Thursday, April 24, 2025
Homeសង្គម និងជីវិតក្លឹបបាល់ទាត់ រៀបចំគោរពវិញ្ញាណក្ខន្ធសម្បត្តិ

ក្លឹបបាល់ទាត់ រៀបចំគោរពវិញ្ញាណក្ខន្ធសម្បត្តិ

ភ្នំពេញ ៖ ក្លឹបកីឡាបាល់ទាត់ វិសាខា បានរៀបចំកន្លែងសម្រាប់ធ្វើការគោរពវិញ្ញាណក្ខន្ធកីឡាករ ទេស សម្បត្តិ នៅកីឡដ្ឋានព្រីនស៍ ដើម្បីរំលឹកអនុស្សាវរីយ៍ចំពោះវីរភាពរបស់កីឡាករ ពាក់លេខ១៦ រូបនេះ ដែលបានលះបង់និងខិតខំប្រឹងប្រែងក្នុងអាជីពបាល់ទាត់ជាតិ នាពេលកន្លងមក បន្ទាប់ពីកីឡាករបាល់ទាត់រូបនេះ បានទទួល មរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។

ក្លឹបកីឡាបាល់ទាត់ វិសាខា (Visakha FC) បានជូនព័ត៌មានតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា «សូមជម្រាបជូនសាធារណជន និងបងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ជាទីគោរពស្រលាញ់! ដើម្បីរំលឹកអនុស្សាវរីយ៍ ចំពោះវីរភាពរបស់កីឡាករ ទេស សម្បត្តិ ដែលបានលះបង់ និងខិតខំប្រឹងប្រែងក្នុងអាជីពបាល់ទាត់ជាតិនាពេលកន្លងមក ក្លឹបកីឡាបាល់ទាត់ វិសាខា នឹងរៀបចំទីកន្លែងសម្រាប់ធ្វើការគោរពវិញ្ញាណក្ខន្ធរបស់ សម្បត្តិ នៅកីឡដ្ឋានព្រីនស៍ ។ បងប្អូនអាចអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ បានចាប់ពីពេលនេះទៅ ដោយមានក្រុមការងារក្លឹបរបស់យើង រង់ចាំសម្របសម្រួលជាប្រចាំ»។

គួររំលឹកថា អតីតកីឡាករបាល់ទាត់ជម្រើសជាតិ និងជាកីឡាករក្លឹបបាល់ទាត់ វិសាខា លោកទេស សម្បត្តិ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់ទឹកប្រឡាយ ដែលមានជម្រៅជាង ៤ម៉ែត្រ បណ្តាលឱ្យលង់ ទឹកស្លាប់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

កីឡាករ ទេស សម្បត្តិ អាយុ២៨ឆ្នាំ ស្នាក់នៅបុរីទីលាង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាកីឡាករខ្សែការពាររបស់ក្លឹបបាល់ទាត់ វិសាខា។ កីឡាកររូបនេះ បានស្លាប់ក្នុងសម្លៀកបំពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ខោយឺតជើងវែងពណ៌ស ឆ្នូតខ្មៅ និងមានស្ពាយកាបូបពណ៌ខ្មៅ១ ជិះម៉ូតូ ១គ្រឿង ម៉ាក Honda ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 ។

តាមប្រភពមន្ត្រីសាលាសង្កាត់សាក់សំពៅ បានឱ្យដឹងថា នៅវេលាយប់កើតហេតុ អាជ្ញាធរសង្កាត់ បានទទួលព័ត៌មានពីក្រុមអ្នកបើកគ្រឿងចក្រធ្វើផ្លូវ ដែលសម្រាកនៅប្រឡាយសាក់សំពៅ ថាមានអ្នកជិះម៉ូតូធ្លាក់ទឹកប្រឡាយខាងលើ។ ក្រោយពេលទទួលបានដំណឹង នេះភ្លាម អាជ្ញាធរសង្កាត់ រួមជាមួយនគរបាលប៉ុស្តិ៍សាក់សំពៅ និងអ្នកភូមិកំរែង ព្រមទាំងកម្លាំងប្រជាការពារភូមិ បានចេញទៅរាវរកទាំងយប់ បានប្រទះឃើញម៉ូតូ ១គ្រឿង ម៉ាក Honda ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 នៅក្នុងទឹកប្រឡាយ រួចក៏បានស្រង់យកទៅរក្សាទុកនៅប៉ុស្តិ៍ ប៉ុន្តែរាវរកច្រើនម៉ោង រហូតដល់យប់ជ្រៅ នៅតែមិនឃើញមនុស្ស ទើបកម្លាំងបានសម្រេចចិត្តសម្រាកសិន។ រហូតដល់ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ទើបរាវរកបន្តទៀត រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃដដែល ក៏បានប្រទះឃើញសពកីឡាករបាលទាត់ ទេស សម្បត្តិ ស្លាប់នៅក្នុងទឹកប្រឡាយនោះ។

សពកីឡាករ ទេស សម្បត្តិ ត្រូវបានស្រង់ឡើងគោក និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោ សល្យវិច័យ រួចបញ្ជាក់ថា ករណីនេះ គឺជាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ មិនពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ រួចក៏ប្រគល់ជូនក្រុមគ្រួសារដែលមកស្រែកទ្រហោយំនៅកន្លែងកើតហេតុ ទទួលយកសព ដឹកទៅកាន់ស្រុកកំណើត ឯខេត្តកំពង់ស្ពឺ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញការរៀបចំកន្លែងសម្រាប់ធ្វើការគោរពវិញ្ញាណក្ខន្ធកីឡាករ ទេស សម្បត្តិ នៅកីឡដ្ឋានព្រីនស៍ ដោយក្លឹបកីឡាបាល់ទាត់ វិសាខា ខាងលើនេះ អ្នកស្រី នីម ផាន់ម៉ៃ ភរិយាកីឡាករ ទេស សម្បត្តិ បានសម្តែងការអរគុណចំពោះក្លឹបវិសាខា ហើយនាងបានសុំផ្សងជួបប្តីនាង (ទស សម្បត្តិ) ទៅជាតិមុខទៀត ដើម្បីបានសងគុណប្តីដែលជួយនាងកន្លងមក និងសុំជួបដល់ចាស់ជរាជាមួយគ្នា កុំឲ្យព្រាត់គ្នាទាំងវ័យក្មេងដូចជាតិនេះ។

អ្នកស្រី នីម ផាន់ម៉ៃ បានស៊ែររូបភាព និងសេចក្តីជូនដំណឹងរបស់ក្លឹបកីឡាបាត់ទាត់ វិសាខា ស្តីពីការរៀបចំកន្លែងគោរពវិញ្ញាណក្ខន្ធកីឡាករ ទេស សម្បត្តិ នៅកីឡដ្ឋានព្រីនស៍ នៅក្នុងគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេរថា «ស្រស់ណាស់ប្តីល្អ ជាតិនេះសងគុណបងមិនអស់ទេ សុំផ្សងជួបបងទៅជាតិមុខៗ សុំសងគុណបងដែលជួយអូនកន្លងមក សុំជួបដល់ចាស់ជរាជាមួយគ្នាណា»។

ភរិយាកីឡាករទេស សម្បត្តិ បានបង្ហោះរូបភាពឈរឱបរូបថតប្តី ទួញយំនៅពីមុខធាតុប្តីដែលទើបបូជារួច ជាមួយសំណេរបន្ថែមនៅថ្ងៃដដែលនោះថា «មានអ្នកណាសរសើរអូនពូកែទៀតទៅ ប្តីអូនសរសើរសឹងរាល់ថ្ងៃ អូនពូកែណាស់ តិចល្អវិញហើយ បងនៅជិតអូនដល់ដង្ហើមចុងក្រោយ កុំភ័យបងទៅចោល បងនៅមើលអូនជោគជ័យ ចុះនេះអីវិញ ប្តីទៅតែឯង ម៉េចមិនយកប្រពន្ធទៅកំដរជាមួយផង?»។

បន្ថែមពីលើនេះ ភរិយាកីឡាករ ទេស សម្បត្តិ ក៏បានជូនដំណឹងអំពីកម្មវិធីពិធីបុណ្យសព គម្រប់ ៧ថ្ងៃ របស់ប្ដីនាង ដែលចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្កដែលរាប់អានប្តីនាង ចូលរួមពិធីបុណ្យសពប្តីនាងផងដែរ។

អ្នកស្រី នីម ផាន់ ម៉ៃ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាងថា «នាងខ្ញុំ ឈ្មោះនីម ផាន់ម៉ៃ ត្រូវជាប្រពន្ធ សូមគោពរអញ្ជើញ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា បងប្អូនទីជិតទីឆ្ងាយ សូមចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ របស់ប្ដីរបស់នាងខ្ញុំ ទេស សម្បត្តិ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ ហើយពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋាន លោកឪពុក ទេស សាវឿន ដែលជាឪពុកបង្កើតរបស់ប្ដីរបស់នាងខ្ញុំ ដែលស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ»៕ ខៀវទុំ

RELATED ARTICLES