ភ្នំពេញ ៖ ស្ពានអាកាស “មរតកតេជោ” ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចម្ការមន ដែលជាស្ពានអាកាសពីរជាន់ ដំបូងគេនៅប្រទេសកម្ពុជា គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស “មរតកតេជោ” មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជា ពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី និងដោះស្រាយការកកស្ទះចរាចរណ៍នៅទីតាំងនេះផងដែរ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វើដំណើរ សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក ជាពិ សេស ពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗ ដូចជា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ ជាដើម។

លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត នឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

ស្ពានអាកាសថ្មីនេះ ត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អញ្ជើញជាអធិបតី ធ្វើពិ ធីក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបញ្ចុះបឋមសិលា កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។

ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចម្ការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយ ថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននូវលំហូរចរាចរណ៍ពីខេត្តកណ្តាល ឆ្លងកាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី (ព្រលានយន្តហោះតេជោក្រុងតាខ្មៅ) ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ និងទី២ អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវ ជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ៕
