Saturday, April 26, 2025
Homeព័ត៌មានជាតិរាជរដ្ឋាភិបាលកម្ពុជា ណែនាំ៩ចំណុច រៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា

រាជរដ្ឋាភិបាលកម្ពុជា ណែនាំ៩ចំណុច រៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ណែនាំ ៩ចំណុច ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០៦ សរ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៥ នេះ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់» ។

ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម ៖

១- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។

២- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរនេះ និងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។

៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថី និងទីតាំងសំខាន់ៗ ដើម្បីចងបដាពាក្យស្លោក តាមខ្លឹមសារដូចខាងក្រោម ៖

– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

– រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់

– ប្តេជ្ញាបន្តធានាឱ្យបាននូវ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»

– រួមគ្នាលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់ នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន

– រួមគ្នាលើកកម្ពស់សុខដុមនីយកម្មនៃទំនាកទំនងវិជ្ជាជីវៈ

– រោងចក្រ ជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក

– រួមគ្នាធានាឱ្យបាននូវរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត

– សន្តិភាព ជាមូលដ្ឋានគ្រឹះនៃនិរន្តរភាពមុខរបរនិងការងារ

– ថែរក្សាសន្តិភាព ជាការថែរក្សាមុខរបរនិងការងារ

– មានការងារ បង្កើតជំនាញ បង្កើនផលិតភាពការងារ

– ជំរុញការវិនិយោគ និងបង្កើនឱកាសការងារសមរម្យ។

៤- ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំកម្មវិធីកម្សាន្តសប្បាយៗតាមលទ្ធភាពជាក់ស្តែង និងចងបដា ពាក្យស្លោក នៅច្រកចេញចូល និងនៅតាមអគារសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដូចខាងក្រោម ៖

– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

– រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់

– ប្តេជ្ញាបន្តធានាឱ្យបាននូវ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»

– រួមគ្នាលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់

– រួមគ្នាលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ

– រោងចក្រ ជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក។

៥- អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជក នៃសហគ្រាសនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញអំពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរនិងសមរម្យ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។

៦- ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ឱ្យបានល្អ។

៧- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសហការជាមួយនឹងអង្គការវិជ្ជាជីវៈ តំណាងបងប្អូន កម្មករនិយោជិត និងនិយោជក ដូចតទៅ ៖

– រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម រាជធានី ខេត្តនីមួយៗ

– ដឹកនាំរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាមសហគ្រាស គ្រឹះស្ថាននីមួយៗ តាមស្ថានភាពជាក់ស្តែង។

៨ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលរាជធានី ខេត្ត ក្នុងការរៀបចំពិធីអបអរសាទរ និងកម្មវិធីនានា។

៩. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារនិងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល សូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក បងប្អូនកម្មករនិយោជិតខ្មែរនិងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាទិវាការងាររបស់ជាតិយើង។

ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់»៕ ខៀវទុំ

RELATED ARTICLES