ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ បានឈឺពោះ ត្រូវបានបុរសជាប្តី ដឹកតាមម៉ូតូសំដៅទៅមន្ទីរពេទ្យ តែពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែសម្រាលកូនតាមផ្លូវ និងត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរា គមន៍ដឹកបញ្ជូនស្ត្រីជាម្តាយនិងទារកទើបសម្រាល តាមរថយន្តស៊ីរ៉ែន បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ករណីស្ត្រីសម្រាលកូនតាមផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចគល់ស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍។ស្ត្រីដែលឆ្លងទន្លេតាមផ្លូវ មានឈ្មោះឌី ចន្ធូ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរកម្មករ និងមានលំនៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ ដែលបានសម្រាលកូននៅតាមផ្លូវ បានទារកចំនួន ១នាក់ ភេទប្រុស នៅត្រង់ចំណុចគល់ស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រភពដដែល បន្តថា មុនកើតហេតុ ស្ត្រីខាងលើដែលកំពុងមានផ្ទៃពោះគ្រប់ខែ និងឈឺពោះសម្រាល ត្រូវបានបុរសជាប្តីដឹកតាមម៉ូតូ សំដៅទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាលកូន លុះពេលធ្វើដំ ណើរមកដល់ត្រង់ចំណុចកើតហេតុ ត្រង់គល់ស្ពានអ្នកលឿង ត្រើយខាងកើត ស្ត្រីជាប្រពន្ធបានសម្រាលកូននៅតាមផ្លូវតែម្តង ទើបបុរសជាប្តីប្រញាប់ទាក់សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ ស្ត្រីខាងលើ និងទារកទើបនឹងសម្រាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកបញ្ជូនតាមរថយន្តស៊ីរ៉ែន របស់អធិការដ្ឋាននគរបាលស្រុកពាមរក៍ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាព ទាំងម្តាយនិងទារក៕