Monday, November 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ល្បីទិញវីឡា២០ម៉ឺនដុល្លារ

ឱក សុគន្ធកញ្ញា ល្បីទិញវីឡា២០ម៉ឺនដុល្លារ

បើតាមព័ត៌មានដែលបង្ហើបពីតារាដែលស្និទ្ធបំផុតនឹងឱក សុគន្ធកញ្ញា នោះ បានប្រាប់អ្នកយកព័ត៌មានយើង កាលពីពេលថ្មីៗនេះថា តារាស្រីដែលល្បីឈានមុខគេនៅផលិតកម្មរស្មីហង្សមាស នាងឱក សុគន្ធកញ្ញា ទើបបានទិញវីឡាដ៏ប្រណីតមួយខ្នង នៅបុរីចតុមុខ (ភ្នំពេញ) មានតម្លៃ២៤ម៉ឺនដុល្លារ ហើយអ្នកចម្រៀងល្បីរូបនេះ គឺទិញផ្តាច់តែម្តង។

ប្រភពបានឱ្យដឹងថា វីឡានោះ គឺជាផ្ទះដែលឱក សុគន្ធកញ្ញា ប្រាថ្នាចង់បានជាយូរមកហើយ ទើបតែនៅឆ្នាំ២០១៧នេះទេ ដែលនាងបានសម្រេចទិញវាជាកម្មសិទ្ធិបានដូចបំណង ហើយមិត្តភក្តិក្រុមគ្រួសារបានសាទរ ចំពោះអ្នកចម្រៀងរូបនេះជាខ្លាំងទៀតផង ព្រោះថា តារាល្បីបើឱ្យរស់នៅផ្ទះល្វែងសាមញ្ញពេក ក៏មិនស័ក្តិសមនឹងកេរ្តិ៍ឈ្មោះដែរ។

អ្នកស្រីអ៊ិន ថាច ម្តាយឱក សុគន្ធកញ្ញា បានលើកទូរស័ព្ទជំនួសកូនស្រី ហើយអ្នកស្រីហាក់ដូចជាមិន ភ្ញាក់ផ្អើលឡើយ ចំពោះរឿងថា សុគន្ធកញ្ញា ក្លាយជាម្ចាស់កម្មសិទ្ធិវីឡាតម្លៃ២៤ម៉ឺនដុល្លារនោះ។

អ្នកស្រីអ៊ិន ថាច និយាយមួយៗដោយប្រុងប្រយ័ត្នថា “ទិញវីឡាអី? ឥឡូវបុរីចតុមុខហ្នឹងនៅឯណា? ខ្ញុំមិនដឹងទេហ្នឹង បើទិញប្រហែលជាអាកញ្ញា ប្រាប់ខ្ញុំហើយមើលទៅ តែនេះដូចជាកូនកញ្ញា អត់ទាន់មានប្រាប់ខ្ញុំទេ…។ ឥឡូវរឿងទិញវីឡាហ្នឹងប៉ុណ្ណឹងសិនចុះណា៎! ព្រោះអីខ្ញុំកំពុងតែរវល់បន្តិច (ញ៉ាំបាយ)”។

នេះជាកាដូឆ្នាំថ្មី ដែលឱក សុគន្ធកញ្ញា ទទួលបានចុងក្រោយនេះនោះ គឺវីឡាក្នុងក្តីសុបិនរបស់នាងនាពេលនេះ។ តារាជាច្រើនបានរង់ចាំអបអរសារទរ និងចូលរួមកម្មវិធីសម្ពោធវីឡាឱក សុគន្ធកញ្ញា តែអ្នកខ្លះបានលើកឡើងថា សុគន្ធកញ្ញា ច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារ ហើយនាងត្រូវប៉ាន់ខ្លាំងនៅរដូវក្តៅ ចាប់ពីខែមេសា-ឧសភា ហើយអ្នកចម្រៀងរូបនេះ កើបលុយធំរយៈពេល៦ឆ្នាំមកហើយ ពោលគឺអំឡុងពេលដែលនាងឡើងកូដខ្លាំង នៅហង្សមាស (២០១០-២០១៧) នេះ ដែលធ្វើឱ្យអ្នកចម្រៀងរូបនេះអាចរកប្រាក់បានជាច្រើនសែនដុល្លារ ដូចនេះ ការទិញវីឡាតម្លៃត្រឹម២៤ម៉ឺនដុល្លារនោះ មិនមែនជាការពិបាកឡើយ សម្រាប់អ្នកចម្រៀងស្រីជួរមុខគេរបស់ ផលិតកម្មរស្មីហង្សមាស នេះ។

ឱក សុគន្ធកញ្ញា ថ្វីត្បិតតែពេលនេះ ចំណងស្នេហ៍ថ្មីជាមួយបុរសរូបសង្ហា ខ្ពស់ស្រឡះកូនចៅចិន ជាប្អូនអ្នកជំនួញទ្រព្យស្តុកល្បីឈ្មោះនោះ មិនទាន់ហ៊ានបើកជាចំហក្តី តែនៅក្នុងចង្កោមអ្នកសិល្បៈ តារាភាគច្រើនណាស់ ដែលបានដឹងថា សង្សារសុគន្ធកញ្ញា ជាអ្នកណានោះ។ ប៉ុន្តែ តារាសឹងតែទាំងអស់ បាននិយាយដូចៗគ្នាថា ប្រសិនបើសុគន្ធកញ្ញា មិនប្រញាប់ចូលរោងការទេ ចំណងស្នេហ៍នេះអាចនឹងប្រែប្រួល ព្រោះតែបុរសនោះមានតារាស្រីៗជាច្រើនតាមស្នេហ៍ ហើយកន្លងមក បុរសដែលមានកូនចៅរាប់រយនាក់ ក្រោមឱវាទនោះ ក៏ធ្លាប់មានសង្សារជាតារាស្រីជាច្រើននាក់មកហើយដែរ ស្របពេលដែលក្រុមគ្រួសារខាងប្រុសមិនចង់ឱ្យប្រុសនោះ យកប្រពន្ធជាអ្នកសិល្បៈទៀតផង ទើបអ្នកខ្លះថា ស្នេហា សុគន្ធកញ្ញា ហាក់ផុយស្រួយមែនទែន។

ប៉ុន្តែការទិញវីឡានាពេលនេះ របស់ឱក សុគន្ធកញ្ញា គឺជាសញ្ញាល្អមួយដែលគេជឿថា អ្នកចម្រៀងរូបនេះ នឹងអាចចូលរោងការជាមួយម្ចាស់ចិត្ត ហើយរស់នៅវីឡាទ្រនំស្នេហ៍នោះជាមិនខានឡើយ ខណៈដែលអ្នកខ្លះទៀត បែរជាយល់ថា សុគន្ធកញ្ញា ទំនងមិនទាន់ហ៊ានរៀបការទេ ព្រោះតែខ្លាចធ្លាក់កូដ។

ឱក សុគន្ធកញ្ញា នៅតែអាចរក្សាតំណែងបានជាអ្នកចម្រៀងស្រីនាំមុខគេ នៅផលិតកម្មរស្មីហង្សមាស ដដែល នៅឆ្នាំ២០១៧ នេះ ថ្វីត្បិតតែអ្នកមេម៉ាយពេជ្រ សោភា ងើបឡើងវិញក្តី តែថ្មីៗនេះ សុគន្ធកញ្ញា បានចេញបទថ្មី២បទផ្ទុះ គឺបទ “ចង់ទៅទៅៗ” និងបទ “អារម្មណ៍ពេលខ្លះ” នោះ នាំឱ្យតារារូបនេះ អាចរក្សាលំនឹងបាន ហើយតារាស្រីល្បីៗផ្សេងៗទៀត រួមទាំងមាស សុខសោភា ផង មិនទាន់អាចផ្តួលសុគន្ធកញ្ញា បានឡើយ…៕

RELATED ARTICLES