Thursday, May 8, 2025
Homeព័ត៌មានជាតិកម្ពុជា បន្តធ្លាក់ភ្លៀងខ្យល់កន្ត្រាក់ ឡើងកម្តៅដល់ ៣៧អង្សា

កម្ពុជា បន្តធ្លាក់ភ្លៀងខ្យល់កន្ត្រាក់ ឡើងកម្តៅដល់ ៣៧អង្សា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា  ដោយសារឥទ្ធិពលសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើព្រះរា ជាណាចក្រកម្ពុជា នឹងធ្វើឱ្យនៅតាមតំបន់មួយចំនួន ក្នុង ព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ខណៈសីតុណ្ហភាព អាចឡើងកម្តៅចន្លោះពី២៥ ដល់៣៧អង្សាសេ។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿន មធ្យម ៣ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមាន ជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពី ទិសបស្ចិម និងនិរតី មានល្បឿនមធ្យម ២ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕

RELATED ARTICLES