ខេត្តបាត់ដំបងៈ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្ត្រីគយ និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំ ដោយលោកទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខ រថយន្ត និងនាំចូលរថយន្តខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិបឹងអម្ពិល ឃុំស្តៅ ស្រុករតនមណ្ឌល។


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយមន្ត្រីគយ និងមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបទីតាំងមួយនេះ ដែលមានម្ចាស់ទីតាំងឈ្មោះលី យ៉ុងកួយ ភេទប្រុស ជនជាតិចិន អាយុ៥៥ឆ្នាំ និងអ្នក តំណាងទីតាំងឈ្មោះ វ៉ាន់ សុជាតា ភេទស្រី អាយុ ៣៣ឆ្នាំ មានតួនាទីគណនេយ្យ។


លោកវរសេនីយ៍ឯក ជា តារា បានបញ្ជាក់ទៀតថា ក្រោយចុះបង្ក្រាប កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បានធ្វើការត្រួតពិនិត្យរកឃើញមានរថយន្តខុសច្បាប់ និងធ្វើការឃាត់ទុក រួមមាន ១-ក្បាលរថយន្តសណ្តោងរ៉ឺម៉ក ចង្កូតស្តាំ ចំនួន១៤គ្រឿង។ ២- រថយន្តទេសចរណ៍ចម្រុះម៉ាក ចង្កូតស្តាំ ចំនួន១០គ្រឿង។ ៣-រ៉ឺម៉កសណ្តោង មានស៊ីទែន ចំនួន២គ្រឿង។ ៤-សឺមីរ៉ឺម៉ក ចំនួនគ្រឿង។ សម្រាប់រថយន្តកែច្នៃទាំងនេះ ត្រូវបានប្រគល់ជូនមន្ត្រីគយ និងរដ្ឋាករ ចាត់ការតាមនីតិវិធី។


ដោយឡែកឧបករណ៍សម្រាប់ដាប់លេខតួរថយន្ត ចំនួន១ឈុត ត្រូវបានយកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីធ្វើតាមនីតិវិធី។ រីឯឈើមួយចំនួន ត្រូវបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី៕




