Friday, May 2, 2025
Homeទេសចរណ៍កម្ពុជា លក់ប័ណ្ណទស្សនាអង្គរ ៤ខែ បានជាង២២លានដុល្លារ

កម្ពុជា លក់ប័ណ្ណទស្សនាអង្គរ ៤ខែ បានជាង២២លានដុល្លារ

ភ្នំពេញ ៖ គិតត្រឹមរយៈពេល ៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥  កម្ពុជា ទទួលបានចំណូលជាង ២២លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៤ខែ ឆ្នាំ២០២៥ នេះ ភ្ញៀវទេស ចរបរទេស ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ មានចំនួន ៤៧៤ ៨១០នាក់ កើន ១២,៦៨ភាគរយ និងទទួលបានចំណូល ២២ ២០៨ ៨១០ដុល្លារអាមេរិក កើនឡើង ១១,៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។

ដោយឡែក ៤ខែ ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៤៩ ៦២០ដុល្លារអាមេរិក ពីចំណែកនៃការលក់ប័ណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមជម្រាបថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញប័ណ្ណចូលទស្សនារមណី យដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ សម្រាប់ចំណូលពីការលក់ប័ណ្ណវិញ មានចំនួន ៤៧ ៨២៦ ៩៨១ដុល្លារអាមេរិក កើនជាង២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក៕

RELATED ARTICLES