ខេត្តកណ្តាល ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងនោះ ២ខ្នង ខូចខាតអស់ទាំងស្រុង ខណៈដែល៤ខ្នងផ្សេងទៀត រោលខ្លោច ខូចខាតផ្នែកខ្លះ ដោយមូលហេតផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី និងត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ដើម្បីបាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិ២១បេ ចំណុចស្ពានលេខ៦៤ ស្ថិតក្នុងភូមិក្បាលកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សចរន្តអគ្គិសនី ឆាបឆេះអស់ផ្ទះឈើប្រក់ក្បឿង ចំនួន២ខ្នង ខូចខាតទាំងទ្រព្យសម្បត្តិ ដោយឥទ្ធិពលនៃអគ្គិភ័យនេះ បង្កឱ្យប៉ះពាល់ដល់ផ្ទះអ្នកជិត ខាងចំនួន៤ខ្នងទៀត រងខូចខាតផ្នែកខ្លះ តែមិនបង្កឱ្យ អ្នកណារងរបួសឡើយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោកអេង សុវិចិត្រ អភិបាលក្រុងសំពៅពូន លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន និងលោកវរសេនីយ៍ទោ វង្ស ចាន់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ បានចុះបញ្ជាដឹកនាំដោយផ្ទាល់កម្លាំងអន្តរាគមន៍ពិសេសក្រុងសំពៅពូន និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលពាក់ព័ន្ធ នៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ជួយអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យខាងលើភ្លាមៗ។

ករណីនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកោះធំ ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្អាង ចំនួន១គ្រឿង និងរថយន្តដឹកទឹក ការដ្ឋានថ្នល់ចំនួន១គ្រឿង៕


