ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ខឹងអ្នកភូមិម្នាក់ មិនឱ្យជំពាក់លុយថ្លៃទិញត្រី ក៏កើតចិត្តខឹងសម្បា រហូតទាញកាំបិតផ្គាក់ ទៅកាប់ដើមឈើ គំរាមគេ ស្រាប់តែជនរងគ្រោះខឹង ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិទួល ឃុំស្វាយ រំពា ស្រុកបសេដ្ឋ។ រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូវ សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅក្នុងភូមិទួល ឃុំស្វាយរំពា ស្រុកបសេដ្ឋ។ ចំណែកជនរងគ្រោះ មានឈ្មោះអន ពេទ្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅជាមួយគ្នា។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ជនសង្ស័យ ឈ្មោះសូវ សុខា ភេទប្រុស បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ និងដែកស្រួច ប្រវែងប្រហែល២តឹក ដើរទៅមុខផ្ទះរបស់ជនរងគ្រោះ ឈ្មោះអន ពេទ្យ រួចបានជេរប្រមាថ និងបានយកដុំថ្ម គប់មាន់ជនរងគ្រោះ ថែមទាំងបានទាញយកកាំបិតផ្គាក់ ទៅកាប់ដើមឈើ ជាប់របងផ្ទះរបស់ជនរងគ្រោះថែមទៀត ជាហេតុធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង។ ចំណែកជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួច បានគេចខ្លួនបាត់។ប្រភពដដែល បន្តថា លុះមកដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ អន ពេទ្យ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពា សុំឱ្យជួយអន្តរាគមន៍រកយុត្តិធម៌។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយប៉ុស្តិ៍ស្វាយរំពា ចុះដល់កន្លែងកើតហេតុ ពិនិត្យនិងស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យឈ្មោះសូវ សុខា នៅវេលាម៉ោង៦ព្រលប់ ថ្ងៃដដែល រួចនាំទៅកាន់ អធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសូវ សុខា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ និងដែកស្រួច ទៅកាប់ដើមឈី ដើម្បីគំរាមកំហែងទៅលើជនរងគ្រោះប្រាកដមែន។ មូលហេតុ ដោយសារតែខឹងជនរងគ្រោះ មិនឱ្យជំពាក់លុយទិញត្រី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះសូវ សុខា គឺជាមនុស្សមានចរិតកាចសាហាវ ប្រើប្រាស់គ្រឿង ញៀន តែងតែបង្កការអុកឡុកក្នុងមូលដ្ឋានជាញឹកញាប់ និងធ្លាប់ធ្វើកិច្ចសន្យា ១លើករួចមកហើយ តែពុំរាងចាល។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាំបិតផ្គាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕