ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ២នាក់ បានចូលទៅហាងមាស មួយកន្លែង បានយកចិញ្ចៀន ១វង់ ទៅបញ្ចាំ ក្នុងតម្លៃ ៤០ម៉ឺនរៀល ដោយភ្ជាប់ជាមួយនឹងសំបុត្រទិញ-លក់ត្រឹមត្រូវទៀតផង ទើបអ្នកលក់មាស មិនចាប់អារម្មណ៍ ក៏ប្រគល់ប្រាក់ទៅឱ្យជនសង្ស័យ លុះគ្រាន់តែបានប្រាក់ដល់ដៃភ្លាម ជនសង្ស័យទាំង២នាក់ ប្រ ញាប់ប្រញាប់ចាកចេញ គួរឱ្យសង្ស័យ ទើបអ្នកលក់មាស ប្រញាប់ពិនិត្យមើលចិញ្ចៀន ទើបដឹងថា ជារបស់កាឡៃ ក៏ប្តឹងសមត្ថកិច្ច ចុះចាប់វាយខ្នោះជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆបោកនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងទីប្រជុំជនផ្សារមួយកន្លែង ក្នុងស្រុកសំឡូត។
ជនសង្ស័យឆបោក ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរ៉េន ម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅ ភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងទី២-ឈ្មោះវ៉ាន់ សំណាង ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅ ភូមិព្រះធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះលាម ណែត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអាជីវករលក់មាស និងប្តូរប្រាក់ មានលំនៅ ក្រុមទី០៣ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានអតិថិជនចូលមកហាងរបស់គាត់ទាំងព្រឹក ដោយក្នុងនោះ មានស្ត្រីម្នាក់ និងបុរសវ័យកណ្តាលម្នាក់ បានចូលមកបញ្ចាំចិញ្ចៀនមាស ១វង់ ក្នុងតម្លៃ ៤០ម៉ឺនរៀល ដោយប្រាប់ថា ត្រូវការប្រាក់ចំបាច់ បញ្ចាំតែ៣ថ្ងៃទេ នឹងមកលោះយកចិញ្ចៀននេះទៅវិញហើយ។ បន្ទាប់មក ស្ត្រីរូបនោះ បានហុចចិញ្ចៀនឱ្យមក ដោយមានបង្កាន់ដៃទិញផង ទើបគាត់យល់ថា ចិញ្ចៀននេះ ជារបស់ពិតមានប្រភពអ្នកលក់ច្បាស់លាស់ ក៏យល់ព្រមទទួលយក ហើយប្រគល់ប្រាក់ចំនួន ខាងលើឱ្យទៅស្ត្រីនិងបុរសរូបនោះ។ ខណៈទទួលបានប្រាក់ភ្លាម អ្នកទាំងពីរហាក់ប្រញាប់ប្រញាល់ចាកចេញ ធ្វើឱ្យគាត់សង្ស័យ ក៏យកចិញ្ចៀននោះមកពិនិត្យមើលឡើងវិញ ទើបដឹងថា ជាចិញ្ចៀនកាឡៃ មិនមែនចិញ្ចៀនមាស ទើបគាត់ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចស្រុកសំឡូត ដែលមានលោកវរសេនីយ៍ទោ មែន រីម ជាអធិការនគរបាលស្រុក និងចេញអន្តរាគមន៍ភ្លាមៗ ដោយស្ទាក់ចាប់ស្ត្រី និងបុរសវ័យ កណ្តាលទាំង២នាក់ កំពុងជិះម៉ូតូ ១គ្រឿង ចាកចេញពីភូមិសាស្ត្រស្រុកសំឡូត បំណងគេចខ្លួន។
ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានរកឃើញចិញ្ចៀនកាឡៃ ជាច្រើន ស្ថិតនៅជាប់ខ្លួនរបស់ជនសង្ស័យទាំង២នាក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើរធ្វើ សកម្មភាពបន្លំឆបោក ដោយប្រើប្រាស់រូបភាពបែបនេះប្រាកដមែន ដោយកន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពតាមស្រុកជនបទដាច់ស្រយាល បានសម្រេចជាច្រើនដងមកហើយ។
ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕