Wednesday, March 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុ.../ករត់ លាក់ទុកនៅផ្ទះបងប្អូន

បើកឡានបុ…/ករត់ លាក់ទុកនៅផ្ទះបងប្អូន

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង បុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ហើយភ្លាមៗនោះ អ្នកបើកបរបានបើករថយន្តគេចបាត់ ។ លុះ១ថ្ងៃក្រោយមក សមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តបង្កហេតុ ដែលបើកយកទៅលាក់ទុកនៅឯផ្ទះបងប្អូន ប៉ុន្តែជនបង្កហេតុ បានរត់គេចខ្លួនបាត់។

ហេតុគ្រោះចរាចរណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១៩ បុរីពិភពថ្មី ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តបង្កហេតុ ខណៈអ្នកបើកបរ បានរត់គេចខ្លួនបាត់។

រថយន្តបង្កហេតុ ម៉ាកហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2B-5236 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ដែលប្រភពខ្លះថាជាគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើ បានបើកបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-8825 បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម និងត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយបង្កហេតុភ្លាមៗ អ្នកបើកបរមិនបានចុះមកដោះស្រាយទេ បែរជាបើករថយន្តគេចចេញពីកន្លែងកើតហេតុ ធ្វើឱ្យអ្នកចោមរោមមើល ផ្ទុះកំហឹងជាខ្លាំង ដោយខ្លះទាញទូរស័ព្ទថតសកម្មភាពអសីលធម៌របស់អ្នកបើកបរ ហើយខ្លះទៀតខឹងសម្បាខ្លាំង រហូតដល់ដេញគប់រថយន្តនោះទៀតផង។

បន្ទាប់ពីកើតមានករណីខាងលើ លោកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឃឹម សារិទ្ធិ អធិការរងទទួលផែនចរាចរណ៍ខណ្ឌ ដឹកនាំកម្លាំងនគរបាលខណ្ឌ ចុះធ្វើ ការស្រាវជ្រាវនៅកន្លែងកើតហេតុភ្លាមៗ។  រហូតដល់វេលាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក៏បានរកឃើញរថយន្តនោះ ដោយជនបង្កហេតុ បានបើកយកទៅទុកនៅផ្ទះបងប្អូន នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ តែជនបង្កហេតុ បានរត់គេចបាត់។

បន្ទាប់មកកម្លាំងសមត្ថកិច្ច បាននាំយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

RELATED ARTICLES