Thursday, April 17, 2025
Homeព័ត៌មានជាតិទប់ស្កាត់ចរន្តជ្រុលនិយម មេបក្សសន្តិភាពជាតិ ថាត្រូវដាក់ចូលបញ្ជីខ្មៅភេរវកម្ម

ទប់ស្កាត់ចរន្តជ្រុលនិយម មេបក្សសន្តិភាពជាតិ ថាត្រូវដាក់ចូលបញ្ជីខ្មៅភេរវកម្ម

ភ្នំពេញ ៖ ជាការប្រឆាំងជំទាស់ទៅនឹងការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ នៅក្រៅប្រទេស ដែលមានលោកសម រង្ស៊ី ជាប្រធាន លោកឆាំ ឆានី ជាប្រធានក្រុមជំនួយការ និងលោកគឹម សុខ ជាអ្នកនាំពាក្យនោះ ប្រធានគណបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម បានលើកឡើងថា ទោះបីជាចលនានយោបាយជ្រុលនិយមក្រៅប្រទេស ដឹកនាំដោយទណ្ឌិត សម រង្ស៊ី នេះ វាដូចជាពស់ដែលស្លាប់ក្បាលហើយ នៅក្រៅកន្ទុយក៏ដោយ ក៏មិនត្រូវប្រើច្បាប់ស្រុក ក្នុងការទប់ស្កាត់ក្រុមនេះទេ គឺត្រូវតែបង្កើតច្បាប់ ដាក់ក្រុមនេះក្នុងបញ្ជីខ្មៅភេរវកម្ម ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក រស់ សារ៉ុម លើកឡើងថា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលជាគណបក្សមានសំឡេងភាគច្រើននៅរដ្ឋសភា ល្មមដល់ពេលបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ចូលក្នុងបញ្ជីខ្មៅភេរវកម្មហើយ ទើបអាចទប់ស្កាត់ចរន្តជ្រុលនិយមនេះបាន ព្រោះជាមួយក្រុមនេះ យើងមិនត្រូវប្រើច្បាប់ស្រុកបានទេ គឺយើងត្រូវតែដាក់ចូលក្នុងបញ្ជីខ្មៅភេរវកម្ម ដើម្បីទប់ស្កាត់អ្នកនៅក្នុងប្រទេស កុំឲ្យពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមសម រង្ស៊ី ។ ជាពិសេស មិនទាស់ខុសអីទេ ក្នុងការចាត់វិធានការ «ងើប១ វ៉ៃ១» ដូចដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ពាក់ព័ន្ធនឹងចំណុចនេះ វាជាបុព្វហេតុមួយរបស់គណបក្សសន្តិភាពជាតិ គឺប្រឆាំងជាមួយនយោបាយជ្រុលនិយមគ្រប់រូបភាព មិនថាចេញពីប្រភពណាទេ ដែលធ្វើឲ្យបំផ្លាញដល់ដំណើរការជាតិ សន្តិភាពរបស់យើង ដំណើរការអភិវឌ្ឍជាតិរបស់យើង នោះគឺជាសត្រូវរួមរបស់គណបក្សសន្តិភាពជាតិហើយ ។ អ៊ីចឹងសម្រាប់ខ្ញុំដែលជាប្រធានគណបក្សនយោបាយថ្មីមួយ ដែលឆ្ពោះដំណើរទៅចូលរួមការបោះឆ្នោតនៅពេលខាងមុខនោះ ខ្ញុំយល់ឃើញថា ទី១ ក្រុមប្រឹក្សាជាតិតស៊ូរបស់សម រង្ស៊ី បង្កើតហើយ ដែលមានលោកសម រង្ស៊ី ដែលជាមេបោកបដិវត្តន៍ក្លែងក្លាយ ៣០ឆ្នាំមកនេះ ។ មេបោកដែលខ្ញុំចង់បញ្ជាក់ហ្នឹង គឺទី១ គាត់ធ្វើនយោបាយជិត៣០ឆ្នាំមកនេះ គាត់បណ្ឌិតសេដ្ឋកិច្ច ដែលធ្វើឲ្យខ្លួនគាត់ និងគ្រួសារគាត់មានគ្រប់បែបយ៉ាង តែសម្រាប់កូនចៅ អ្នកដែលដើរតាមគាត់ គឺវិនាស អន្តរាយ ស្លាប់ ជាប់គុក រត់ចោលស្រុក រហេមរហាមគ្រប់ទិសទី ។ នេះគឺគាត់ជាបណ្ឌិតសេដ្ឋកិច្ចពាលហើយ ។ អ៊ីចឹងធ្វើដើម្បីតែបំពេញផលប្រយោជន៍ខ្លួនឯងទេ អ្នកណាងាប់ឯណាងាប់ទៅ នេះជាសម រង្ស៊ី ។ ហើយមួយទៀត ជំនាញរបស់សម រង្ស៊ី គឺបោក ហើយដល់ពេលជំនាញរបស់គឹម សុខ គឺប្រូ ។ អ៊ីចឹងគឹម សុខ នេះ ជាអ្នកវិភាគសង្គម អ្នកនយោបាយឆ្លៀតឱកាសទេ ព្រោះនៅក្នុងគណបក្សនរោត្ដម រណឫទ្ធិ ក៏ធ្លាប់ប្រជែងតំណែងប្រធានយុវជនផ្សេងៗ តែវាមិនបានដូចចិត្ត ក៏រត់ពាសវាលពាសកាល ឆក់យកឱកាសគ្រប់ទិសទី “ ។          

លោករស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ អ៊ីចឹងអ្នកនយោបាយប្រភេទនេះ ជាអ្នកនយោបាយឱកាសនិយមទេ អ៊ីចឹងវាគ្មានអីចំណេញសម្រាប់ជាតិទេ អាហ្នឹងទី២ ។ ទី៣ ឆាំ ឆានី ក៏ជាអ្នកនយោបាយពូកែលាបពណ៌ ។ អ៊ីចឹង ៣នាក់ផ្គំគ្នា គឺស្អីក៏អាចហ៊ានធ្វើដែរ អាហ៊ានធ្វើហ្នឹង គឺមិនមែនធ្វើរឿងស្របច្បាប់ទេ គឺធ្វើរឿងខុសច្បាប់ហ្នឹងឯង ធ្វើរឿងដែលបំផ្លាញដល់ប្រទេសជាតិខ្លួនឯងហ្នឹង គឺហ៊ានតែម្ដង ដើម្បីដូរជាមួយសញ្ជាតិបរទេស ដូរជាមួយផលប្រយោជន៍របស់ខ្លួនឯង គឺអត់ខ្លាចនឹងប្រទេសជាតិខ្លួនឯងរលាយទេ ។ អ៊ីចឹងក្រុមប្រឹក្សាជាតិតស៊ូ ដែលបង្កើតឡើងនេះ ឥឡូវចេញហើយ សម រង្ស៊ី ទ្រាំលែងបានហើយ ។ អ៊ីចឹងអ្វីដែលត្រូវធ្វើ គឺគណបក្សកាន់អំណាច ដែលជាគណបក្សដែលមានសំឡេងនៅរដ្ឋសភា វាល្មមដល់ពេលបង្កើតច្បាប់ដាក់ចូលក្នុងបញ្ជីខ្មៅភេរវកម្មហើយ ទើបអាចទប់ស្កាត់ជាមួយចរន្តរបៀបហ្នឹងបាន។ ចរន្តជ្រុលនិយម យើងមិនត្រូវប្រើច្បាប់ស្រុកទេ អ៊ីចឹងអ្វីដែលយើងអាចធ្វើបាន គឺដាក់ចូលក្នុងបញ្ជីខ្មៅភេរវកម្ម ។ ដាក់ចូលក្នុងបញ្ជីខ្មៅភេរវកម្មនេះ គឺទប់ស្កាត់អ្នកនៅក្នុងប្រទេស បើគណបក្សនយោបាយណា ឬក៏ក្រុមណាមួយ ឬក៏បុគ្គលណាមួយ ដែលពាក់ព័ន្ធជាមួយចលនាជាតិតស៊ូ ក្រឹមប្រឹក្សាជាតិតស៊ូនោះ គឺដូចសម្ដេចលោកថាអ៊ីចឹង មិនទាស់ខុសអីទេ ងើប១ វ៉ៃ១ ដើម្បីធានាសុវត្ថិភាពរបស់ជាតិ ដំណើរទៅមុខ ១ម៉ឺន ឬក៏២ម៉ឺននាក់អី ១០ម៉ឺននាក់អី ក៏យើងត្រូវហ៊ានលះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាជាតិយើងដើរទៅមុខ អាហ្នឹងចំណុចទី១”  ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ចំណុចទី២ ខ្ញុំលើកទឹកចិត្តដល់គណបក្សសិទ្ធិមនុស្ស ដែលជាក្រុមរបស់លោកកឹម សុខា ត្រូវតែចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយនិងតំណាងរាស្រ្ត នៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ ដើម្បីក្ដាប់កម្លាំងនយោបាយរបស់ខ្លួនឯងមួយ ។ រឿងក្រុមរបស់សម រង្ស៊ី នេះ ភ្លើងទៀនរលត់ (គណបក្សភ្លើងទៀន) អំពូលភ្លើង (គណបក្សកម្លាំងជាតិ) រលាយហើយ អ៊ីចឹងគណបក្សទាំងពីរហ្នឹង គឺអនាគត២០២៧ ២០២៨ហ្នឹង ដូចគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយនិងគណបក្សនរោត្ដម រណឫទ្ធិ អ៊ីចឹង ។ អ៊ីចឹងនឹងរលាយ ប៉ុន្តែមិនមែនរលាយផ្លូវច្បាប់ទេ រលាយដោយសារប្រជាជនលែងគាំទ្រ ។ អ៊ីចឹងអ្វីដែលយើងអាចធ្វើបាន ចំណុចទី៣ គឺត្រូវតែធានានូវដំណើរការជាតិ ដំណើរការនៃការរៀបចំការបោះឆ្នោតទៀងទាត់តាមច្បាប់កំណត់ នោះគឺធ្វើឲ្យជាតិរបស់យើងដំណើរការល្អ ។ អ៊ីចឹងរឿងចលនានយោបាយជ្រុលនិយមក្រៅប្រទេសនេះ វាដូចជាពស់ដែលស្លាប់ក្បាលហើយ នៅក្រៅកន្ទុយ ។ អ៊ីចឹងនយោបាយសម រង្ស៊ី ចប់ហើយ នយោបាយពួកជ្រុលនិយមហ្នឹង គឺចប់ហើយ“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង នៅក្នុងសមាជមហាជនសង្គ្រោះជាតិ ដែលរៀបចំនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានសម្រេចបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដែលមានរូបលោក ជាប្រធាន លោកគឹម សុខ ជាអ្នកនាំពាក្យ និងលោកឆាំ ឆានី ជាប្រធានក្រុមជំនួយការ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ (NRC) ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា “ដោយមើលឃើញអំពីភាពអន្តរាយរបស់ប្រជាជាតិខ្មែរ ដែលជួបវិបត្តិគ្រប់វិស័យ សមាជមហាជនសង្រ្គោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានសម្រេចស្នើឲ្យលោកសម រង្ស៊ី បង្កើតចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ ចេញពីចលនាជាតិតស៊ូ ។ ដោយគោរពតាមសំណើ ជាសេចក្ដីប្រាថ្នាដែលចេញពីសំឡេងរបស់សមាជមហាជន លោកសម រង្ស៊ី បានបង្កើតរចនាសម្ព័ន្ធដឹកនាំក្រុមប្រឹក្សាជាតិតស៊ូ ។ ក្រុមប្រឹក្សាជាតិតស៊ូ ចេញដំណើរនៅថ្ងៃនេះ ក្នុងគោលដៅនាំយកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រព័ន្ធការពារបូរណភាពទឹកដី ដែលមានគុណភាព ។ បេសកកម្មរបស់យើង ធ្វើគ្រប់យន្តការប្រតិបត្តិ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស ដើម្បីបញ្ចប់នយោបាយ “សន្តិភាពងើប១វ៉ៃ១ៗសព្វថ្ងៃ ជំនួសដោយ “សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់” ឬ «សន្តិភាពតវ៉ាម្នាក់ រកយុត្តិធម៌ជូនម្នាក់” ។ យើងដើរលើផ្លូវរួម សហការជាមួយប្រជាពលរដ្ឋខ្មែរ និងអ្នកប្រជាធិបតេយ្យខ្មែរ គ្រប់ភាគី ដោយ “មិនសុំយុត្តិធម៌ពីជនផ្ដាច់ការទេ ប៉ុន្តែទាមទារយុត្តិធម៌រហូតដល់បានជោគជ័យ” ។ យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមជាមួយក្រុមប្រឹក្សាជាតិតស៊ូ ក្នុងក្ដីសង្ឃឹមសង្រ្គោះប្រទេសជាតិកម្ពុជា របស់យើង ពីក្រុមអ្នកដឹកនាំផ្ដាច់ការ“ ។

បន្ថែមលើសេចក្ដីប្រកាសព័ត៌មានខាងលើនេះ លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ និងជាអ្នកវិភាគនយោបាយ-សង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានបញ្ជាក់ថា «ក្រុមប្រឹក្សាជាតិតស៊ូ (NRC) ចេញដំណើរហើយ ដណ្ដើមយកប្រទេសកម្ពុជា មកជូនប្រជាពលរដ្ឋខ្មែរវិញ» ។

លោកគឹម សុខ បានមានប្រសាសន៍នៅពេលនោះថា «ការងារស្នូលរបស់ក្រុមប្រឹក្សាជាតិតស៊ូ នៅពេលនេះ គឺការប្រមូលផ្ដុំកម្លាំងអ្នកនយោបាយគ្រប់គណបក្ស និងពលរដ្ឋខ្មែរទូទៅ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ ឱ្យងើបទាំងអស់គ្នា តស៊ូរួមគ្នាទាមទារយុត្តិធម៌និងសេរីភាពមកវិញ ។ ក្រុមប្រឹក្សាជាតិតស៊ូ នឹងក្លាយទៅជាកម្លាំងនៃការប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ ដើម្បីសង្គ្រោះជាតិកម្ពុជា ពីជនផ្ដាច់ការ»។

ជាមួយគ្នានោះដែរ លោកសម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានបញ្ជាក់ថា ការបង្កើតក្រុមប្រឹក្សាជាតិនេះ គឺជាយុទ្ធសាស្ដ្រថ្មីបន្ថែមទៀត ក្នុងបេសកកម្មសង្គ្រោះកម្ពុជា ចេញពីរបបដឹកនាំត្រកូលហ៊ុន ។ លោកបន្តថា លោកមិនអាចអត់ទ្រាំនៅស្ងៀមបានឡើយ នៅពេលឃើញពលរដ្ឋភាគច្រើន រស់នៅជួបតែការឈឺចាប់ វេទនា និងក្លាយជាជនរងគ្រោះ ដោយសាររបបដឹកនាំបែបជិះជាន់និងគាបសង្កត់ ហើយឃើញតែក្រុមបក្ខពួក និងក្រុមអ្នកអែបអបត្រកូលសម្ដេចហ៊ុន សែន ដែលអាចរស់នៅសុខស្រួល ហើយនាំគ្នាអួតសម្ញែងទ្រព្យសម្បត្តិ មាសប្រាក់ហូរហែ ដែលបានមកពីអំពើពុករលួយ។

លោក សម រង្ស៊ី បានមានប្រសាសន៍បញ្ជាក់ក្នុងសមាជនៅប្រទេសបារាំង នោះថា «ហ៊ុន សែន ថាងើបមួយ វ៉ៃមួយ ងើបមួយ វ៉ៃមួយ គាត់អំណាចពេញដៃ បញ្ជាកងកម្លាំងប្រដាប់អាវុធ ធ្វើបាបរាស្រ្ដតាមចិត្ត។ ដូច្នេះរាស្ដ្រក្នុងប្រទេស មិនអាចនិយាយអីបាន មិនអាចធ្វើអីបាន។ អ៊ីចឹងជាកាតព្វកិច្ចរបស់ជនជាតិខ្មែរ ដែលរស់នៅក្រៅប្រទេស ដែលយើងមានសេរីភាព ហ៊ាននិយាយ ហ៊ានតវ៉ា ហ៊ានរៀបចំការតស៊ូ យើងត្រូវតែចេញមុខជំនួសប្រជារាស្ដ្រខ្មែរដែលគ្នាមិនអាចធ្វើអីបាន“ ។

ក្រោយការបានឃើញការបង្កើតក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំដោយលោកសម រង្ស៊ី ខាងលើនេះ លោកសួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ នៅខាងក្រុមលោកកឹម សុខា បានប្រកាសតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ទោះបីលោកជាអតីតថ្នាក់ដឹកនាំ និងជាអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ហើយទោះបីលោកមិនពេញចិត្តក្នុងការដឹកនាំរដ្ឋាភិបាលកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ការធ្វើនយោបាយរបស់លោកឈរលើគោលការណ៍ «នយោបាយសុចរិត» តាមបែបប្រជាធិបតេយ្យជឿនលឿន ដោយប្រកួតប្រជែងលើគោលនយោបាយ មិនហឹង្សា មិនគុំកួន និងមិនយកខ្មែរណាម្នាក់ជាសត្រូវឡើយ។ ការនិយាយរបស់លោកនូវទង្វើអវិជ្ជមានរបស់រដ្ឋាភិបាល ស្របតាមតួនាទីជាគណបក្សប្រឆាំង ក្នុងគោលបំណងឱ្យរដ្ឋាភិបាលកម្ពុជា កែប្រែការដឹកនាំនូវចំណុចខុស ឬខ្វះខាតតែប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ជាតិខ្មែរទាំងមូល។ ដូច្នេះលោកសូមប្រកាសមិនចូលរួមជាមួយចលនាជាតិតស៊ូ ដែលបង្កើត និងដឹកនាំដោយលោកសម រង្ស៊ី នោះឡើយ៕ កុលបុត្រ

RELATED ARTICLES