Sunday, November 24, 2024
Homeតារាខ្មែរពេជ្រ សោភា បំភ្លឺរឿងផ្ទុះជម្លោះងួន ចាន់ដេវីត

ពេជ្រ សោភា បំភ្លឺរឿងផ្ទុះជម្លោះងួន ចាន់ដេវីត

មុននេះតារាចម្រៀងងួន ចាន់ដេវីត បានចេញមុខបញ្ជាក់រឿងព័ត៌មានថា លោកមានជម្លោះជាមួយពេជ្រ សោភា​ ដោយធ្វើការច្រានចោលរាល់អ្វីដែលលេចឮនោះ។

ដោយមានការសំណូមពរពីប្រិយមិត្តអ្នកអានទស្សនាវដ្ដី ”អង្គរធំ” អ្នកយកព័ត៌មានយើងបានស្កាត់ជួបតារាចម្រៀងពេជ្រ សោភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីឲ្យនាងស្រាយបំភ្លឺរឿងដែលគេថា នាងលែងចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងងួន ចាន់ដេវីត ហៅ G-Devith 0ដោយសារតែមានជម្លោះយ៉ាងក្ដៅគគុក មិនអាចផ្សះផ្សាបាននោះ។

ពេជ្រ សោភា បកស្រាយរឿងនេះថា ”តាមពិត ខ្ញុំចង់ឲ្យលោកដេវីត គាត់មានតម្លៃខ្លួនល្អជាងនេះ ព្រោះបើពួកយើងចាប់ដៃគូជាមួយគ្នាគ្រប់កម្មវិធីទាំងអស់នោះឃើញថា ដេវីត មិនសូវបានថ្លៃប៉ុន្មានទេ។ ខ្ញុំចង់ឲ្យគាត់មានប្រាក់ចំណូលល្អ ម្យ៉ាងទៀត សិល្បៈបើយើងគិតតែពីចាប់ដៃគ្នាដដែលៗនោះ គឺវាដដែល ហើយភាពដដែលជាសត្រូវរបស់អ្នកទស្សនា អីចឹងខ្ញុំចង់ឲ្យប្លែក គឺពួកយើងច្រៀងបែកគ្នាខ្លះទៅ។

តាមរយៈ ”អង្គរធំ” ខ្ញុំសូមធ្វើការបកស្រាយថា ខ្ញុំនិងដេវីត គ្មានបញ្ហាជម្លោះគ្នាអីទេ ហើយខ្ញុំជាស្រីទៅឈ្លោះជាមួយប្រុសម៉េចទៅ? រឿងហ្នឹងធម្មតាទេ ពីមុនគេឃើញខ្ញុំច្រៀងតែជាមួយដេវីត តែដល់ពេលច្រៀងបែកគ្នា គេចេះតែម៉ៃអីចឹងទៅ ថាទាស់គ្នា តែរឿងហ្នឹងខ្ញុំសូមធ្វើការច្រានចោលតែម្ដង”។

តាមប្រភពថា ពេជ្រ សោភា បានរកបានតារាចម្រៀងថ្មីម្នាក់ សម្រាប់ចាប់ដៃគូជាមួយនាង ជំនួសលោកងួន ចាន់ដេវីត ទៅហើយ ដោយសារតែអ្នកទាំង២ មិនអាចធ្វើការជាមួយគ្នាបានទៀតឡើយ។ ដោយឡែក លោកដេវីត ក៏ត្រៀមខ្លួនចាប់ដៃគូជាមួយនាងទេព បូព្រឹក្ស វិញម្ដង ដែលធ្វើឲ្យសោភា និងដេវីត កាន់តែលែងស៊ីចង្វាក់គ្នាថែមទៀត ព្រោះសោភា និងបូព្រឹក្ស មិនដែលត្រូវគ្នាម្ដងណាឡើយ។

ពេជ្រ សោភា អះអាងថា ”បើដេវីត ចង់ចាប់ដៃគូជាមួយបូព្រឹក្ស បានតើ គឺក្រុមហ៊ុនមានសិទ្ធិរៀបចំឲ្យចាប់ដៃជាមួយតារាណាក៏បាន ខ្ញុំមិនមានបញ្ហាអីទាំងអស់។ ចំពោះរឿងថា ខ្ញុំចង់ចាប់ដៃជាមួយតារាថ្មីមួយទៀតនោះ គឺជាការពិត ខ្ញុំបានធានាគាត់ចូលហង្សមាស ហើយ ដែលតារាម្នាក់នោះមានសមត្ថភាពម្យ៉ាងម្នាក់ទេ ជាមួយដេវីត។ ខ្ញុំគិតថា ឥឡូវខ្ញុំចាស់ហើយ អីចឹងខ្ញុំចង់ជួយអ្នកណាដែលខ្ញុំអាចធ្វើបាន ទាន់ខ្ញុំមានឱកាស។ តែខ្ញុំមិនដែលតាំងខ្លូនថាជាអ្នកមានគុណលើដេវីត គឺអត់ទេ! ទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ”។

ថ្វីត្បិតែពេជ្រ សោភា ថាគ្មានរឿងជាមួយងួន ចាន់ដេវីត មែន តែពេលនេះនាងមិនច្បាស់ថា ពេលណានឹងចាប់ដៃច្រៀងជាមួយដេវីត សាជាថ្មីវិញឡើយ។ ចំណែកទស្សនិកជនបាននិយាយថា សោភានិងដេវីត ចាប់ផ្ដើមមានបញ្ហាវិវាទគ្នា គឺនៅពេលដែលសោភា ងាកទៅស្នេហ៏ស្និទ្ធប្រុសក្មេងឆឹម សក្កដា ទើបធ្វើឲ្យដេវីត ចង់ងាកទៅចាប់ដៃជាមួយបូព្រឹក្ស វិញម្ដង។ អ្នកខ្លះគិតថា មើលទៅសកម្មភាពសោភា និងដេវីត ហាក់ដូចជាធ្លាប់មានទំនាក់ទំនងគ្នាលើសពីធម្មតា បានជាគ្រាន់តែសោភា​ ទៅផ្អែមល្ហែមស្នេហ៍ជាមួយសក្កដា ស្រាប់តែដេវីត លែងចង់ច្រៀងជាមួយសោភា។

ពេជ្រ សោភា បញ្ជាក់ថា” ខ្ញុំនៅតែច្រៀងជាមួយដេវីត បើអ្នករៀបចំកម្មវិធីតម្រូវ។ ខ្ញុំគ្មានទំនាក់ទំនងអីជាមួយដេវីត លើសពីដៃគូចម្រៀងទេ។ ចំពោះរឿងជាមួយសក្កដា ខ្ញុំមិនមែនលេងល្ខោនទេ ជារឿងពិត ពួកខ្ញុំស្រលាញ់គ្នាមែនទែនតើ! តែខ្ញុំមិនទាន់ចង់រៀបការជាមួយសក្កដា ទេ នៅមើលចិត្តគ្នាសិន ព្រោះអីខ្ញុំទើបលែងប្ដី ហើយខ្លាចខកចិត្តទៀតដែរ”៕

RELATED ARTICLES