Sunday, September 8, 2024
Homeតារាខ្មែរនី រតនា ប្រកែកស្នេហ៍ឈិន ម៉ានិច្ច

នី រតនា ប្រកែកស្នេហ៍ឈិន ម៉ានិច្ច

នី រតនា ធ្លាប់លេចឮថា មានក្រមុំៗជាច្រើនតាមស្នេហ៍ ក្នុងនោះមានទាំងនារីវ័យចំណាស់ក៏មាន បានតាមម្ចាស់ពាន Cambodian idol រូបនេះដល់ឆាកតន្ត្រី តែរតនា ហាក់ព្រងើយកន្តើយ ហើយពេលខ្លះបានរត់ទៅសម្ងំពួនក្នុងឡាន Toyata Prius ទៀតផង។ ប៉ុន្តែថ្មីៗនេះ មានប្រភពថា ការដែលនី រតនា ហាក់ព្រងើយកន្តើយស្នេហ៍ស្រីៗដែលតាមរូបគេស្អិតនោះ គឺដោយសារតែប្រុសសង្ហាដែលមកពីខេត្តកំពង់ធំ នេះ មានស្នេហ៍ជាមួយនាងឈិន ម៉ានិច្ច ដែលជាមកចាស់ពាន Cambodian Idol រដូវកាលទី២។

ព័ត៌មានបានឱ្យដឹងដែរថា រតនា និង​ ម៉ានិច្ច តែងឱបគ្នាលើឆាកតន្ត្រីយ៉ាងស្អិតល្មួត រាល់ពេលដែលពួកគេច្រៀងចាប់ដៃគូជាមួយគ្នាម្តងៗ ហើយនៅពេលដែលគេសួរម៉ានិច្ច ថា តើនាងនិងរតនា ជាសង្សារគ្នាឬ? នាងម៉ានិច្ច បានងក់ក្បាល ហើយថាហ្នឹងហើយ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ លោកនី រតនា ថ្លែងថា នោះជាការចៃដន្យទេ ដែលការនិយាយបែបនេះ ប្រហែលជាបងប្អូនមានការយល់ច្រឡំប៉ុណ្ណោះ តាមពិតនៅក្រៅឆាក ខ្លួនមិនដែលមានទំនាក់ទំនងពិសេសជាមួយឈិន ម៉ានិច្ច ឡើយ។

នី រតនា រៀបរាប់ថា “តាមពិតខ្ញុំមានបទចម្រៀងមួយ ដែលឆ្លើយតបបទចម្រៀងម៉ានិច្ច គឺបទ “នារីក្នុងសុបិនបងគឺជាអូន” ចំណែកបទម៉ានិច្ច “នារីក្នុងសុបិនបងជាអ្នកណា?”។ ដោយសារតែមានបទឆ្លងឆ្លើយគ្នាបែបនេះហើយ ទើបតាមឆាកប្រគំតន្ត្រីមួយចំនួន អ្នករៀបចំកម្មវិធីច្រើន តែតម្រូវឱ្យពួកយើងច្រៀងជាមួយគ្នាជាញឹកញាប់ ហើយខ្ញុំច្រៀងជាមួយម៉ានិច្ច ដំបូងនៅលើឆាកតន្ត្រីខារ៉ាបាវ នៅខេត្តបន្ទាយមានជ័យ។ ធម្មតាទេ នៅពេលដែលច្រៀងសម្តែង ពួកយើងតែងតែមានការលេងជាមួយគ្នាដូចជាមែនទែនអីចឹង ដើម្បីឱ្យបងប្អូនអ្នកទស្សនាបានជក់ចិត្តដិតអារម្មណ៍ បានជាធ្វើឱ្យគេច្រឡំបែបនេះ។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់ច្រៀងបទមរតកដើម ជាមួយម៉ានិច្ច ដែរ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានស្នេហា ឬទំនាក់ទំនងពិសេសអីជាមួយម៉ានិច្ច ទេ គឺជាមិត្តរួមអាជីព ម៉ានិច្ច ជាសិស្សប្អូនដែលខ្ញុំទើបបានស្គាល់គាត់ពេលដែលម៉ានិច្ច ប្រលងជាប់ ហើយចូលហង្សមាស ពីមុនខ្ញុំមិនដែលស្គាល់គាត់ឡើយ”។

ឈិន ម៉ានិច្ច មិនអាចទាក់ទងសុំយោបល់បានទេ កាលពីពេលថ្មីៗនេះ។

ប្រភពបានឱ្យដឹងថា ការដែលប្រុសសង្ហាប្រញ៉ាប់ចេញមកច្រានចោលរឿងស្នេហ៍នាងម៉ានិច្ច នាពេលនេះ ព្រោះតែគេដឹងថា ម៉ានិច្ច មិនមែនបេះដូងនៅទំនេរឡើយ ព្រោះតាំងពីនាងប្រលង Cambodian Idol មិនទាន់លើកពានម៉្លេះ ដែលក្រមុំស្រអែមស្រស់មកពីខេត្តកំពង់ស្ពឺ រូបនេះ តែងមានបុរសម្នាក់មកជួយលើកទឹកចិត្តគ្រប់ពេល ហើយគេថា បុរសរាងធាត់នោះ ជាមនុស្សពិសេសរបស់ម៉ានិច្ច។

ដោយឡែក នី រតនា មានស្រីចោមស្នេហ៍ច្រើន ហើយគ្រាន់តែដឹងថា រតនា មានការស្និទ្ធស្នាលមិនធម្មតាជាមួយម៉ានិច្ច ក្រមុំខ្លះមិនសប្បាយចិត្តឡើយ ព្រោះខ្លាចម្ចាស់ពានប៉ះម្ចាស់ពាន នៅក្បែរគ្នាទៅបញ្ឆោះភ្លើងស្នេហ៍ឡើង។ ប៉ុន្តែនៅពេលដែលរតនា ប្រកែកស្នេហ៍ឈិន ម៉ានិច្ច នៅពេលនេះ គេជឿថា នឹងមានក្រមុំៗកាន់តែច្រើនតាមរតនា ដល់បន្ទប់ខុនដូ ដែលគេទើបទិញតម្លៃជាង៣ម៉ឺនដុល្លារ ក្បែរវិទ្យាល័យឥន្ទ្រទេវី នោះ ជាមិនខាន…៕

RELATED ARTICLES