Tuesday, April 15, 2025
Homeសង្គម និងជីវិតចែកដីឱ្យរួច ខឹងកូនស្រីដេញចេញ ម៉ែប្តឹងទាមទារដីពីកូនស្រីវិញ

ចែកដីឱ្យរួច ខឹងកូនស្រីដេញចេញ ម៉ែប្តឹងទាមទារដីពីកូនស្រីវិញ

ខេត្តកណ្តាល ៖ ស្ត្រីវ័យ ៨០ឆ្នាំប្លាយម្នាក់ បានដាក់ពាក្យប្តឹងទៅពីតុលាការខេត្តកណ្តាល ទាមទារយកដី ១កន្លែង ពីកូនស្រីបង្កើត មកវិញ ដោយអះអាងថា គាត់និងប្តី ធ្លាប់បានប្រគល់ដី ១កន្លែង ឱ្យកូនស្រីនិងកូនប្រសា ដោយកូនសន្យាថា នឹងមើលថែពួកគាត់ជាឪពុកម្តាយរហូតដល់ចាស់ អស់មួយជីវិត និងថែមទាំងធ្វើកិច្ចសន្យានៅចំពោះមុខមេភូមិ មេឃុំ ទៀតផង ស្រាប់តែក្រោយមក បន្ទាប់ពីប្តីរបស់គាត់បានស្លាប់បាត់ទៅ ស្រាប់តែកូនស្រី បែរជាលក់ដីនោះចោល និងថែមទាំងបណ្តេញរូបគាត់ជាម្តាយ ចេញពីលើដីនោះទៀតផង ទើបគាត់សម្រេចប្តឹងសុំឱ្យតុលាការលុបចោលប្រទានកម្ម និងយកដីនោះមកប្រគល់ឱ្យគាត់វិញ ដោយបញ្ជាក់ថា កូនស្រីរូបនេះ មិនសមទទួលបានដីជាអំណោយនេះទេ ព្រោះហ៊ានបណ្ដេញគាត់ជាម្តាយ ចេញពីផ្ទះ ទាំងដែលគាត់មានវ័យ៨៧ឆ្នាំទៅហើយ ។ ដូច្នេះគាត់ឈប់ប្រគល់ដីអំណោយនេះទៅកូនស្រីទៀតហើយ និងទាម ទារឲ្យកូនស្រី ប្រគល់ដីអំណោយនេះ ជូនគាត់វិញ។ 

ស្ត្រីចំណាស់ ជាដើមបណ្តឹង មានឈ្មោះតាន់ ឈីវឃន អាយុ៨៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកកូនស្រីបង្កើត ដែលរងការប្តឹងទាមទារដីពីម្តាយវិញនោះ មានឈ្មោះ នង គឹមឆវី និងប្តីឈ្មោះអៀប ម៉េងលឹម សព្វថ្វៃរ្ងស់នៅប្រទេសបារាំង។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីចំណាស់ ជាម្តាយ ឈ្មោះតាន់ ឈីវឃន ដែល «នគរធំ» ទទួលបាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

ដើមចោទ ៖ ឈ្មោះតាន់ ឈីវឃន កើតថ្ងៃទី០៨ ខែ០៨ ឆ្នាំ១៩៣៨ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរលេខ ០២០១៤៣២១១ (០១) ចុះថ្ងៃទី០៥ ខែ០២ ឆ្នាំ២០១៥ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៨២ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សហចុងចម្លើយ ៖ ឈ្មោះ នង គឹមឆវី ភេទស្រី កើតថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៦៨ សញ្ជាតិខ្មែរ និងប្តីឈ្មោះអៀប ម៉េងលឹម កើតឆ្នាំ១៩៥៩ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅផ្ទះលេខ៨២ ភូមិស្តៅ កន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមគោរពចូលមក ឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាល

ក. ខ្លឹមសារសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ

១. បង្គាប់ឱ្យសហចុងចម្លើយ ប្រគល់អចលនវត្ថុ (ដី) មានទំហំក្បាលដីខាងជើង ១១ម៉ែត្រ និង ក្បាលដីខាងក្រោយ ១១ម៉ែត្រគត់ និងបណ្តោយប្រវែង ១៦៤ ម៉ែត្រការ៉េ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក.ណ ០២០៩១១ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ និងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក.ណ ០០៩៤៨២ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០០ មានទីតាំងនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យមកដើមចោទឈ្មោះតាន់ ឈីវឃន ដោយផ្អែកលើការលុបចោលប្រទានកម្ម។

២. បង្គាប់ឱ្យសហចុងចម្លើយ ចុះបញ្ជីផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ (ដី) មានទំហំក្បាលដីខាងជើង ១១ ម៉ែត្រ និងក្បាលដីខាងក្រោយ ១១ ម៉ែត្រគត់ និងបណ្តោយប្រវែង ១៦៤ ម៉ែត្រការ៉េ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ក.ណ ០២០៩១១ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ក.ណ ០០៩៤៨២ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០០ មានទីតាំងនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យមកដើមចោទឈ្មោះតាន់ ឈីវឃន វិញ។

៣. បង្គាប់ឱ្យចុងចម្លើយ សងសំណងការខូចខាតលើការចំណាយផ្សេងៗ ពេលវេលា សេវាកម្មច្បាប់ និងសំណងជំងឺចិត្ត មកឱ្យសហដើមចោទ ចំនួន ៤០០ ០០០ ០០០ លានរៀល។

៤. ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់ចុងចម្លើយ។

៥. សុំឱ្យសាលក្រមនេះមានអានុភាពអនុវត្តជាបណ្តោះអាសន្ន។

ខ. ភ័ស្តុតាងបញ្ជាក់ពីការទាមទារ

-កិច្ចព្រមព្រៀង លេខ២៨៥ ឃដឥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

-ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ក.ណ ០២០៩១១ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦

-ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ក.ណ ០០៩៤៨២ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០០។

គ. អង្គហេតុ និងមូលហេតុចាំបាច់បញ្ជាក់ពីការទាមទារ

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នាងខ្ញុំ និងប្តី ឈ្មោះ នង គឹមស៊្រុន (កាលនៅរស់) បានធ្វើ ប្រទានកម្មដោយប្រគល់ដីដែលជាអចលនវត្ថុ ១កន្លែង ដែលមានទំហំក្បាលដី ខាងជើង ១១ម៉ែត្រ និងក្បាលដីខាងក្រោយ ១១ម៉ែត្រគត់ និងបណ្តោយប្រវែង ១៦៤ ម៉ែត្រការ៉េ មានទីតាំងនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាដីអំណោយឱ្យទៅកូនដែលជាសហចុងចម្លើយ ឈ្មោះ នង គឹមឆវី និងប្តីឈ្មោះអៀប ម៉េងលីម ដោយសហចុងចម្លើយ ជាកូន សន្យាថា នឹងមើលថែឪពុកម្តាយ រហូតដល់ចាស់អស់មួយជីវិត និងបានចុះកិច្ចព្រមព្រៀង ជាមួយនាងខ្ញុំនិងប្តី ឈ្មោះ នង គឹមស៊្រុន (ស្លាប់) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការដឹងឮពីមេភូមិស្តៅកន្លែង និងមេឃុំដីឥដ្ឋ ដោយមានខ្លឹមសារថា ឱ្យនាងខ្ញុំ និងប្តី ឈ្មោះ នង គឹមស៊្រុន (ស្លាប់) មានសិទ្ធិប្រើប្រាស់ដីធ្លី ដាំដុះដំណាំ អាស្រ័យផល និងរស់នៅលើដីផ្ទះសម្បែងនេះ អស់មួយជីវិត ហើយក្នុងអំឡុងពេលឪពុកម្តាយទាំងពីរ នៅមានជីវិត កូនមិនមានសិទ្ធិក្នុងការលក់ដូរ ជួល បញ្ចាំ ឬធ្វើអំណាយដល់បុគ្គលណាមួយផ្សេងទៀតបានទេ លើកលែងតែពួកខ្ញុំទាំងពីរអស់ជីវិត ទើបកូនមានសិទ្ធិចាត់ចែងបន្តលើទ្រព្យ សម្បត្តិទាំងនោះ។

ប៉ុន្តែតាំងពីទទួលបានដីអំណោយ ដែលជាកម្មវត្ថុនៃប្រទានកម្មមក សហចុងចម្លើយ ជាកូនឈ្មោះ នង គឹមឆវី និងប្តីឈ្មោះអៀប ម៉េងលីម មិនបានមើលថែពួកខ្ញុំទាំងពីរ ដូចដែលពួកគេបានសន្យាអ្វីនោះទេ។ ដោយបច្ចុប្បន្ន ប្តីរបស់នាងខ្ញុំឈ្មោះ នង គឹមស៊្រុន បានស្លាប់ ហើយសហចុងចម្លើយ កូនឈ្មោះ នង គឹមឆវី ភេទស្រី និងប្តីឈ្មោះអៀប ម៉េងលីម បានកំពុងតែលក់ដីដែលនាងខ្ញុំជាម្តាយកំពុងរស់នៅនេះ លក់ឱ្យទៅអ្នកដទៃ និងព្យា យាមដេញនាងខ្ញុំជាម្តាយ ចេញពីដីទៀតផង។

ក្រោយមក ដោយនាងខ្ញុំមានការព្រួយបារម្ភជាខ្លាំង នាងខ្ញុំបានដាក់ពាក្យបណ្តឹងទប់ស្កាត់ទៅលោកអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ មិនឱ្យសហចុងចម្លើយ ធ្វើការចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិ លក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ធ្វើអំណាយប្រទានកម្ម អច្ច័យទាន ហ៊ីប៉ូតែក លើដី អំណោយអ្វីឡើយ។ ហើយនាងខ្ញុំបានបង្ហាញឆន្ទៈលុបចោលប្រទានកម្មលើដីអំណោយ ឱ្យទៅសហចុងចម្លើយ តទៅទៀតហើយ និងបានឱ្យសហចុងចម្លើយ មកធ្វើការចុះបញ្ជីប្រគល់ឱ្យនាងខ្ញុំវិញ តែដោយសារចុងចម្លើយមិនព្រម និងគេចវេះរហូត ទើបនាងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងមកតុលាការ ជួយដើម្បីផ្ទេរកម្មសិទ្ធិលើដីអំណោយនោះឱ្យនាងខ្ញុំវិញ។

ឯកឧត្តមប្រធាន ជាទីគោរព! ដោយហេតុថា សព្វថ្ងៃនេះ នាងខ្ញុំជាមនុស្សចាស់ជរា និងមានកូនៗផ្សេងទៀតផងដែរ កាលដែលសម្រេចផ្ទេរដីឱ្យកូនតែម្នាក់ គឺបំពានសិទ្ធិរបស់កូនៗផ្សេងទៀតទៅហើយ ព្រោះតែការជឿពាក្យលួងលោម និងទុកចិត្តថា កូននេះ មើលថែខ្ញុំ ប៉ុន្តែពេលដែលសហចុងចម្លើយនេះ ទទួលបានទ្រព្យ បែរជាលែងមើលថែ ទៅជាកូនៗផ្សេងទៀតអ្នកមើលថែខ្ញុំទៅវិញ។

ហេតុនេះ ដោយសារតែភាពអកតញ្ញូ និងមិនបានគោរពតាមពាក្យសន្យា របស់សហចុងចម្លើយ កូនរូបនេះ មិនសមទទួលបានដីដែលជាអំណោយនេះទេ ព្រោះហ៊ានទាំងដេញនាងខ្ញុំដែលជាម្តាយ ចេញពីលើដី ទាំងដែលនាងខ្ញុំមានអាយុជាង៨០ឆ្នាំទៅហើយ។

នាងខ្ញុំសូមបដិសេធ ឈប់ប្រគល់ដីអំណោយនេះ ទៅឱ្យសហចុងចម្លើយ ជាកូន ឈ្មោះ នង គឹមឆវី និងប្តីឈ្មោះអៀប ម៉េងលីម ទៀតហើយ និងទាមទារឱ្យសហចុងចម្លើយ ប្រគល់ដីអំណោយឱ្យនាងខ្ញុំវិញ។ ដូច្នេះនាងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹង សុំឱ្យតុលាការសម្រេចចេញសាលក្រម តាមផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមប្រធាន មេត្តាពិនិត្យ និងសម្រេចចេញ សាលក្រមដែលមានខ្លឹមសារដូចក្នុងកម្មវត្ថុខាងលើ ជូននាងខ្ញុំ ដោយក្តីអនុគ្រោះ»។

ជុំវិញករណីប្តឹងផ្តល់គ្នារវាងម្តាយនិងកូនស្រីបង្កើត ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីកូន (ឈ្មោះ នង គឹមឆវី និងប្តីឈ្មោះអៀប ម៉េងលីម) បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES