Thursday, April 3, 2025
Homeសង្គម និងជីវិតសត្វស្លាបច្រើនប្រភេទ ញាស់នៅតំបន់បឹងព្រែកល្ពៅ

សត្វស្លាបច្រើនប្រភេទ ញាស់នៅតំបន់បឹងព្រែកល្ពៅ

ខេត្តតាកែវ ៖ សត្វស្លាបជាច្រើនក្បាល និងច្រើនប្រភេទ កំពុងពង ញាស់ និងធំធាត់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងនៅឆ្នាំ២០១៦ មានភូមិ សាស្ត្រក្នុងខេត្តតាកែវ មានផ្ទៃដី ជាង៨ពាន់ហិកតារ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនប្រភេទ កំពុងរស់នៅ មានដូចជា សត្វចង្កៀលខ្យង សត្វរនាលពណ៌ សត្វក្រសារប្រផេះ សត្វក្រសារធ្នង់ សត្វខ្វែក និងសត្វកុក។

បច្ចុប្បន្នតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនកំពុងពង ញាស់ ហើយកូនសត្វខ្លះទៀតកំពុងធំធាត់យ៉ាងល្អ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស បានចុះល្បាត និងបង្ហោះដ្រូន ដើម្បីពិនិត្យស្ថានភាពទីតាំងសត្វស្លាបពងកូន ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រកឃើញថា តំបន់ការពារទេសភាព មានកូន សត្វចង្កៀលខ្យង រាប់ពាន់ក្បាល បានញាស់ធំធាត់ អាចហើរបាន និងមួយចំនួន ពុំទាន់អាចហើរបានទេ។បន្ថែមពីនោះ មានកូនសត្វរនាលពណ៌ ប្រមាណ១៥០ក្បាល បានលូតលាស់ធំធាត់ ដោយមួយចំនួន អាចហើរបាន ទំដើមឈើជិតៗនោះ និងមួយចំនួនទៀត ពុំទាន់អាចហើរបានទេ។ សត្វក្រសារប្រផេះ ប្រមាណជា១៣០ សំបុក បានញាស់ធំធាត់ ដុះរោម អាចឈរលើសម្បុកបាន តែពុំទាន់អាចហើរបាន។ ក្រៅពីនោះ សត្វក្រសារធ្នង់ សត្វខ្វែក សត្វកុក កំពុងក្រាបពងនិងមួយចំនួន កំពុងកាច់សម្បុក។

តាមរយៈទិន្នន័យនេះ បញ្ជាក់ថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ទ្រទ្រង់ជីវិតសត្វស្លាបគ្រប់រដូវកាល និងជាបន្ទាយសត្វស្លាបពងកូន ដ៏ធំមួយ ក្នុងខេត្តតាកែវ៕

RELATED ARTICLES