ប្រទេសជប៉ុន ៖ ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា នឹងបញ្ឈប់បុគ្គលិក ចំនួន ១១០០០នាក់ទៀត នៅទូទាំងពិភពលោក ហើយនឹងបិទរោងចក្រ ចំនួន ៧ ខណៈដែលក្រុមហ៊ុនកំពុងប្រឈមនឹងការលក់ធ្លាក់ចុះ។

តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា ការធ្លាក់ចុះការលក់នៅប្រទេសចិន និងការបញ្ចុះតម្លៃយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារធំជាងគេពីរ របស់ក្រុមហ៊ុន មានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រាក់ចំណូល ខណៈពេលដែលសំណើរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda និង Mitsubishi បានបរា ជ័យ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

ការបញ្ឈប់បុគ្គលិកចុងក្រោយនេះ នាំឱ្យចំនួនបុគ្គលិកដែលក្រុមហ៊ុនបានប្រកាស រហូតមកដល់បច្ចុប្បន្ន មានប្រហែល ២០ ០០០នាក់ ឬ ១៥ភាគរយ នៃកម្លាំងការងារសរុបរបស់ខ្លួន។
ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តើការបញ្ឈប់ការងារបុគ្គលិកនេះ នឹងប្រព្រឹត្តទៅនៅទីណា ឬក៏រោងចក្រ នៅទីក្រុងសាន់ដឺរឡែនដ៍ របស់ Nissan នៅអង់គ្លេស អាចនឹងរងផលប៉ះពាល់ឬទេ?
គួរបញ្ជាក់ថា ក្រុមហ៊ុន Nissan មានបុគ្គលិកប្រហែល ១៣៣ ៥០០នាក់ នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៦០០០នាក់ មានមូលដ្ឋាននៅក្នុង សាន់ដឺរឡែនដ៍ (Sunderland) ។

ការបញ្ឈប់ការងារចុងក្រោយនេះ គឺបន្ថែមលើការបញ្ឈប់បុគ្គលិកចំនួន ៩០០០នាក់ ដែល Nissan បានប្រកាសក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ។នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការចរចាររវាង Nissan និងគូប្រជែងដ៏ធំរបស់ខ្លួន Honda បានដួលរលំ បន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើការច្របាច់បញ្ចូលគ្នា តម្លៃរាប់ពាន់លានដុល្លារ។ ផែនការបញ្ចូលគ្នានូវអាជីវកម្មនេះ គឺដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែង ជាពិសេសនៅក្នុងប្រទេសចិន។

ការច្របាច់បញ្ចូលគ្នានេះ នឹងបង្កើតឱ្យមានឧស្សាហកម្មរថយន្តយក្ស តម្លៃ ៦០ពាន់លានដុល្លារ ជាក្រុមហ៊ុនលក់រថយន្តធំជាងគេទីបួន ក្នុងពិភពលោក បន្ទាប់ពី Toyota, Volkswagen និង Hyundai។

បន្ទាប់ពីការចរចារបានបរាជ័យ នាយកប្រតិបត្តិ Makoto Yujida គាត់ត្រូវបានជំនួសដោយ Ivan Espinosa ដែលជានាយកផែនការរបស់ក្រុមហ៊ុន និងជាប្រធានផ្នែកកីឡាម៉ូតូ។

Nissan ក៏បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំ ចំនួន ៦៧០ពាន់លានយ៉េន ឬប្រហែល 4.5 ពាន់លានដុល្លារ។ គោលនយោបាយពន្ធ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានដាក់សម្ពាធបន្ថែមលើក្រុមហ៊ុនដែលកំពុងជួបការលំបាក។ លោក Espinosa បាននិយាយថា ឆ្នាំសារពើពន្ធមុន គឺជា “ការប្រ ឈមខ្លាំង” ជាមួយនឹងការចំណាយខ្ពស់ជាងមុន និងបរិយាកាសមិនច្បាស់លាស់ ដែលផលវិបាកបស់វាដើរតួជា “ការព្រមាន” ៕