ខេត្តសៀមរាប ៖ បុរសម្នាក់ កំពុងមានវិបត្តិផ្លូវចិត្តរឿងប្រពន្ធសុំលែង នឹកឃើញចង់ទៅផ្ទះមិត្តភក្តិ ដើម្បីផឹក កាត់សាញ និងរៀបរាប់ពីរឿងក្នុងចិត្ត លុះពេលទាញម៉ូតូសណ្តោងរ៉ឺម៉ក ជិះចេញទៅបានពាក់កណ្តាលផ្លូវ ក៏រលត់ ខំធាក់យ៉ាងណាក៏មិនឆេះ ធ្វើឱ្យមួម៉ៅក្តៅក្រហាយ ក៏បង្ហូរសាំង ដុតម៉ូតូចោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចខាងមុខមន្ទីរពេទ្យគន្ធបុប្ផា តាមផ្លូវទៅប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ម៉ូតូដែលត្រូវម្ចាស់ដុតចោល បណ្តាលឱ្យឆេះខូចខាត ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ជាកម្មសិទ្ធិរបស់បុរសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅនិងប្រកបរបររត់ម៉ូតូរ៉ឺម៉ក ក្នុងក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា បុរសខាងលើ ទើបនឹងត្រូវបានប្រពន្ធលែងលះកាលពីពេលថ្មីៗនេះ ធ្វើឱ្យខូចចិត្ត ដើរតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយមានសតិមិនប្រក្រតី ព្រោះធ្លាប់មានគេវាយបែកក្បាល ហើយមានវិបត្តិផ្លូវចិត្តផង ក៏គិតតែដើរផឹក មិនស្តាប់ឪពុកម្តាយឡើយ និងមកស្នាក់នៅផ្ទះជួលតែម្នាក់ឯង។

ប្រភពដដែល បន្តថា នៅថ្ងៃកើតហេតុ បុរសខាងលើ បានទាញម៉ូតូកង់បីរបស់ខ្លួន ជិះចេញពីផ្ទះ បំណងទៅផឹកស៊ីជាមួយមិត្តភក្តិ ដើម្បីកាត់សាញ និងរៀបរាប់ពីរឿងក្នុងចិត្ត លុះពេលជិះដល់ពាក់កណ្តាលផ្លូវ ហួស សណ្ឋាគារសូហ្វីតែល ខាងជើងឆៀងខាងលិចធនាគារ ABA ផ្លូវកែងបំបែកអភិរក្សអង្គរ ម៉ូតូបានរលត់ ធាក់មិនឆេះ ទើបធ្វើឱ្យបុរសខាងលើខឹងសម្បា ក្តៅក្រហាយ ក៏ដោះកន្ទុយរ៉ឺម៉កចេញ រួចបង្ហូរសាំងដុតម៉ូតូចោលតែម្តង ធ្វើឱ្យកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលពេញមុខមន្ទីរពេទ្យគន្ធបុប្ផា សំណាងល្អ មិនឆេះរាលដាលដល់បង្គោលភ្លើង ឬបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងភ្លាមៗ ចៀសវាងឆេះរាល រួចនាំបុរសជាម្ចាស់ម៉ូតូ ទៅសាកសួរ៕