ឆាយ វីរៈយុទ្ធ ដែលពីមុនល្បីថា វ៉ៃប្ញកខ្ពស់ ហើយកើតជំងឺតួឯក ទៅច្រៀងនៅកន្លែងណា បានបញ្ជាឱ្យគេដាក់បដា (Banner) រូបធំជាងគេ នាំឱ្យមានការរិះគន់នោះ បានទទួលគាំទ្រវិញ ក្រោយពីតារាចម្រៀងសាន់ដេរូបនេះ ទទួលបានគ្រឿងឥស្សរិយយសពី ACU ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងច្រៀងតាមតន្ត្រីសប្បុរសធម៌ផ្សេងៗទៀតនោះ។
ឆាយ វីរៈយុទ្ធ ត្រូវបានបណ្តាក្រុមហ៊ុនមួយចំនួន បានហៅច្រៀងជាបន្តបន្ទាប់នៅរដូវក្តៅនេះ នាំឱ្យតារារូបនេះស្ថិតក្នុងចំណោមតារាល្បីៗ ដែលនឹងអាចរកប្រាក់ចំណូលបានសែនដុល្លារ ជាមិនខាននៅរដូវក្តៅនេះ។
ក្នុងជំនួបផ្ទាល់ កាលពីកាលពីពេលថ្មីៗ លោកឆោម បាននិយាយដោយសប្បាយចិត្តថា ពិតជារវល់ច្រើនមែន នៅឆ្នាំ២០១៧ នេះ តែថានឹងទទួលបានប្រាក់ចំណូលប៉ុន្មាននោះ គឺមិនទាន់ហ៊ានរំពឹងទេ នាពេលនេះ ព្រោះកម្មវិធីខ្លះ គេមិនទាន់ធ្វើនៅឡើយ។
តារាសាន់ដេ រូបនេះនិយាយថា “ខ្ញុំរវល់ច្រើនជាងឆ្នាំមុនៗ ឥឡូវខ្ញុំច្រៀង Concert ឱ្យភេសជ្ជៈខារ៉ាបាវ អ៊ីឈីតាន់ ប៉ូការីស្វេត ស្រាបៀលីអូ ស្រាបៀអ៊ិចស្ពើត ជាដើម។ ក្រៅពីនោះ ខ្ញុំច្រៀងតាមកម្មវិធីមង្គលការ កម្មវិធីជប់លៀងផងដែរ តែរំពឹងថា នឹងបានប្រាក់ចំណូលប៉ុន្មាននៅឆ្នាំ២០១៧ នេះ យើងមិនទាន់អាចថាបានទេ។ ទោះជាខ្ញុំរវល់យ៉ាងណាក៏ដោយ តែខ្ញុំនៅតែឆ្លៀតច្រៀងកម្មវិធីសប្បុរសធម៌ និងកម្មវិធីសង្គមជានិច្ច ឱ្យតែខ្ញុំមានលទ្ធភាពអាចជួយបាន គឺនឹងបន្តរហូត។ ចំពោះរឿងតម្លៃខ្លួនវិញ គឺមានការកើនឡើងជាងឆ្នាំមុនមែន តែទៅតាមប្រភេទកម្មវិធី ហើយពេលនេះ ខ្ញុំមានក្រុមរាំ៤-៨នាក់ (ស្រី២) អីចឹងការចំណាយក៏ច្រើនជាងមុនដែរ”។
ឆាយ វីរៈយុទ្ធ មានគម្រោងដឹកដៃតារាសាច់សខ្ចីនាងសុខ ពិសី ទៅច្រៀងសម្តែងនៅលើទឹកដីអាមេរិក កាលពីឆ្នាំ២០១៥ តែរហូតមកដល់ពេលនេះ តារាប្រុសស្រីល្បី១គូនេះរបស់សាន់ដេ នៅមិនទាន់បានហោះទៅច្រៀងសម្តែងនៅអាមេរិក បាននោះឡើយ ហើយលោកឆោម បែរជាសម្ងំថតភាពយន្តថ្មីជាមួយពិសី រឿង “អាឡេវចូលក្រុង” ទៅវិញ ដោយចោលលុយក្រៅស្រុក។
ឆាយ វីរៈយុទ្ធ បន្ថែមថា “ចំពោះការពង្រាយទីផ្សារនៅក្រៅប្រទេស គឺខ្ញុំនៅតែមានគម្រោងអីចឹង គ្រាន់តែពេលនេះ ខ្ញុំមិនទាន់អាចកំណត់បានថា អាចចេញទៅពេលណាជាមួយពិសី ឱ្យបានច្បាស់លាស់ទេ នាពេលនេះ ព្រោះខ្ញុំជាប់រវល់នៅក្នុងស្រុកច្រើន ទាំងការច្រៀង Concert និងថតភាពយន្ត។ ឥឡូវរឿងថ្មី ដែលយើងកំពុងតែថតនោះ ជិតចប់ហើយ គឺនៅសល់តិចតួចទៀតប៉ុណ្ណោះ តែខ្ញុំមិនដឹងថា នឹងដាក់បញ្ចាំងនៅពេលណាទេ ព្រោះអីនៅលើខាងក្រុមហ៊ុនរៀបចំ”។
ឆាយ វីរៈយុទ្ធ បានយកបទចម្រៀងថ្មីៗចុងក្រោយទៅច្រៀងឃោសនាអូសទាញការគាំទ្រ មាន ដូចជាបទ “បបូរមាត់ចង្រៃ”, “Turn It Up”, “ឈឺដូចគ្នា”, “ញ៉ាំត្រាវ” ជាដើម។
មានការកត់សម្គាល់ថា ឆាយ វីរៈយុទ្ធ ហាក់មិនបាក់ស្រុតចុះការគាំទ្រឡើយ នៅរយៈពេលចុងក្រោយនេះ ថ្វីត្បិតតែតារាសំឡេងក្រអួនក្រអៅរូបនេះ មានព័ត៌មានថា បានព្យាយាមលាក់រឿងមានប្រពន្ធកូន២ ដូចខេមរៈ សិរីមន្ត ក្តី តែលោកឆោម នៅតែមានសន្ទុះល្អក្រោយពីជ្រើសផ្លូវលាក់រឿងស្នេហ៍ជាង១០ឆ្នាំមកហើយ ក្រមុំៗតែងចោមឱបថើបដល់ឆាកតន្ត្រី គ្រប់ពេលដែលអ្នកចម្រៀងរូបនេះបានឡើងឆាក។
មានព័ត៌មានថា ឆាយ វីរៈយុទ្ធ នឹងមានសន្ទុះខ្លាំង នៅពេលដែលភាពយន្តថ្មីរបស់ខ្លួន ដែលសម្តែងជាតួឯកជាមួយសុខ ពិសី ត្រូវដាក់បញ្ចាំងនាពេលខាងមុខនេះ។ ទស្សនិកជនមើលឃើញថា នៅឆ្នាំ២០១៧ នេះ ឆាយ វីរៈយុទ្ធ នឹងកាន់តែមានការប្រកួតប្រជែងជាមួយខេមរៈ សិរីមន្ត កាន់តែខ្លាំងក្លាថែមទៀតជាមិនខាន ហើយពេលនោះ នឹងពិបាកសន្និដ្ឋានជាមិនខាន ព្រោះ “ភ្នំមួយ មិនអាចមានខ្លា២” ឡើយ។
តាមអ្នករៀបចំកម្មវិធីប្រគំតន្ត្រី បានឱ្យដឹងថា ពេលនេះតម្លៃខ្លួនឆាយ វីរៈយុទ្ធ ក្នុង១កម្មវិធី ពី២៥០០-២៨០០ដុល្លារ ខណៈដែលខេមរៈ សិរីមន្ត ទារ៣០០០ដុល្លារ ដូចនេះតារាទាំង២ នៅទ្រនំតែមួយនេះ មានទីផ្សារនិងប្រាក់ចំណូល ខ្ពស់ដូចគ្នានាចុងក្រោយនេះ…៕