Friday, April 18, 2025
Homeព័ត៌មានជាតិមហាសង្ក្រាន្ត ឆ្នាំម្សាញ់

មហាសង្ក្រាន្ត ឆ្នាំម្សាញ់

ភ្នំពេញ ៖ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងចូលមកដល់នៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤និង៤៨នាទី ទៀបភ្លឺ។ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ នេះ ព្រះនាម «គោរាគៈទេវី» ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់សោយ តេលំ (ប្រេង) ជាភក្សាហារ ព្រះហស្ដស្ដាំ ទ្រង់ព្រះខ័ន ព្រហ ស្ដឆ្វេង ទ្រង់ឈើច្រត់ គង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

ខាងក្រោមនេះ ជាមហាសង្ក្រាន្ត ឆ្នាំម្សាញ់ ដកស្រង់ពី «មហាសង្ក្រាន្ត ឆ្នាំម្សាញ់ សប្តស័ក» រៀបរៀងដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ និងលោកអ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ៖ពុទ្ធសករាជ ២៥៦៩ គ្រិស្តសករាជ ២០២៥ មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ ព្រះពុទ្ធសករាជ ព្រះ សាសនាអតិក្កន្តា កន្លងទៅហើយ បាន ២៥៦៨ ត្រឹមថ្ងៃអាទិត្យ ១៥កើត ខែពិសាខ លុះដល់ថ្ងៃចន្ទ ១រោច ខែ ពិសាខ ឆ្នាំម្សាញ់ សប្ដស័ក តទៅចូល ពុទ្ធសករាជ ២៥៦៩ !

នឹងគណនាឆ្នាំម្សាញ់ ឥឡូវនេះសង្ក្រាន្ត ចូលនៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៥ វេលាម៉ោង ៤និង៤៨នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្ដាល មានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម «គោរាគៈទេវី» ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ ដោយសៀត «ផ្កាអង្គាបុស្ប» អភរណៈ កែវមុក្តា ភក្សាហារ តេលំ (ប្រេង) ព្រះហស្ដស្ដាំ ទ្រង់ព្រះខ័ន ព្រហស្ដឆ្វេង ទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះ នេត្រ លើខ្នងស្ដេចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខែត្រហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវ ព្រះអាទិត្យចរ ចំនួន ៦០នាទី ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជ ទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រ និមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ។

– ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២៥ វេលាម៉ោង ៤និង៤៨នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)។

– ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០២៥ ជាវារៈវ័នបត។

– ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០២៥ វេលាម៉ោង ៨និង២៧នាទី ៣៦វិនាទី ជាវារៈ ឡើងស័ក គម្រប់ជាសង្ក្រាន្ត បីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំម្សាញ់ សប្ដស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ តទៅ។

នៅក្នុងឱកាសសង្ក្រាន្ត ទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយ ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំ ឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា ៖ រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះ មួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬសំពត់តាមអម្ពរទេវតា ក៏បាន ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់ មួយគូ បាយសី ៧ថ្នាក់ មួយគូ បាយសី ៥ថ្នាក់ មួយគូ បាយសី ៣ថ្នាក់ មួយគូ បាយសីប៉ាកឆាម មួយគូ ស្លាធម៌ មួយគូ ទឹកអប់ មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន មួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន មួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅ មួយគូ ទឹកស្អាត ពីរកែវ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតា ចុះមក ត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭក លុះចប់ពិធីទទួលទេវតា។ នៅខាងដើមរាន គួរមានក្លោះមួយបាំងផង។

នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួង ពីលើ គ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ  ឆ្នាំរោង ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ឆ្នាំ២០២៥ នេះ សារព័ត៌មាន «នគរធំ» សូមជូនពរជនរួមជាតិ និងអ្នកអានទាំងអស់ សូមប្រកបដោយសេចក្តីសុខចម្រើន និងសូមប្រកប ដោយពុទ្ធពរ បួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ! …៕ ខៀវទុំ

RELATED ARTICLES