ខេត្តស្វាយរៀង ៖ បុរសម្នាក់ កំពុងដើរទិញអីវ៉ាន់នៅក្នុងផ្សាររាត្រី ស្រាប់តែមានមនុស្សចំនួន ៣នាក់ បានមកចាប់អូសទាញយកទៅ ធ្វើឱ្យបុរសនោះស្រែកឡាំប៉ាហៅគេជួយថា “ជួយផង ! យួនចាប់ជំរិតខ្មែរ” ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ ជួយរំដោះទាន់ និងឃាត់ខ្លួនជនជាតិវៀតណាម ទាំង៣នាក់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅសាកសួរ ទើបដឹងថា ជាករណីខ្ចីលុយលេងល្បែងក្នុងកាស៊ីណូចាញ់ ប្រុងរត់គេច លុះគេតាមច្បាប់ ក៏ស្រែកថាជាករណីចាប់ជំរិត ទាំងដែលបុរសទាំង៣ គឺជាជនជាតិវៀតណាម រីឯអ្នកជំពាក់លុយនោះ ក៏ជាជនអន្តោប្រ វេសន៍វៀតណាមដូចគ្នា។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះដែលជាជនជាតិខ្មែរ កំពុងដើររកទិញអីហូប នៅក្នុងផ្សាររាត្រី ដែលទើបតែបើកថ្មី នៅជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខណៈនោះស្រាប់តែមានជនជាតិវៀតណាម ចំនួន៣នាក់ មកធ្វើ សកម្មភាពចាប់ជនរងគ្រោះ អូសចេញពីផ្សាររាត្រី បណ្តាលឱ្យមានការភ្ញាក់ផ្អើល ហើយជនរងគ្រោះ បានស្រែកថា “ជួយខ្ញុំផងៗ! គេចាប់ជំរិតខ្ញុំ” ខណៈនោះ ប្រជាពលរដ្ឋខ្មែរ ដែលទៅដើរលេងនៅផ្សាររាត្រី ផ្អើលឆោឡោ នាំគ្នាពទ្ធ័ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម បានចំនួន៣នាក់ ហើយបានរំដោះជនរងគ្រោះពីក្រុមជនសង្ស័យ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ទាំង៣នាក់ យកទៅប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីសាកសួរ។

ជុំវិញករណីនេះ លោកនាយប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់បាវិត បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីប្រជា ពលរដ្ឋចាប់ជនជាតិវៀតណាម ៣នាក់ ប្រគល់ឱ្យសមត្ថកិច្ចប្រាកដមែន ដោយប្រជាពលរដ្ឋចោទថា ជនជាតិវៀតណាម ទាំង៣នាក់នេះ ចាប់ជំរិតខ្មែរ។ បន្ទាប់មក សមត្ថកិច្ចបានទទួលជនសង្ស័យ នាំយកទៅប៉ុស្ត៍ ហើយក្រោយពីបានសាកសួរ លទ្ធផលគឺពុំមែនជាករណីចាប់ជំរិតទេ។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា ករណីនេះ គឺអ្នកលេងល្បែងចាញ់ នៅក្នុងកាស៊ីណូ ហើយបានខ្ចីប្រាក់ពីជនជាតិវៀតណាម ៣នាក់នោះ ចំនួន៥០លានដុង (លុយវៀតណាម ស្មើនឹងជិត២០០០ដុល្លារ) ហើយបន្តលេងល្បែងទៀត រហូតចាញ់អស់ ៥០លានដុងទៀត ក៏ដើរចេញពីកាស៊ីណូ បម្រុងគេចខ្លួន មិនព្រមសងលុយពួកគេ ទើបពួកគេតាមមកដល់ក្នុងផ្សាររាត្រី ក៏ចាប់ក្របួចកអាវ អូសយកទៅកាស៊ីវិញ ដើម្បីទារប្រាក់ដែលខ្ចី ចំនួន៥០លានដុង ដែលលេងល្បែងចាញ់អស់នោះ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឆោឡោ ពទ្ធ័ចាប់ជនសង្ស័យទាំង៣នាក់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។

ចំណែកជនរងគ្រោះ ដែលប្រាប់ថា គាត់ជាខ្មែរនោះ តាមពិតគឺជាជនអន្តោប្រវេសន៍ជនជាតិវៀតណាម ប្រើប្រាស់ប័ណ្ណលឿង មកស្នាក់នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ហើយជននេះ បានចូលទៅលេងល្បែងក្នុងកាស៊ីណូ ចាញ់លុយអស់ ក៏បានខ្ចី លុយពីភ្នាក់ងារកាស៊ីណូ ឬអ្នកនាំម៉ូយឱ្យកាស៊ីណូ ពេលមានភ្ញៀវដែលគេនាំឱ្យទៅលេងល្បែងក្នុងកាស៊ីណូ ចាញ់អស់ប្រាក់ ត្រូវការប្រាក់លេងល្បែងបន្ត គឺភ្នាក់ ងារនាំភ្ញៀវនេះ បានឱ្យប្រាក់ភ្ញៀវខ្ចីលេងបន្ត។ ក្រោយពីសាកសួរដឹងរឿងអស់ហើយ សមត្ថកិច្ចបានដោះ លែងជនជាតិវៀតណាម ទាំង៣នាក់ ឱ្យត្រឡប់ទៅវិញ ហើយប្រគល់ជនអន្តោប្រវេសន៍ដែលជំពាក់លុយគេ ៥០លានដុង ឱ្យទៅដោះស្រាយគ្នានៅកាស៊ីណូវិញ ដោយសមត្ថកិច្ចមិនលូកដៃទេ៕