Tuesday, May 6, 2025
Homeសន្ដិសុខសង្គមផ្ទុះ.../ម៉ាស៊ីនខ្យល់រោងចក្រ សន្លប់កម្មករ១២នាក់

ផ្ទុះ…/ម៉ាស៊ីនខ្យល់រោងចក្រ សន្លប់កម្មករ១២នាក់

ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការរិនីរោងចក្រ ចំនួន១២នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ និងហើយត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលម៉ាស៊ីនខ្យល់ នៅក្នុងរោងចក្រ បានផ្ទុះ ជះចំហាយពេញរោងចក្រ។

ករណីកម្មករ-កម្មការិនីរោងចក្រ ដួលសន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងក្រុមហ៊ុនយីហោ ម៉ីសែន ហេនប៊ែក (ដេរកាបូប) ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រោងចក្រដេរកាបូប ម៉ីសែន ហេនប៊ែក ខាងលើ មានកម្មករកម្មការិនី សរុបចំនួន៨៤៣នាក់ ក្នុងនោះ ស្រី៥៥៨នាក់។ នៅពេលកើតហេតុ មានកម្មករសន្លប់ ១២នាក់ (ប្រុសម្នាក់) ត្រូវបានរថយន្តដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ២៤ម៉ោង ដើមអង្គ្រង ដើម្បីសង្គ្រោះព្យាបាលភ្លាមៗ។

សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុអាជ្ញាធរនិងម្ចាស់រោងចក្របានឱ្យកម្មករ កម្មការិនីសម្រាកការងារសិន។ ដោយមូលហេតុដែលបណ្តាលឱ្យកម្មករ កម្មការិនីរោងចក្រ ដួលសន្លប់នោះ មកពីខូចម៉ាស៊ីនខ្យល់ ធ្វើឱ្យខ្យល់ចេញច្រាលពេញក្រុមហ៊ុន បណ្តាលឱ្យកម្មករ ពិបាកដកដង្ហើម និងដួលសន្លប់ ជាបន្តបន្ទាប់។

ពាក់ព័ន្ធនិងករណីកម្មករ កម្មការិនីរោងចក្រដួលសន្លប់ ជាង១០នាក់ខាងលើ លោកចឹក បូរិន ប្រធានមន្ទីរការ ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា  ពិតជាមានករណីកម្មករ-កម្មការិនីរោងចក្រដេរកាបូប យីហោ ម៉ីសែន ហេនប៊ែក ដួលសន្លប់ ចំនួន១២នាក់ (ប្រុសម្នាក់) ប្រាកដមែន។  ចំពោះមូលហេតុបណ្តាលមកពីផ្ទុះម៉ាស៊ីខ្យល់ ហើយធ្វើឱ្យសាយភាយពេញរោងចក្រ តែបច្ចុប្បន្ន កម្មករ-កម្មការិនីទាំង១២នាក់ មានស្ថានភាពធូរស្រាល ហើយក្រុមហ៊ុនបានអនុញ្ញាតឱ្យកម្មករសម្រាកការងារមួយល្ងាចសិន រហូតព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ចូលបម្រើការងារវិញធម្មតា ។ ដោយឡែក កម្មករ កម្មការិនីទាំង១២នាក់ បានទៅសម្រាកនៅផ្ទះបន្តសិន៕

RELATED ARTICLES