ខេត្តស្វាយរៀង ៖ រថយន្ត ១គ្រឿង កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែសង្គ្រោះមិនបាន ធ្វើឲ្យរថយន្តត្រូវបានភ្លើងឆេះសល់តែគ្រោងឆ្អឹងដែក។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ 314D ស្ថិតក្នុងភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។


រថយន្តដែលរងការឆាបឆេះ ម៉ាកហ៊ីយ៉ាន់ដាយ Atoz ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-4813។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេត គេឃើញមានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ Atoz ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-4813 ធ្វើដំណើរពីទិសខាងជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបានឈប់ និងឃើញមានមនុស្សចុះចេញពីរថយន្ត ដោយរថយន្តមានហុយផ្សែង ចេញអណ្តាតភ្លើង ហើយត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ចេញមកជួយយកទឹកជះពន្លត់ និងរាយការណ៍មកសមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ តែដោយភ្លើងឆាបឆេះលឿនពេក បណ្តាលឱ្យរថយន្តត្រូវភ្លើងឆេះអស់ សល់តែគ្រោងឆ្អឹង។


ចំណែកម្ចាស់រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណ បានត្រឹមតែឈរមើលរថយន្តដែលត្រូវភ្លើងឆាបឆេះ និងក្រោយមក សមត្ថកិច្ច និងពលរដ្ឋ បាននាំគ្នាជួយលើករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីកុំឱ្យមានការកក ស្ទះចរាចរណ៍ ដោយករណីនេះមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ៕
