Monday, March 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សស្រីផឹកទឹកត្នោតជូរ លេងទឹក ល.../ង់ស្លាប់៣

សិស្សស្រីផឹកទឹកត្នោតជូរ លេងទឹក ល…/ង់ស្លាប់៣

ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលា ១ក្រុម មានគ្នា ៧នាក់ បាននាំគ្នាអង្គុយហូបចុក និងផឹកទឹកត្នោតជូរ នៅឆ្នេរខ្សាច់មាត់ទន្លេ លុះក្រោយមកក្មេងស្រី៥នាក់ បាននាំគ្នាចុះទៅហែលទឹកលេង ខណៈដែល២នាក់ទៀត នៅឈរមើលពីមាត់ច្រាំង ស្រាប់តែអកុសល កំពុងហែលលេង សប្បាយ ធ្លាក់អន្លង់ទឹកជ្រៅ បណ្តាលឱ្យលង់ជាបន្ត បន្ទាប់ ហើយភ្លាមនោះ មិត្តភក្តិ ២នាក់ដែលឈរនៅមាត់ច្រាំង បានស្រែកហៅទូកនេសាទឱ្យជួយសង្គ្រោះបានក្មេងស្រី ២នាក់ ចំណែក ៣នាក់ទៀត បានលង់ទឹកស្លាប់។

ករណីសិស្សស្រីលង់ទឹកស្លាប់៣នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គ ស្ថិតនៅត្រង់កំពង់ដកោះដាច់-ពុកឫស្សី ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

ក្មេងស្រីរងគ្រោះទាំង៣នាក់ ដែលលង់ទឹកស្លាប់ រួមមាន ទី១-ឈ្មោះវិន ស្រីតា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ព្រែកក្របៅ។ ទី២-ឈ្មោះហាន លីនដា ភេទស្រី អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៨ និងទី៣-ឈ្មោះសុផា រតនា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស។ ក្មេងស្រីទាំង៣នាក់ មានលំនៅ ភូមិក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីជាសិស្សសាលា ចំនួន៧នាក់ បានជិះកង់ទៅលេងឆ្នេរខ្សាច់ក្បាលកោះដាច់ (ត្រង់ចំណុចកើតហេតុខាងលើ) រួចបានអង្គុយញ៉ាំអី និងផឹកទឹកត្នោតជូរ។ លុះក្រោយមក ក្មេងស្រី ចំនួន៥នាក់នោះ បាននាំគ្នាចុះទៅហែលទឹកទន្លេមេគង្គ លុះកំពុងលេងទឹកយ៉ាងសប្បាយ ស្រាប់តែក្មេងស្រីទាំង៥នាក់ បានធ្លាក់អន្លង់ជ្រៅ ផុតជើង លង់ទឹកជាបន្តបន្ទាប់។ ភ្លាមៗនោះ ក្មេងស្រី ២នាក់ ដែលនៅខាងលើ បានឃើញក៏ស្រែកឱ្យទូកនេសាទចេញទៅជួយស្រង់សង្គ្រោះ បាន ២នាក់ នៅសល់ ៣នាក់ទៀត លិចចូលទឹកបាត់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្នុងភូមិ និងអ្នកនេសាទ បាននាំគ្នាចុះជួយរាវរកក្មេងស្រីរងគ្រោះ រហូតដល់ប្រទះឃើញសពក្មេងស្រីទាំង៣នាក់ ក៏ស្រង់មកដាក់មាត់ច្រាំង រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ដើម្បីចុះពិនិត្យ។

បន្ទាប់មក សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសព រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះទាំង៣ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន៕

RELATED ARTICLES