ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែនិងចម្ការ មួយចំនួន រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាំគ្នាសម្រុកចូលព្រៃ ដើម្បីរុករកផ្សិតប៉ក់ ដែលមានតម្លៃថ្លៃ យកទៅលក់ឱ្យឈ្មួញ ខណៈផ្សិតប្រភេទនេះ មានតម្រូវការខ្ពស់នៅទីផ្សារប្រទេសថៃ។

ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវ អ្នកភូមិតែងតែនាំគ្នាទៅរកផ្សិតប៉ក់ នៅតាមព្រៃសហគមន៍ បន្ទាប់ពីទំនេរការធ្វើស្រែចម្ការ ដើម្បីរកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ផ្សិតប៉ក់ អ្នកភូមិអាចលក់បានតម្លៃថ្លៃ រហូតដល់ ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម នៅដើមរដូវដំបូង ប៉ុន្តែតម្លៃនេះនឹងធ្លាក់ចុះវិញ អាស្រ័យទៅតាមរដូវកាល និងអាកាសធាតុ។ ដោយសារតម្លៃថ្លៃគួរសមនេះហើយ ទើបអ្នកភូមិ នាំគ្នាសម្រុកចេញទៅរក តាមព្រៃសហគមន៍ នៅក្បែរមូលដ្ឋានរបស់ខ្លួន ស្ទើរស្ងាត់ភូមិ។

អ្នកស្រី ប៊ួ នឿន អាយុ៤៨ឆ្នាំ ជាជនជាតិដើមភាគតិច ព្នង មានលំនៅ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា បានរៀបរាប់ថា សព្វថ្ងៃ គាត់មានមុខរបរជាកសិករ ធ្វើស្រែចម្ការ ហើយទំនេរពីការងារ គាត់តែងតែដើររកនៅតាមព្រៃសហគមន៍ ដូចជា អនុផលរុក្ខជាតិផ្សេងៗ ដែលអាចយកទៅលក់ឱ្យឈ្មួញ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

អ្នកស្រីបន្តថា ឱ្យតែដល់ចុងខែមេសា បន្ទាប់ពីភ្លៀងជោកជាំដី ក្រុមគ្រួសារគាត់តែងតែដើររុករករុក្ខជាតិមួយប្រភេទ ហៅថាផ្សិតប៉ក់ ដែលវាមានតម្លៃថ្លៃ រហូតដល់ ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែនៅក្នុងឆ្នាំនេះ អាកាសធាតុប្រែប្រួល ប្រភេទផ្សិតប៉ក់ ដុះរាងយឺត ជាងរាល់ឆ្នាំបន្តិច គឺចូលខែឧសភា សប្តាហ៍ទីមួយ ទើបផ្សិតចាប់ផ្តើមដុះបណ្តើរៗ។
តាមការអះអាងរបស់អ្នកស្រី ប៊ួ នឿន គាត់អាចរកបានក្នុងមួយថ្ងៃ ៣ទៅ៤គីឡូក្រាម ហើយបើធៀបនឹងឆ្នាំមុន អាចរកបានរហូតទៅដល់ជាង ១០គីឡូ ទៅ២០គីឡូក្រាម។

អ្នករកផ្សិតរូបនេះ បានបញ្ជាក់ថា តម្លៃនៅក្នុងឆ្នាំនេះ គឺមិនសូវជាបានតម្លៃថ្លៃខ្លាំងដូចឆ្នាំមុនទេ គឺឈ្មួញឱ្យក្នុងមួយគីឡូក្រាម ចន្លោះពី ៤ទៅក្បែរ៥ម៉ឺនរៀល បើធៀបនឹងឆ្នាំមុនៗ តម្លៃឆ្នាំនេះធ្លាក់ចុះបន្តិច។ ការដើររកផ្សិតប្រភេទកម្រនេះ មិនមែនមានតែក្រុមគ្រួសារ របស់គាត់ទេ គឺមានបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ចេញទៅរកផ្សិតមួយប្រភេទនេះ ទាំងចាស់ទាំងក្មេង ស្ទើរស្ងាត់ភូមិ។
អ្នកស្រី ប៊ួ នឿន បានបញ្ជាក់ថា ផ្សិតនេះ មានអាយុកាលខ្លីប៉ុណ្ណោះ បើសិនជាយើងបេះមិនទាន់ទេ វានឹងចាស់ហើយទុំ ពេលនោះឈ្មួញមិនទទួលទិញនោះទេ។
ស្របពេលដែលប្រជាពលរដ្ឋរស់នៅភូមិខាងលើ នាំគ្នាសម្រុកចេញរុករកផ្សិត ដែលមានតម្លៃថ្លៃនេះ ក៏មានឈ្មួញជាច្រើន បានឈរចាំនៅតាមដងផ្លូវ ដើម្បីរង់ចាំទទួលទិញផ្សិតប៉ក់ ពីបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនហូរហែផងដែរ។

លោកសុខលី ដែលចាំទទួលទិញផ្សិតប៉ក់ ពីបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ បានឱ្យដឹងថា គាត់តែងតែទទួលទិញផ្សិតប៉ក់ ពីបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅក្នុងតំបន់នេះ រួចហើយខ្ចប់ឱ្យមានរបៀបរៀបរយ ដឹកតាមរថយន្ត យកទៅលក់បន្តឱ្យឈ្មួញថៃ តាមច្រកអានសេះ ខេត្តព្រះវិហារ។
លោកបន្តថា ពាក់ព័ន្ធនឹងហាងឆេងទីផ្សារផ្សិតប៉ក់ មានការឡើងចុះជាប្រចាំ ដែលហាងឆេងនេះមិនមែនលោកជាអ្នកទម្លាក់នោះទេ គឺភាគីខាងថៃ ដែលតម្រូវទិញតាមអាកាសធាតុ ពោលគឺបើមានភ្លៀងធ្លាក់ជោកជាំ គេរាងទម្លាក់តម្លៃបន្តិច ប៉ុន្តែបើថ្ងៃខ្លះ រាំងភ្លៀង ចន្លោះមួយថ្ងៃ ទៅរពីថ្ងៃវិញ តម្លៃនឹងឡើងវិញបន្តិច។
បើតាមឈ្មួញខាងលើ តម្លៃផ្សិតប៉ក់ ពីម្សិលមិញ មួយគីឡូក្រាម ៤៣០០០រៀល ប៉ុន្តែថ្ងៃនេះ ហាងឆេងមានការធ្លាក់ចុះ គឺលោកទិញត្រឹមតែក្នុងមួយគីឡូក្រាម ៣៥០០០រៀលប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី សម្បូរទៅដោយធនធានធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិយ៉ាងច្រើនសម្បូរបែបនៅតាមព្រៃ ធនធានធម្មជាតិ ពិសេសនៅព្រៃសហគមន៍ ក្បែរមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះបញ្ជាក់ឱ្យឃើញពីប្រយោជន៍នៃព្រៃឈើ ពោលគឺដើមឈើនៅឈរ មិនមានកាំបិតកាប់បំផ្លាញពីសំណាក់ជនទុច្ចរិត វានឹងអាចហុចផលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជារៀងរហូត៕