកចិត្តលើអាមេរិក ដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះ យល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក ។ ចរិតមារយាទ និងសម្ដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូច នៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ“ ៕ កុលបុត្រ