ខណៈដែលកំពុងឡើងកូដ ដណ្ដើមបានតំណែងតួឯកយ៉ាងជោគជាំនោះ ថ្មីៗនេះ បុរសសង្ហាលោកអ៊ែត វីន ស្រាប់តែសាយភាយដំណឹងស្នេហ៍អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ប៉ុន្តែលោកអ៊ែត វីន បានចេញមុខបដិសេធដំណឹងស្នេហ៍នេះ។
លោកអ៊ែត វីន បានប្រាប់ឲ្យដឹងថា ព័ត៌មានផ្គូផ្គងរវាងរូបលោកជាមួយអ្នកនាងសុខ សោម៉ាវត្តី បានផ្ទុះឡើង នៅពេលដែលរូបលោកបានសម្ដែងរួមគ្នា នៅក្នុងភាពយន្តរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” ដែលគ្រោងដាក់បញ្ចាំងនាពេលឆាប់ៗនេះ។
លោកបន្តថា ក្រោយពេលលោកសម្ដែងប៉ះគ្នានៅក្នុងរឿងនេះ ស្រាប់តែត្រូវបានគេផ្គូផ្គងរូបលោកជាមួយអ្នកនាងសោម៉ាវត្តី តែម្ដង ខណៈដែលលោកចាត់ទុកអ្នកមេម៉ាយកូន១ រូបស្រស់សម្បូរប្រុសចោមស្នេហ៍រូបនេះ ត្រឹមជាបងស្រី។
អ៊ែត វីន បន្ថែមថា”ខ្ញុំចាត់ទុកគាត់ដូចបងស្រីអីចឹង គ្មានមនោសញ្ចេតនាស្នេហាអីទេ សូមកុំយល់ច្រឡំ។ ម្យ៉ាងគាត់ជារៀមច្បង និងជា Idol (តារាក្នុងដួងចិត្ត) របស់ខ្ញុំមិនអាចក្លាយជាស្នេហាបានទេ”។
លោកអ៊ែត វីន បញ្ជាក់ថា បច្ចុប្បន្ននេះ លោកមាននារីដែលលោកពិសោធន៍ចិត្តហើយ មិនពាក់ព័ន្ធចំណងស្នេហ៍ជាមួយអ្នកនាងសោម៉ាវត្តី ទេ តែលោកសុំមិនទាន់លាតត្រដាងរឿងស្នេហាទេ ខណៈដែលអំឡុងពេលនេះ លោកកំពុងប្រឹងប្រែងពង្រឹងកេរ្តិ៍លើវិថីសិល្បៈសិន។ ការប្រឡូកសិល្បៈប៉ុន្មានឆ្នាំកន្លងមកនេះ លោកអ៊ែត វីន មានឱកាសថតភាពយន្តជាតួឯកបានជាង១០រឿងមកហើយ ហើយកំពុងបង្ហាញស្នាដៃនៅក្នុងរឿង ”មន្តស្នេហ៍ក្រមុំបាយឆា” ដែលកំពុងដាក់បញ្ចាំងនៅ PNN ចាប់ពីម៉ោង៨ ដល់ម៉ោង៩ យប់ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ៕