ខេត្តស្វាយរៀង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលពិធីមង្គលការមួយ កំពុងរៀបចំបែរជាឪពុកបង្កើតរបស់កូនក្រមុំ បានបាត់បង់ជីវិត ធ្វើឱ្យក្រុមគ្រួសារសម្រេចចិត្តរុះរោងការ និងសង់ជំនួសវិញនូវរោងបុណ្យសព ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិ។

រឿងហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិត្មាតពង ឃុំសំបួរ ស្រុករមាសហែក។
បុរសរងគ្រោះដែលបាត់បង់ជីវិតចំថ្ងៃកូនក្រមុំរបស់ខ្លួនរៀបការនោះ មានឈ្មោះនួន ម៉ៅ អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្មាតពង ឃុំសំបួរ ស្រុករមាសហែក។

តាមសម្តីស្ត្រីឈ្មោះស៊ុន ភឿង អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ប្តីរបស់គាត់ (ជនរងគ្រោះ) បានជិះម៉ូតូទៅទិញបន្លែ នៅផ្សារកំពង់ត្រាច និងទិញសាច់ ដើម្បីយកមករៀបចំធ្វើម្ហូបទទួលភ្ញៀវ ថ្ងៃចូលរោងការកូនស្រី លុះពេលដឹកបន្លែនិងសាច់ មកដល់ផ្ទះ អង្គុយសម្រាកបានបន្តិច មានទូរស័ព្ទបងប្អូនមកពីភ្នំពេញ ឱ្យទៅទទួលនៅភូមិពោភ្លីង គេរកផ្លូវមកផ្ទះការ អត់ឃើញ ខណៈនោះប្តីរបស់គាត់បានជិះម៉ូតូទៅទទួលបងប្អូន មកដល់ផ្ទះ បានមួយសន្ទុះ ស្រាប់តែនៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃដដែល មានបងប្អូនផ្សេងទៀត ទូរស័ព្ទហៅឱ្យទៅទួលនៅភូមិពានភ្លើងទៀត ព្រោះរកផ្លូវមិនឃើញដូចគ្នា។ ភ្លាមនោះ ប្តីរបស់គាត់ បានជិះម៉ូតូចេញទៅទទួល ម្តងទៀត ប៉ុន្តែលើកនេះគ្រាន់តែជិះម៉ូតូបានពាក់កណ្តាលផ្លូវ ស្រាប់តែប្តី គាត់ កើតមានអាការឈឺចង្កេះយ៉ាងខ្លាំង ក៏បកម៉ូតូត្រឡប់ក្រោយមកផ្ទះវិញ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះពេលមកដល់ផ្ទះ ប្តីគាត់បានឡើងទៅអង្គុយលើគ្រែក្រោមផ្ទះ និងប្រាប់ប្រពន្ធកូនថា គាត់ឈឺចង្កេះខ្លាំងណាស់ ភ្លាមនោះគាត់ជាប្រពន្ធ និងកូនៗ បាននាំគ្នាជួយច្របាច់ឱ្យ ហើយដោយសារតែប្តីរបស់គាត់ធ្លាប់មានប្រវត្តិជំងឺលើសឈាម ទើបពួកគាត់យកផ្លែក្រូចឆ្មារ មកកោសនិងច្របាច់ដាក់ក្នុងមាត់គាត់ ហើយពេលនោះ ប្តីគាត់ប្រាប់ទៀតថា គាត់ដូចជាថប់ៗ ពិបាកដកដង្ហើមណាស់ លុះពេលនាំគ្នាជួយរឹតដើមទ្រូង ស្រាប់តែប្តីគាត់សន្លប់បាត់មាត់ឈឹង ទើបកើតមានការភ្ញាក់ផ្អើល និងប្រញាប់ដឹកបញ្ជូនប្តីទៅមណ្ឌល សុខភាព ដើម្បីសង្គ្រោះភ្លាមៗដែរ តែពេលដឹកទៅដល់ លោកគ្រូពេទ្យបានជួយដាក់ខ្យល់អុកស៊ីសែនឱ្យដែរ តែសង្គ្រោះមិនបាន ដោយប្តីរបស់គាត់បានស្លាប់ទៅហើយ និងសង្ស័យថា អាចស្លាប់តាំងពីដឹកមកពេទ្យ បានពាក់កណ្តាលផ្លូវម៉្លេះ។
គួរបញ្ជាក់ថា ជនរងគ្រោះខាងលើ មានកូន៣នាក់ (ប្រុស១ ស្រី២) ដោយកូនប្រុសកណ្តាលបានរៀបការម្នាក់ទៅហើយ ហើយថ្ងៃកើតហេតុនេះ កំពុងរៀបចំអាពាហ៍ពិពាហ៍កូនស្រីច្បងអាយុ៣២ឆ្នាំ តែមិននឹកស្មានថា ថ្ងៃចូលរោងការកូន បែរជាកើតមានគ្រោះអកុសលបែបនេះ សោះ ធ្វើឲ្យរោងការកូនស្រី ក្លាយរោងបុណ្យសពឪទៅវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា សពបុរសរងគ្រោះដែលជាឪពុកកូនក្រមុំ ត្រូវបានបូជារួចរាល់ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ហើយក្រោយពីដង្ហែសពទៅបូជារួច ផ្ទះខាងកូនកំលោះ បានហៅកូនក្រមុំ មកសំពះផ្ទឹម សែនដូនតា នៅរោងខាងប្រុស ដើម្បីបំពេញកិច្ចអាពាហ៍ពិពាហ៍ ដោយកាត់ចោលថ្ងៃចូលរោង និងពិធីទាំងអស់ គឺប្តូរពីរៀបការ មកត្រឹមសែនព្រែនស្ងាត់ៗ មិនចាក់មីក្រូអ្វីឡើយ៕