ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចជំនាញកម្ពុជា បានសម្រេចបណ្តេញចេញជនជាតិថៃ ចំនួន៩នាក់ ចេញពីទឹកដីកម្ពុជា បន្ទាប់ពីរកឃើញថា ក្រុមជនជាតិថៃ ទាំងនោះ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារខុសច្បាប់។

ការបណ្តេញចេញជនជាតិថៃ ទាំង៩នាក់ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក អនុសេនីយ៍ឯក សុខ បូរិទ្ធ ឋានៈនាយផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃ ចំនួន៩នាក់ (ស្រី៣នាក់) ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារខុសច្បាប់។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេស រយៈពេល៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រក ទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត៕