Saturday, April 26, 2025
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៦ចំណុច រៀបចំពិធីបុណ្យវិសាខបូជា

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៦ចំណុច រៀបចំពិធីបុណ្យវិសាខបូជា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះរៀបចំ តុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ក្នុងថ្ងៃបុណ្យវិសាខបូជានៅមូលដ្ឋានខ្លួន ឱ្យបានល្អ ស្អាត និងបរិស្ថាន ប្រកបដោយ សោភណភាព ក្នុងឱកាសបុណ្យវិសាខបូជា ១១-១២ ឧសភា ឆ្នាំ២០២៥។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថ នៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពុំដែលខាន និងប្រារព្ធឡើង ក្នុងគោលបំណងរម្លឹកដល់អភិលក្ខិតសម័យទាំងបី  ដែលព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធ ចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធីបុណ្យនេះនៅគ្រប់វត្តអារាម ទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។ ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅ ថ្ងៃអាទិត្យ ១៥កើត ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។

យោងផែនការណែនាំលេខ០៤/២០២៥ គជបអ ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីមង្គលនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ឆ្លើយតបនឹងអត្ថន័យ ខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដូចខាងក្រោម ៖

 ១-រដ្ឋបាលខណ្ឌទាំង១៤ ត្រូវ ៖

– ណែនាំឱ្យមានការតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោកនៅតាម វត្តអារាម អគារសាធារណៈ អគារពាណិជ្ជកម្ម ផ្សារ សំណង់បុរី ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ ដើម្បី អបអរសាទរពិធីបុណ្យប្រពៃណីសាសនានេះ ឱ្យប្រព្រឹត្តទៅប្រកប ដោយកិត្តិយស និងថ្លៃថ្នូរ ស្របតាមរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”។

– ចាត់តាំងរៀបចំឱ្យមានពិធីបុណ្យវិសាខបូជា ជាផ្លូវការ នៅវត្តអារាមណាមួយក្នុងមូលដ្ឋាន សហការជាមួយសាលាគណរាជធានីភ្នំពេញ រៀបចំចាត់តាំងពិធីបុណ្យវិសាខបូជា ឱ្យបានមហោឡារិក អធិកអធម និងត្រូវណែនាំគ្រប់អង្គភាពក្រោមឱវាទ ឱ្យមានកិច្ចសហការល្អជាមួយពុទ្ធ បរិស័ទចំណុះជើងវត្តនីមួយៗ និងចូលរួមឱ្យផុលផុស ដើម្បីលើកកម្ពស់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងប្រពៃណីដ៏ល្អរបស់ជាតិ ជាពិសេស ត្រូវអំពាវនាវដល់គ្រប់វត្តអារាម យកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលចំពោះកុលបុត្រដែលចង់បួស ឬយុវជន យុវនារីដែលជ្រះថ្លា ចង់អប់រំចិត្ត រក្សាសីល៥ សីល៨ ឬសីល១០ រយៈពេលខ្លី ក្នុងថ្ងៃបុណ្យវិសាខបូជា ដោយគ្រាន់តែស្លៀកសម្លៀកបំពាក់សមរម្យ និងគោរពប្រតិបត្តិតាមសិក្ខាបទកំណត់ជាការប្រសើរ។

– យកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ-បរិស្ថាននៅក្នុងមូលដ្ឋាន និងតាមវត្ត អារាមដែលប្រារព្ធពិធីបុណ្យវិសាខបូជា ឱ្យបានល្អប្រសើរ។

– បំផុសនិងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ឱ្យយល់ដឹងកាន់តែទូលំទូលាយ អំពីខ្លឹមសារ និងចូលរួមគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងពិធីបុណ្យប្រពៃណីសាសនាដ៏រុងរឿងរបស់ជាតិ។

 ២-មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវណែនាំគ្រប់វត្តអារាមឱ្យរៀបចំពិធីបុណ្យវិសាខបូជា ឱ្យបានសមស្របតាមប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ និងត្រូវជ្រើសតាំងវត្តអារាមណាមួយប្រារព្ធពិធីបុណ្យវិសាខបូជា ជាផ្លូវការ។

៣-មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ដើម្បីចាត់កម្លាំងសិស្សឱ្យសូត្របទនគររាជ គោរពទង់ជាតិ និងបទសរភញ្ញ គោរពទង់ព្រះពុទ្ធសាសនា ព្រមទាំងនារី សម្រាប់ស្មូតក្នុងពេលរាប់បាត្រ នាពេលព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥។

៤- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ ក្រោមឱវាទ ឱ្យសហការជាមួយ វិទ្យុ-ទូរទស្សន៍ជាតិ ឯកជន ចុះធ្វើសកម្មភាពយកព័ត៌មាន ដោយច្នៃប្រឌិត ធ្វើការផ្សព្វផ្សាយមុន ក្នុងពេល និងក្រោយពេលប្រារព្ធពិធីបុណ្យ នូវរូបភាពចាត់តាំង និងខ្លឹមសារនៃពិធីបុណ្យឱ្យបានទូលំទូលាយស័ក្តិសមជាពិធីបុណ្យប្រពៃណីសាសនា ដ៏រុងរឿងរបស់ជាតិ។

៥- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការសង្គ្រោះបន្ទាន់ ដោយត្រូវរៀបចំក្រុមគ្រូពេទ្យ ឱសថ និងរថយន្តគិលានសង្គ្រោះ ជាពិសេសត្រូវណែនាំដល់មូលដ្ឋានសេវាសុខាភិបាលក្រោមឱវាទ ដូចជា មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ភ្នំព្រះរាជទ្រព្យ ឱ្យមានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះ ប្រចាំការ ២៤ម៉ោង/២៤ម៉ោង។

៦- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវសហការការពារ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យ ព្រមទាំងតាមតម្រាយផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីរង្វង់មូលគល់ស្ពានជ្រោយចង្វា រហូតដល់ព្រំប្រទល់ខេត្តកណ្តាល។

ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕

RELATED ARTICLES